រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥០ម៉ឺននាក់ពីព្រឹត្តការណ៍ស៊ីហ្គេម
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញសុទិដ្ឋិនិយមថា ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២របស់កម្ពុជា ពិតជាអាចផ្សព្វផ្សាយ និងជំរុញកំណើនភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តនៅកម្ពុជា។ឯកឧត្តមរំពឹងថា នឹងទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥០ម៉ឺននាក់ និងទាក់ទាញភ្ញៀវទេសចរបរទេសសរុបបានជាងបួនលាននាក់នៅឆ្នាំនេះបន្ទាប់ពីទទួលបានប្រមាណ១,២លាននាក់នៅត្រីមាសទី១ឆ្នាំ២០២៣នេះ។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម កាលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ។ ក្នុងនាមជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម(CAMSOC) ឯកឧត្តម ថោង ខុន បានបន្តថា អ្វីដែលជាការរំពឹង និងជាក្ដីសង្ឃឹមរបស់កម្ពុជានឹងទទួលបានភ្ញៀវទេសចរច្រើនដូចកាលមុនពេលកូវីដ១៩ ដោយ ឥទ្ធិពលនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងកីឡាប៉ារ៉ាហ្គេម នឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ រហូតដល់ឆ្នាំ២០២៤ ២០២៥ និងឆ្នាំ២០២៦ ជាបន្តបន្ទាប់ទៀត។
ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ៖ «យើងបានចាត់ទុកព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាសមិទ្ធផលទេសចរណ៍ដ៏សំខាន់ក្នុងការផ្សព្វផ្សាយ និងស្រូបទាញភ្ញៀវទេសចរបរទេសឲ្យចាប់អារម្មណ៍ និងមកកម្សាន្តនៅកម្ពុជា។ តាមរយៈព្រឹត្តិការណ៍នេះកម្ពុជានឹងអាចស្រូបទាញភ្ញៀវទេសចរបរទេសបានចំនួន៥០ម៉ឺននាក់ និងរំពឹងជួយជំរុញភ្ញៀវទេសចរបរទេសឲ្យកមកម្សាន្តនៅកម្ពុជាលើសបួនលាននាក់នៅដំណាច់ឆ្នាំ២០២៣ នេះ»។
តាមរយៈកំណើនភ្ញៀវទេសចរបរទេសនៅត្រីមាសទី១ បានជំរុញឱ្យឯកឧត្តមរដ្ឋមន្រ្តីវាយតម្លៃថា វិស័យទេសចរណ៍កម្ពុជានឹងអាចវិលមករកប្រក្រតីភាពឡើងវិញដូចពេលមិនទាន់មានការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នៅត្រឹមឆ្នាំ២០២៥ ខាងមុខនេះ។ឯកឧត្តមបញ្ជាក់ថា ការហ៊ានវាយតម្លៃបែបនេះ ធ្វើឡើងក្រោយការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នៅកម្ពុជា និងលើសកលលោកមានភាពធូរស្បើយ គួបផ្សំនឹងការបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យរបស់បណ្តាប្រទេសមានសេដ្ឋកិច្ចធំៗ ជាពិសេសប្រទេសចិន ដែលជាទីផ្សារទេសចរណ៍ដ៏ធំរបស់កម្ពុជា។
ដោយឡែកចំណាយលើការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមកញ្ចប់ថវិកាជិត១២០លានដុល្លារដើម្បីចំណាយលើការធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រមួយនេះ ហើយថវិកាដែលគ្រោងចំណាយលើការរៀបចំព្រឹត្តិការណ៍កីឡាទាំងនេះ គឺជាថវិកាសន្សំរបស់រាជរដ្ឋាភិបាល ដែលបានសន្សំអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
ការសម្រេចទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមវាជាប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជាក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ ប៉ុន្ដែ អ្វីដែលពិភពលោកកំពុងចោលក្រសែភ្នែកមកលើកម្ពុជា គឺសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចទទួលខុសត្រូវលើការចំណាយលើថ្លៃហូបចុក និងស្នាក់នៅទាំងស្រុងរបស់ប្រតិភូកីឡាទាំងអស់ ដែលមកចូលរួមព្រឹត្តិ្កការណ៍នេះ ដែលពុំធ្លាប់មានប្រទេសណាធ្វើដូចនេះពីមុនមកនោះទេ។
ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលបែបនេះ លោក ធួន ស៊ីណាន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន IMCT ខូអិលធីឌី និងជាប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) បានសាទរ និងយល់ឃើញថា វាជាវិធីសាស្រ្តដ៏ល្អបំផុត ក្នុងការផ្សព្វផ្សាយពីកម្ពុជាទៅពិភពលោក ថាកម្ពុជា ជានរណា?។
លោកបានប្រាប់នៅថ្ងៃទី៣ ខែឧសភា ថា ៖ «ស៊ីហ្គេមវាពិតជារួមចំណែកធំខ្លាំងណាស់ ក្នុងការផ្សព្វផ្សាយកិត្យានុភាពរបស់កម្ពុជា ទៅកាន់ទីផ្សារពិភពលោក បើសិនជាព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន និងទទួលបានភាពជោគជ័យ។អ្វីដែលសំខាន់ កម្ពុជាបានកិច្ចការដ៏អស្ចារ្យមួយបន្ទាប់ពីរង់ចាំអស់រយៈពេល៦៤ឆ្នាំ។យើងបានបំបែកឯកទគ្គកម្ម ដោយស៊ីហ្គេមលើកនេះ ខុសពីស៊ីហ្គេម ដែលធ្លាប់ធ្វើនៅប្រទេសមុនៗ ខណៈដែលសារព័ត៌មានអន្តរជាតិធំៗបានផ្សព្វផ្សាយយ៉ាងទូលំទូលាយពីកម្ពុជា នៅកំឡុងពេលនេះ»។
បើតាមការគូសបញ្ជាក់ពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានប្រតិភូកីឡាអន្តរជាតិសរុបប្រមាណ ១២.០០០នាក់ចូលរួម ខណៈមកទល់ពេលនេះ មានប្រតិភូកីឡាមួយចំនួនបានមកដល់កម្ពុជាហើយ។
ព្រឹត្តិការណ៍ដែលធ្វើឡើងរៀងរាល់ពីរឆ្នាំម្តងនេះ កម្ពុជាបានដាក់កីឡាចំនួន៣៧ប្រភេទ និងជាង៥០០វិញ្ញាសាឱ្យចូលរួមប្រកួតប្រជែង ហើយមកទល់ពេលនេះមានកីឡាមួយចំនួនដូចជាបាល់ទាត់ និងអុកចត្រង្គបានចាប់ផ្តើមប្រកួតជម្រុះតាមពូលបណ្តើរៗហើយ ខណៈដែលព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕
ដោយ៖វណ្ណ សុជាតា