កងទ័ពជើងទឹកអាមេរិកថា អ៊ីរ៉ង់បានរឹបអូសយកនាវាដឹកប្រេងជាលើកទីពីរ
អាមេរិក៖ កងទ័ពជើងទឹកអាមេរិកនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ បានលើកឡើងថា ត្រឹមតែរយៈពេលមួយសប្ដាហ៍ប៉ុណ្ណោះ អ៊ីរ៉ង់បានរឹបអូសយកនាវាដឹកប្រេងជាលើកទីពីរ ខណៈដែលក្រសួងការបរទេសអាមេរិក បានអំពាវនាវឱ្យមានការដោះលែងនាវានោះវិញ។ ហេតុការណ៍នេះគឺជាករណីមួយក្នុងចំណោមព្រឹត្តិការណ៍ដែលបានកើតឡើងជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការរឹបអូសនាវាពាណិជ្ជកម្មនៅក្នុងតំបន់គិតចាប់តាំងពីឆ្នាំ២០១៩។
អង្គភាពកងនាវាទី៥ នៃកងទ័ពជើងទឹកអាមេរិក ដែលមានមូលដ្ឋាននៅប្រទេសបារ៉ែន បានឱ្យដឹងថា នាវាដឹកប្រេងដែលមានទង់ជាតិប្រទេសប៉ាណាម៉ាឈ្មោះថា នីអូវី (Niovi) ត្រូវបានរឹបអូសដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់ប្រទេសអ៊ីរ៉ង់ (IRGCN) នៅវេលាម៉ោង ៦ និង២០ នាទីព្រឹក ម៉ោងនៅក្នុងស្រុក ខណៈដែលនាវានេះកំពុងបើកឆ្លងកាត់ច្រកសមុទ្រ ហូមូស (Hormuz)។ យ៉ាងណាមិញ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ឈ្មោះថា Mizan បានរាយការណ៍ថា ជាការឆ្លើយតប រដ្ឋអាជ្ញាទីក្រុងតេហេរ៉ង់ (Tehran) បានប្រកាសថា នាវាដឹកប្រេងនេះត្រូវបានរឹបអូសដោយយោងទៅតាមដីការបស់តុលាការ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីដើមបណ្តឹង។ ប៉ុន្តែ រដ្ឋអាជ្ញាទីក្រុងតេហេរ៉ង់មិនបានផ្ដល់ព័ត៌មានលម្អិតអំពីការរឹបអូសនេះនោះទេ។
គួររំឭកថា ឧប្បត្តិហេតុនេះកើតឡើងបន្ទាប់ពីប្រទេសអ៊ីរ៉ង់ បានរឹបអូសនាវាដឹកប្រេងដែលមានទង់ជាតិកោះម៉ាហ្សល (Marshall) ឈ្មោះថា Advantage Sweet កាលពីថ្ងៃព្រហស្បតិ៍ នៅឈូងសមុទ្រអូម៉ង់។ នាវាដឹកប្រេងនោះកំពុងត្រូវបានអាជ្ញាធរអ៊ីរ៉ង់ចាប់ឃាត់ទុកនៅទីក្រុង បានដារ អាបាស (Bandar Abbas) នេះបើតាមការិយាល័យចុះបញ្ជីទង់ជាតិកោះម៉ាហ្សល ដែលបានលើកឡើងកាលពីថ្ងៃអង្គារ។
យោងតាមក្រុមហ៊ុនសន្តិសុខដែនសមុទ្រអង់គ្លេស ឈ្មោះថា អែមព្រៃ (Ambrey) បានយល់ឃើញថា ការរឹបអូសនាវា Advantage Sweet ដោយប្រទេសអ៊ីរ៉ង់កាលពីសប្ដាហ៍មុន គឺជាការឆ្លើយតបទៅនឹងតុលាការសហរដ្ឋអាមេរិកដែលបានចេញដីការឹបអូសនាវាដឹកប្រេងដែលមានទង់ជាតិរបស់កោះម៉ាហ្សល ឈ្មោះថានាវា ស៊ូអេស្ស រ៉ាចាន (Suez Rajan) ។ នាវានោះត្រូវបានគេជឿថា ជានាវាដែលបានដឹកប្រេងឆៅ និងទំនិញផ្សេងៗរបស់ប្រទេសអ៊ីរ៉ង់។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ នាវាដឹកប្រេងនីអូវី ដែលត្រូវបានរឹបអូសដោយអ៊ីរ៉ង់ បានធ្វើដំណើរចេញពីទីក្រុងឌូបៃ (Dubai) ឆ្ពោះទៅកាន់កំពង់ផែ ហ្វ៊ូចាយរ៉ា (Fujairah) របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ប៉ុន្តែកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ បានបង្ខំឱ្យនាវានោះផ្លាស់ប្តូរទិសដៅឆ្ពោះទៅកាន់ដែនទឹកអ៊ីរ៉ង់។ យោងតាមទិន្នន័យរបស់ក្រុមហ៊ុន រីហ្វ៊ីនីធិវ (Refinitiv) ដែលបានតាមដានរាល់ចលនារបស់កប៉ាល់ និងនាវានៅលើសមុទ្រ បានបង្ហាញថា នាវានីអូវី បានរាយការណ៍ពីទីតាំងរបស់ខ្លួនចុងក្រោយបង្អស់នៅម៉ោង ២ និង ៣១ នាទីព្រឹក ម៉ោងនៅក្នុងស្រុក កាលពីថ្ងៃពុធ នៅឯឆ្នេរសមុទ្រអូម៉ង់ ត្រង់ចន្លោះច្រកសមុទ្រហូមូស។
យោងតាមទិន្នន័យដឹកជញ្ជូនរបស់អង្គការដែនសមុទ្រអន្តរជាតិ (IMO) ម្ចាស់របស់នាវានីអូវី គឺជាក្រុមហ៊ុន Grand Financing Co ហើយនាវានេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Smart Tankers ដែលមានមូលដ្ឋាននៅប្រទេសក្រិក។ ដោយឡែក យោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគ Vortexa បានឱ្យដឹងថា ប្រហែលមួយភាគប្រាំនៃទំនិញប្រេងឆៅ និងប្រេងរបស់ពិភពលោក គឺត្រូវឆ្លងកាត់ច្រកសមុទ្រហូមូស ដែលជាច្រកសមុទ្រដ៏តូចចង្អៀតរវាងប្រទេសអ៊ីរ៉ង់ និងប្រទេសអូម៉ង់។
កាលពីថ្ងៃអង្គារ ការិយាល័យចុះបញ្ជីទង់ជាតិកោះម៉ាហ្សល បានរំលេចថា «សកម្មភាពយោធា និងភាពតានតឹងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ កំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅដល់នាវាពាណិជ្ជកម្ម»។ ការិយាល័យនេះបានបន្តថា «ការគំរាមកំហែងទាំងនេះ អាចនឹងឈានទៅដល់ការយល់ច្រឡំណាមួយកើតឡើង ឬការកំណត់អត្តសញ្ញាណនាវាខុស ដែលអាចនាំឱ្យមានជម្លោះប្រដាប់អាវុធបាន»។ ចាប់តាំងពីឆ្នាំ២០១៩ មានករណីវាយប្រហារជាច្រើនលើកបានកើតមានឡើងទៅលើនាវាដឹកជញ្ជូនទំនិញផ្សេងៗនៅឈូងសមុទ្រក្នុងតំបន់ ដោយបង្កឡើងពីភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
កន្លងមក កិច្ចចរចាដោយប្រយោលរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ក៏ធ្លាប់បានកើតមានដែរ ដូចជាការចរចាទៅលើការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ របស់អ៊ីរ៉ង់ជាមួយមហាអំណាចពិភពលោក ដែលបានជាប់គាំងចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២ ជុំវិញបញ្ហាជាច្រើន ក្នុងនោះរួមមាន ការបង្រ្កាបដោយហិង្សារបស់អ៊ីរ៉ង់ទៅលើបាតុករ ការលក់យន្តហោះគ្មានមនុស្សបើកឱ្យទៅ
រុស្ស៊ី និងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរជាដើម៕
ប្រែសម្រួលដោយ៖ ធា សុណា
ប្រភពព័ត៌មាន៖ Reuters
Iran seizes second oil tanker in a week in Gulf, US Navy says
https://www.reuters.com/world/second-oil-tanker-week-seized-by-iran-gulf-us-navy-2023-05-03/