កាកបាទក្រហមកម្ពុជា ពីភាពចាំបាច់នៃសុខភាពរបស់ស្រ្តីមានផ្ទៃពោះ ដល់និស្សិតឆ្មប
ភ្នំពេញ៖ ដោយមានការសហការជាមួយនឹងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីអប់រំផ្សព្វផ្សាយមួយស្តីពី «ភាពចាំបាច់នៃការពិនិត្យផ្ទៃពោះនិងការសម្រាលកូននៅមូលដ្ឋានសុខាភិបាល» ដល់និស្សិតឆ្មបនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលប្រមាណ ២០០នាក់។
យោងតាមកាកបាទក្រហមកម្ពុជា ការរៀបចំពិធីនេះឡើងដើម្បីចូលរួមអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៣នេះ។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានអនុញ្ញាតឱ្យនិស្សិតឆ្មប បានចូលរួមវគ្គអប់រំផ្សព្វផ្សាយនេះ។
សូមរំឮកថា អង្គការសហប្រជាជាតិបានប្រគល់ជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានូវគោរមងារចំនួនពីរ។ក្នុងនោះទី១ ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដោយបានទទួលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០០៦។
ចំណែកគោរមងារទី២ ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដោយបានទទួលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១១។

លោកជំទាវ ម៉ែន នារីសោភ័គ បានថ្លែងថាការសម្រេចចិត្តទទួលយកគោរមងារនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្ត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការទទួលយកនូវភារកិច្ចដ៏ឧត្តុង្គឧត្តមចំពោះការងារឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងសុខភាពមាតា ទារក និងកុមារ ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិកម្ពុជាយើង។
បើតាមលោកជំទាវ ម៉ែន នារីសោភ័គ វឌ្ឍនភាពដ៏ល្អប្រសើរក្នុងការងារសុខភាពមាតា ទារក កុមារ តាមរយៈការអង្កេតប្រជាសាស្ត្រ និងសុខភាព អត្រានៃការសម្រាលកូនដោយឆ្មបជំនាញមានការកើនឡើងពី ៣៤ភាគរយ នៅឆ្នាំ២០០០ ដល់ ៩៩ភាគរយនៅឆ្នាំ២០២១-២២។
កត្តានេះ ដែលធ្វើឱ្យអត្រាមរណភាពមាតាបានថយចុះពី ៤៣៧ករណី នៅឆ្នាំ២០០០ មកនៅ ១៥៤ករណី ក្នុង ១សែនកំណើតរស់ នៅឆ្នាំ២០២១-២២ អត្រាមរណភាពទារកទើបកើតបានថយចុះពី ៣៧ករណី នៅឆ្នាំ២០០០ មកនៅ ៨ករណី ក្នុង ១ពាន់កំណើតរស់ នៅឆ្នាំ២០២១-២២។ អត្រាមរណភាពកុមារអាយុក្រោម ៥ឆ្នាំ បានថយចុះពី ១២៤ករណី នៅឆ្នាំ២០០០ ដល់ ១៦ករណី ក្នុង ១ពាន់កំណើតរស់ នៅឆ្នាំ២០២១-២២។
ទាក់ទងនឹងអត្រានេះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ ជួយ និងបន្តជួយវិនិយោគគាំទ្រដល់ការងារឆ្មបថែមទៀត ដើម្បីសុខភាពប្រជាជនកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានលើកឡើងដូចនេះតាមរយៈសារលិខិតក្នុងឱកាសទិវាឆ្មបជាតិអន្តរជាតិ៥ ឧសភាឆ្នាំ២០២៣ដែលកម្ពុជានិងពិភពលោកនឹងរួមគ្នាប្រារព្ធទិវាឆ្មបជាតិ-អន្តរជាតិ ក្រោមប្រធានបទ «រួមគ្នាជាថ្មី៖ ពីភ័ស្តុតាងជាក់លាក់ទៅការអនុវត្តពិតប្រាកដ»។យើងមិនត្រូវស្កប់ស្កល់នឹងវឌ្ឍនភាពនេះឡើយ ដូចនេះហើយខ្ញុំសូមអំពាវនាវចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្តល់សេវាទាំងអស់ សូមចូលរួមគាំទ្រការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅសម្រេចបាន គោលដៅរបស់រាជរដ្ឋាភិបាលតាមការកំណត់៕ ដោយ៖នាង សុគន្ធា