ប្រជាពលរដ្ឋចំនួន ១៦ភូមិក្នុងខេត្តរតនគិរី និងមណ្ឌលគិរី បានព្រមព្រៀងដើម្បីចាប់ផ្តើមគម្រោងរេដបូកដែ​នជម្រកសត្វព្រៃលំផាត់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​ រយៈពេលបួនខែ ប្រជាពលរដ្ឋចំនួន ១៦ ភូមិក្នុងខេត្តរតនគិរី និងមណ្ឌលគិរី បានព្រមព្រៀងដើម្បីចាប់ផ្តើមគ​ម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ ក្រោយពីអង្គការជីវិតធម្មជាតិនៅកម្ពុជាសហការជាមួយគ​ម្រោ​ង USAID-មរតកបៃតង និងអាជ្ញាធរពាក់ព័ន្ធ ​​ផ្សព្វផ្សាយពីគម្រោងរេដបូកដល់ពួកគាត់​។

​យោងតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា កាលពី​ថ្ងៃទី២ ខែឧសភា​ ឆ្នាំ​២០២៣​ បានឱ្យដឹងថា ចាប់តាំងពីខែ​មករា ដល់បំណាច់ខែមេសា ឆ្នាំ២០២៣​ ​​ក្រោមជំនួយថវិកាពីអង្គការជីវិតសត្វស្លាបអន្តរជាតិ និងគ​ម្រោ​ង USAID-មរតកបៃតង អង្គការ​នេះ​បាន​រៀបចំការពិគ្រោះយោបល់ ផ្សព្វផ្សាយគម្រោង និងស្នើសុំ​ការព្រមព្រៀងពីប្រជាពលរដ្ឋទាំង ១៦ភូមិ ដែលជាភូមិគោលដៅនៃគម្រោង។

អង្គការជីវិតធម្មជាតិនៅកម្ពុជាបន្តថា ដំណើរការពិគ្រោះយោបល់ ការផ្សព្វផ្សាយ និងស្នើសុំការព្រមព្រៀងនេះ អនុវត្តទៅបានក៏ដោយរលូនដោយសារមានការគាំទ្រ និងសហការពីក្រសួងបរិស្ថាន មន្ទីរបរិស្ថាន អា​ជ្ញា​ធរមូលដ្ឋានពីថ្នាក់ខេត្ត ដល់ភូមិ និងប្រជាពលរដ្ឋទាំង ១៦ភូមិ ក្នុងខេត្តទាំងពីរ គឺ​​ខេត្តរតនគិរី និងខេត្ត​មណ្ឌលគិរី។ ដំណើរការនេះត្រូវបានរៀបចំជា ការជួបប្រជុំក្រុមធំ ក្រុមតូច និងចុះផ្សព្វផ្សាយតាមផ្ទះ។

អង្គការជីវិតធម្មជាតិនៅកម្ពុជាបញ្ជាក់ថា ៖ «ជាលទ្ធផលក្នុងរយៈពេលបួនខែនេះ ​បាន​ផ្សព្វផ្សាយ​ពីការប្រែប្រួលអាកាសធាតុ កម្មវិធីរេដបូក និងគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ដល់ប្រជាពលរដ្ឋសរុបចំនួ​ន ២,៥៣៥នាក់​ ដែល​ក្នុងនោះមានអ្នកភូមិ​ចំនួន ១,៣៤២នាក់ ​រួមទាំងជនជាតិដើមភាគតិច ដែលតំ​ណា​ងឲ្យប្រជាជន​ក្នុងភូមិចំនួនប្រាំបួន បានផ្តល់ការយល់ព្រមជាមុនដោយគ្មានការបង្វិតបង្ខំ បន្ទាប់ពីទទួលបា​នព័ត៌មានគ្រប់គ្រាន់ពីគម្រោង ​តាមរយៈការផ្តិតមេដៃ»។

ចំណែកចំនួនប្រាំពីរភូមិទៀតបានព្រមព្រៀងដើម្បីចាប់ផ្តើមគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ ដោយតាមរយៈការកិច្ចប្រជុំលើកដៃ។

​លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានប្រាប់​ឱ្យដឹងនៅថ្ងៃទី៣ ខែឧសភាថា គម្រោងឥណទានកាបូនក្នុងដែនជម្រកសត្វព្រៃលំផាត់នេះ ​​ជាគំនិតផ្ដួចផ្ដើមថ្មីដែលគាំទ្រដោយរាជរដ្ឋាភិបាល ​ពិ​សេសក្រសួងបរិស្ថាន ដែលជាអ្នកគ្រប់គ្រងព្រៃឈើ និងសត្វព្រៃឲ្យមាននិរន្តរភាព។

​លោកបន្តថា មុននឹងទទួលបានលទ្ធផលពីការយល់ព្រមពីប្រជាពលរដ្ឋទាំង ១៦ភូមិនេះ គឺភាគីពាក់ព័ន្ធបា​នសហការគ្នា ដើម្បីធ្វើការផ្សព្វផ្សាយនូវ​គម្រោងរេដបូកឲ្យកាន់ទូលំទូលាយទៅកាន់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់យល់កាន់តែច្បាស់​ពីសារៈប្រយោជន៍នៃគម្រោងឥណទានកាបូននេះ​។

​​ដើម្បីអនុវត្តគម្រោងរេដបូកនេះបាន ​គឺ​ត្រូវការយល់ស្របពីប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន​ដោ​យ​សារ​ការចូលរួម និងការធ្វើសេចក្ដីសម្រេចចិត្ត តាមរយៈការព្រមព្រៀងដោយសេរី មុនការអនុវត្តគម្រោង និងដោយទទួលបានព័ត៌មានគ្រប់គ្រាន់ពីគម្រោងនេះ គឺមានភាពចាំបាច់សម្រាប់ប្រជាពលរដ្ឋ ដើម្បីអាចបញ្ជៀសនូវផលប៉ះពាល់ដែលអាចកើតមានពីគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់។​

លោក ប៊ូ វរសក្ស លើកឡើងថា ៖ «ចំពោះការព្រមព្រៀងនេះ ភាគីពាក់ព័ន្ធនឹងធ្វើការបន្តទៀតជាមួយប្រ​ជា​​ពលរដ្ឋដែលមិនទាន់ព្រមព្រៀង ​ព្រោះដើម្បីឲ្យឈានដល់ការកំណត់ទំហំកាបូន និងអាចយកកាបូនទៅផ្គ​ត់ផ្គង់នៅលើទីផ្សារបានក្នុងគម្រោងឥណទានកាបូននេះ»។

លោក​បញ្ជាក់ទៀតថា ៖ «អ៊ីចឹងថវិកាដែលយើងយកបានពីការលក់ឥណទានកាបូននេះ គឺយើងគិតថាយ៉ា​ងតិចក៏៧៥ភាគរយផងដែរ ដែលបម្រើឲ្យការងារអភិរក្ស និងការពារព្រៃឈើ ក៏ដូចជាបង្កើនជីវភាពសហគមន៍នៅក្នុងមូលដ្ឋាន ហើយ​​តាមរយៈទាំងអស់នេះ ​គឺជាយន្តការមួយដែលអាចធ្វើឲ្យយើងទប់ស្កាត់ការបាត់បង់ព្រៃ​ឈើ និងការពារសត្វព្រៃបាន ដែលនេះគឺជាអ្វីដែលយើងរំពឹងទុក ដូចនៅខាងដែនជម្រកកែវសីមា​ដែរ»។​

សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់នៃតំបន់ខ្ពង់រាបភាគបូព៌ា ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យក្នុងឆ្នាំ ១៩៩៣ គ្របដណ្តប់លើផ្ទៃដីសរុបចំនួន ២៥ម៉ឺនហិកតា ក្នុងនោះប្រហែល ៨០ភាគរយស្ថិតនៅក្នុងខេត្តរតនគិរី និងចំនួន២០ភាគរយទៀតនៅក្នុងខេត្តមណ្ឌលគិរី។ ​ដែនជម្រកសត្វព្រៃលំផាត់ ក៏ជាទីតាំងដ៏​សំខាន់មួយសម្រាប់ការអភិរក្សសត្វព្រៃ និងធនធានជីវៈចម្រុះ ជាពិសេសប្រភេទសត្វស្លាបកម្រ និងជិតផុ​តពូជនៅលើពិភពលោក៕

ដោយ៖ជា សុខនី

ads banner