កម្ពុជា-អូស្រា្តលី ​ឯកភាពគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគម្រោងនគរបាលសហគមន៍

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃប្រទេសកម្ពុជា-អូស្រា្តលី បានឯកភាពគ្នាបន្តខិតខំលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគម្រោងនគរបាលសហគមន៍ឱ្យកាន់តែទទួលបានលទ្ធផលវិជ្ជមានច្រើនឡើងថែមទៀតបន្ទាប់ពីគម្រោង​នេះដែលត្រូវបានអនុវត្តកន្លងមកបានរួមចំណែកធ្វើឱ្យសហគមន៍កាន់តែទទួលបានសុខសុវត្ថិភាព។

ការឯកភាពនេះ ធ្វើឡើងនៅក្នុងឱកាស ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម  ស ខេង បានអនុញ្ញាតជូនលោកចាស្ទីន ខេវីន(Justin Kevin) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ទើបតែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព កាលពីថ្ងៃទី​០៣ ខែឧសភា ឆ្នាំ ២០២៣។នេះបើតាមគណនីហ្វេសប៊ុករបស់សម្ដេចក្រឡាហោម ស ខេង។

នាឱកាសនោះសម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនអំពីប្រវត្តិទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលជាង៧០ឆ្នាំ បើទោះបីជាត្រូវបានកាត់ផ្ដាច់ក្នុងចន្លោះពេលខ្លះដោយសារស្ថានភាពនយោបាយនៅកម្ពុជាក៏ដោយ ប៉ុន្តែភាគីទាំងពីរបានបន្តរក្សានូវទំនាក់ទំនងនេះយ៉ាងល្អប្រសើរ។
សម្ដេចក៏បានបង្ហាញការសង្ឃឹមជឿជាក់ថា តាមរយៈបេសកកម្មការទូតរបស់លោក Justin Kevin នៅកម្ពុជា នឹងរួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែខ្លាំងក្លាថែម
ទៀត។

ចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរវិញសម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនថា ក្រសួងមហាផ្ទៃ មានកិច្ចសហប្រតិបត្តិការ និងទទួលការជួយគាំទ្រពីខាងភាគីអូស្ត្រាលីផងដែរ ពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការងារគណនេយ្យភាពសង្គម  ជាពិសេសនោះ គម្រោងនគរបាលសហគមន៍ ដែលជាគម្រោងមួយល្អ និងទទួលបានការគាំទ្រពីខាងភាគីអូស្ត្រាលី។ សម្ដេចថា៖« គម្រោងនគរបាលសហគមន៍បានរួមចំណែកធ្វើឱ្យសហគមន៍កាន់តែទទួលបានសុខសុវត្ថិភាព ការងារនេះ បានជួយបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពកងកម្លាំងអនុវត្តច្បាប់»។

ក្នុងឱកាសនោះដែរសម្ដេចក្រឡាហោម ស ខេង ស្នើភាគីអូស្រ្តាលី បន្តជំរុញ និងលើកទឹកចិត្តដល់ភាគីទាំងពីរបន្ត អនុវត្តនូវការងារផ្សេងៗទៀតដែលក្រសួងមហាផ្ទៃ មានជាមួយនគរបាលសហព័ន្ធអូស្ត្រាលី តាមរយៈការចុះអនុស្សរណៈននៃការយោគយល់(MoU) ជាមួយគ្នាកន្លងមកទទួលបានលទ្ធផលល្អប្រសើរថែមទៀត។

ប្រភពដដែលខាងលើ បានឱ្យដឹងថា ជាការឆ្លើយតបលោក Justin Kevin បានឯកភាពចំពោះការវាយតម្លៃរបស់សម្ដេចក្រឡាហោម ស ខេង ទៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាក្នុងកម្រិតតំបន់ ហើយលោកនឹង បន្តខិតខំស្វែងរកឱកាសពង្រីកទំនាក់ទំនងទ្វេភាគី ពហុភាគីជាមួយកម្ពុជា ដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលជាក្ដីបារម្ភ និងកង្វល់រួមរបស់ភាគីទាំងពីរ។ លោក Justin Kevin ថា៖« អូស្ត្រាលី មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងក្រសួងមហាផ្ទៃ ក៏ដូចជាជាមួយនគរបាលកម្ពុជា ទាំងក្នុងក្របខណ្ឌនៃការរៀបចំគោលនយោបាយ ក៏ដូចជាក្នុងប្រតិបត្តិការការងារផ្ទាល់ផងដែរ»។

ជាមួយគ្នានោះលោក សម្ដែងនូវសេចក្ដីរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមកដ៏ល្អរវាងក្រុមការងារនៃនគរបាលសហព័ន្ធអូស្ត្រាលីជាមួយនឹងនគរបាលកម្ពុជាលើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងការងារប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់។

លោកបន្ថែមថា៖«ភាគីអូស្ត្រាលីនឹងបន្តខិតខំជំរុញលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើការងារទាំងនេះឱ្យកាន់តែទទួលបានលទ្ធផលវិជ្ជមានច្រើនឡើងថែមទៀត»។

ប្រភពដដែល ឱ្យដឹងទៀតថា ក្នុងជំនួបនោះដែរ ថ្នាក់ដឹកនាំភាគីទាំងពីរ ក៏បានជជែកពិភាក្សាផ្លាស់ប្តូរយោបល់លើកិច្ចការមួយចំនួន រួមមានការចូលរួមរបស់អង្គការសង្គមស៊ីវិលក្នុងដំណើរការអភិវឌ្ឍសង្គមជាតិ និងអំពីស្ថានភាពនយោបាយនៅកម្ពុជា ពិសេសក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជាតិនាខែ
កក្កដាខាងមុខ និងកិច្ចសហប្រតិបត្តិការនៅក្នុងការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន៕

ដោយ៖សុខ រក្សា

ads banner