រុស្ស៊ី៖ អ៊ុយក្រែនប្រើដ្រូនវាយប្រហារទីក្រុងក្រឹមឡាំង ប៉ុនប៉ងសម្លាប់លោកពូទីន ប៉ុន្តែបរាជ័យ

មូស្គូ៖ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថាបានធ្វើការវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើក ឬហៅថាដ្រូន នៅពេលយប់រំលងអធ្រាត នៅវិមានក្រឹមឡាំង (Kremlin) ប៉ុនប៉ងសម្លាប់លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប៉ុន្តែត្រូវបានបរាជ័យ។

ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានបដិសេធការចោទប្រកាន់នេះថា ប្រទេសរបស់លោកមិនបានវាយប្រហារទីក្រុងមូស្គូ ឬប្រធានាធិបតីរុស្ស៊ីនោះទេ។  គួរដឹងដែរថា ការចោទប្រកាន់របស់រុស្ស៊ីនេះគឺជាលើកទីមួយហើយ ចាប់តាំងពីបានឈ្លានពានទឹកដីអ៊ុយក្រែនកាលពី ១៤ ខែមុន។

វិមានក្រឹមឡាំងបានឱ្យដឹងថា អ៊ុយក្រែនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកចំនួនពីរគ្រឿង ដោយបានបើកទៅបុកនឹងអគារទីតាំងដែលលោក ពូទីន រស់នៅ​ ប៉ុន្តែដ្រូនទាំងពីរនោះក៏បានរលត់ម៉ាស៊ីនភ្លាមៗដោយសារតែមានប្រព័ន្ធការពារគ្រឿងអេឡិចត្រូនិក។ មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីក៏បានលើកឡើងផងដែរថា ខ្លួនសូមរក្សាសិទ្ធិក្នុងការធ្វើការសងសឹកវិញ។ ការលើកឡើងបែបនេះ ត្រូវបានគេយល់ឃើញថា ទីក្រុងម៉ូស្គូអាចនឹងយកហេតុការណ៍នេះជាលេស ដើម្បីយកទៅបកស្រាយថាសកម្មភាពរបស់ខ្លួនដែលកំពុងធ្វើនៅលើទឹកដីអ៊ុយក្រែនគឺជារឿងត្រឹមត្រូវ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ វិមានក្រឹមឡាំងបានបញ្ជាក់ថា «​យន្ត​ហោះ​គ្មាន​មនុស្ស​បើកចំនួន​ពីរ​គ្រឿង បានហោះ​សំដៅ​ទៅ​កាន់​វិមាន​ក្រឹមឡាំង ប៉ុន្តែដោយសារតែភាពសកម្មរបស់កងកម្លាំងយោធា និងបានទាន់ពេលវេលា ការប៉ុនប៉ងនេះត្រូវបានបរាជ័យ។ វិមានក្រឹមឡាំងមានប្រើប្រាស់ប្រព័ន្ធរ៉ាដាចាប់យកសញ្ញាសង្គ្រាម ហើយកំណត់បាននូវសញ្ញារបស់ដ្រូនទាំងពីរនោះ បន្ទាប់មកក៏បានបញ្ឈប់សកម្មភាពដ្រូននោះភ្លាមៗ»។

សេចក្ដីថ្លែងការណ៍នោះបានបន្តថា «យើងចាត់ទុកទង្វើរបស់អ៊ុយក្រែននេះថាជាអំពើភេរវកម្មគ្រោងទុកមុន និងជាការប៉ុនប៉ងសម្លាប់អាយុជីវិតរបស់ប្រធានាធិបតី នៅមុនទិវាជ័យជំនេះឈានមកដល់នៅថ្ងៃទី៩ ខែឧសភា ខាងមុខនេះ។ ហើយក្នុងនោះទៀតសោត នឹងមានការដង្ហែក្បួនអបអរ ដោយមានភ្ញៀវមកពីប្រទេសផ្សេងចូលរួមទៀតផង»។ សេចក្ដីថ្លែងការណ៍នោះបានបន្ថែមថា «ភាគីរុស្ស៊ីនឹងរក្សាសិទ្ធិក្នុងការប្រើប្រាស់មធ្យោបាយណាមួយដើម្បីធ្វើការសងសឹកវិញ ក្នុងពេលសមស្របណាមួយនាពេលខាងមុខនេះ»។

ឆេនណែលតេឡេក្រាម (Telegram channel) មួយឈ្មោះថាបាហ្សា (Baza) ដែលជាប៉ុស្ដិ៍មួយដែលមានទំនាក់ទំនងជាមួយភ្នាក់ងារអនុវត្តច្បាប់រុស្ស៊ី បានបង្ហោះវីដេអូដែលបង្ហាញអំពីយានហោះមួយកំពុងហោះសំដៅទៅកាន់អគារព្រឹទ្ធសភាវិមានក្រឹមឡាំង ដោយហោះរំលងតំបន់ការ៉េពណ៌ក្រហម (Red Square) ហើយក៏បានផ្ទុះបញ្ចេញពន្លឺយ៉ាងខ្លាំង ពោលគឺផ្ទុះមុនពេលដែលវាហោះទៅដល់អគារនោះ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់អាចបញ្ជាក់ពីប្រភព ឬភាពត្រឹមត្រូវនៃវីដេអូនោះនៅឡើយទេ។

ដោយឡែក រដ្ឋបាលប្រធានាធិបតីក៏បានចេញសេចក្ដីថ្លែងការណ៍មួយដែរថា បំណែកជាច្រើននៃយានគ្មានមនុស្សបើកនោះបានធ្លាក់ពាសពេញផ្ទៃដីនៅតំបន់អគារក្រឹមឡាំង ប៉ុន្តែមិនមានអ្នកត្រូវរងរបួស ឬស្លាប់នោះទេ ហើយក៏មិនមានខូចខាតដល់ទ្រព្យសម្បត្តិនៅទីនោះដែរ។ យោងតាមសារព័ត៌មានរុស្ស៊ីមួយឈ្មោះថា RIA បានរាយការណ៍ថា លោក ពូទីន មិនបានស្ថិតនៅក្នុងវិមានក្រឹមឡាំង នៅពេលដែលទទួលរងការវាយប្រហារនោះទេ។ ផ្ទុយទៅវិញ លោកបាននឹងកំពុងធ្វើការនៅឯវិមានមួយទៀតរបស់លោក ដែលស្ថិតនៅក្រៅទីក្រុងម៉ូស្គូ ឈ្មោះថា ណូវ៉ូ អូហ្កាយ៉ូវ៉ូ (Novo Ogaryovo)។

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក អាន់តូនី ប្លិងកិន (Antony Blinken) បានសម្តែងការសង្ស័យចំពោះការចោទប្រកាន់នេះ។ លោកបានមានប្រសាសន៍ថា «ខ្ញុំបានឃើញរបាយការណ៍ ហើយខ្ញុំ​មិនទាន់​អាច​បញ្ជាក់បាននោះទេថា រឿងនេះពិត ឬមិនពិត»។ ដោយឡែក លោក Pavel Felgenhauer អ្នកវិភាគទៅលើវិស័យការពារជាតិរុស្ស៊ី ដែលបម្រើការជាមន្ត្រីស្រាវជ្រាវជាន់ខ្ពស់នៅក្នុងបណ្ឌិត្យសភាវិទ្យាសាស្ត្រសូវៀត បានប្រាប់សារព័ត៌មាន Al Jazeera ថា ប្រសិនបើការចោទប្រកាន់របស់វិមានក្រឹមឡាំងជាការពិត នោះវានឹងពិបាកក្នុងការនិយាយថា តើយន្តហោះគ្មានមនុស្សបើកប្រភេទណាដែលត្រូវបានប្រើប្រាស់ក្នុងហេតុការណ៍នោះ។

សមាជិកសភាម្នាក់ដែលតំណាងឱ្យតំបន់គ្រីមៀ (Crimea) នៅទីក្រុងមូស្គូ លោក Mikhail Sheremet បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីថា វិមានក្រឹមឡាំងគួរតែបញ្ជាឱ្យមានការបាញ់គ្រាប់មីស៊ីលសំដៅទៅកម្ទេចលំនៅដ្ឋានរបស់លោក​ ហ្សេលេនស្គី ក្នុងទីក្រុងគៀវ (Kyiv) ដើម្បីជាការសងសឹកចំពោះឧប្បត្តិហេតុដែលបានកើតឡើងនៅវិមានក្រឹមឡាំង៕

ប្រែសម្រួលដោយ៖ ធា សុណា

ប្រភពព័ត៌មាន៖ Channel NewsAsia

Russia says Ukraine attacked Kremlin with drones in failed bid to kill Putin

https://www.channelnewsasia.com/world/russia-ukraine-attacked-kremlin-drones-bid-kill-putin-3461951

ads banner