កម្ពុជាជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ នៅលើទីផ្សារជប៉ុនក្នុងពិព័រណ៍កម្ពុជានៅប្រទេសជប៉ុន

ភ្នំពេញ៖​ ក្រសួងទេសចរណ៍កម្ពុជា សហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងស្ថា​ន​តំណាងក្រសួងទេសចរណ៍ប្រចាំនៅប្រទេសជប៉ុន ជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ក​ម្ពុជានៅលើទីផ្សារជប៉ុន ក្នុងពិព័រណ៍កម្ពុជា Cambodia Festival 2023 នៅទីក្រុងតូក្យូ ប្រ​ទេសជប៉ុន។  

ក្រសួងទេសចរណ៍នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ បាន​ឱ្យដឹងថា​ ​ក្រសួងបានដឹកនាំក្រុមសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងផ្នែកឯកជនចូលរួមកម្មវិធីពិព័រណ៍កម្ពុជា Cambodia Festival 2023 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ទី៤ ខែឧសភា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីអនុវត្តយុទ្ធសាស្ត្រនៃចក្ខុវិស័យស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេ​សចរណ៍កម្ពុជាឡើងវិញក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី២ (២០២០-២០២៥)។ ​

ក្រសួងទេសចរណ៍​​បន្តថា មួយវិញទៀត ​ពិព័រណ៍នេះ​ក៏​ដើម្បីផ្សព្វផ្សាយយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» និងផ្សព្វផ្សាយគោលដៅទេសចរណ៍ កម្ពុជាជាគោលដៅទេសចរណ៍ផ្តល់ភាពកក់ក្តៅ សុវ​ត្ថិភាព ស្អាត និងបៃតង ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព»ផងដែរ​។​​

​បើតាមក្រសួងទេសចរណ៍កម្មវិធីពិព័រណ៍កម្ពុជាឆ្នាំ២០២៣ មានការតាំងបង្ហាញផលិតផល ម្ហូបអា​ហារ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍របស់ខ្មែរ និងការបង្ហាញផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ ប្រពៃ​ណី តាមរយៈការសម្តែងសិល្បៈជូនភ្ញៀវទស្សនាកម្សាន្ត ដោយមានស្តង់សរុបប្រមាណ១០០ស្តង់។

ក្រសួងទេសចរណ៍បញ្ជាក់ថា ៖ «ឆ្នាំនេះផងដែរ ពិព័រណ៍កម្ពុជារំពឹងថានឹងមានអ្នកចូលរួមទស្សនាពីសំណាក់ភ្ញៀវបរទេស និងជនជាតិខ្មែរប្រមាណជា៥ម៉ឺននាក់»​។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក លោក ធួន ស៊ីណា ប្រាប់ឱ្យដឹងនៅថ្ងៃទី៣ ខែឧសភាថា ការផ្សព្វផ្សាយពី​សក្តានុពលទេសចរណ៍កម្ពុជា ក្នុងកម្រិតណាមួយក៏ដោយ សុទ្ធសឹងតែមានសា​រៈសំខាន់សម្រាប់វិស័យទេសចរណ៍របស់កម្ពុជា។ ទោះជាយ៉ាងណា ក៏កុំរំ​ពឹងខ្ពស់ពេកក្នុងការទា​ក់ទាញទេសចរឱ្យមកកម្សាន្តនៅក្នុងប្រទេសច្រនដែរ។​

លោកពន្យល់ថា ៖ «រាល់ព្រឹត្តិការណ៍ដែលរៀបចំនេះ គឺ​​មានសារៈសំខាន់ណាស់ ដើម្បីប្រាប់ឱ្យគេស្គា​​ល់ពីសក្តានុពលរបស់កម្ពុជាក្នុងកម្រិតណាមួយ ក្រោយពីបត្តិជំងឹកូវីដ១៩»។

យ៉ាងណានេះក្តី  លោក ធួន ស៊ីណា មើលឃើញថា ទេសចរជប៉ុនរហូតមកទល់ពេលនេះ មិនទា​ន់មានសន្ទុះនៅឡើយទេចាប់តាំងពីឆ្នាំ ២០១៧  ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាង។

 ​យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បង្ហាញថា ប្រទេសជប៉ុនជាទីផ្សារគោលដៅសំ​ខា​ន់សម្រាប់កម្ពុជា បើយោងតាមស្ថិតិទេសចរណ៍ប្រចាំឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរចំនួន២, ២៧៦, ៦២៦ នាក់ កើនឡើង១០៥៨.៦ភាគរយ ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះទេសចរជប៉ុនមានចំនួន ២៩, ៧៣៣ នាក់ មានការកើនឡើង ១៣៧៨.៥ភាគរយ បើធៀបនឹងឆ្នាំ២០២១។​

របាយការណ៍​បន្តថា ដោយឡែកត្រឹមរយៈពេលពីរខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរជ​ប៉ុ​ន ១១,៤៦៥នាក់ មានការកើនឡើង ១១៧៦.៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ នេះ​សបញ្ជាក់ថា ស្ថានភាពទេសចរណ៍កម្ពុជាកំពុងវិលទៅរកសភាពល្អប្រសើរឡើងវិញ ដោយកម្ពុជារំពឹងថានឹងទទួលបានទេសចរជប៉ុនប្រមាណប្រាំពីរម៉ឺននាក់ សម្រាប់ឆ្នាំ២០២៣៕

ដោយ៖គឹម យុត្ថារ៉ូ

ads banner