​មេ​ដឹក​នាំ​​ស៊ីរី​ និង​​អ៊ីរ៉ង់​ ​ចុះ​​ហត្ថលេខា​​លើ​​កិច្ច​ព្រម​ព្រៀង​ពង្រឹង​សេដ្ឋកិ​ច្ច​រវាង​ប្រទេស​ទាំង​២​

​​តេហេរ៉ង់៖ មេដឹក​នាំ​នៃ​ប្រទេស​​​អ៊ីរ៉ង់​និង​ស៊ីរី​កាល​ពី​ថ្ងៃ​ពុធ​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិ​ការ​​សេដ្ឋកិច្ច​​រយៈ​ពេល​វែង​លើ​​​វិស័យ​ប្រេង​ ពាណិជ្ជកម្ម​ និង​​វិស័យ​​ផ្សេង​ៗ​ទៀត​ ដើម្បី​ជំរុញ​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​រវាង​សម្ព័ន្ធ​មិត្ត​ចាស់​វស្សា​​នៅ​មជ្ឈិម​បូព៌ា​​ទាំង​​២​។

​អ្នក​សារព័ត៌មានរបស់​បណ្ដាញ​ព័ត៌មាន​ Al Jazeera លោក​​​ Dorsa Jabbari ដែល​រាយការណ៍​ពី​ទីក្រុង​តេអេរ៉ង់​ បាន​និយាយ​ថា​៖ «​ប្រធានាធិបតី​​អ៊ីរ៉ង់​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​យ៉ាង​ហោច​ណាស់​ចំនួន​ ១៥​ ​​ដែល​រួម​​បញ្ជូល​ទាំង​​​​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច​​​​ជា​ច្រើន​រវាង​ប្រទេស​ទាំង​​២​»​ ។

ការ​ចុះ​ហត្ថលេខា​នេះ​ ធ្វើ​ឡើង​ក្នុង​ទីក្រុង​ដាម៉ាស់​ ​នៅ​ពេល​​ប្រធានាធិបតី​អ៊ីរ៉ង់​ ​លោក​ អេប្រាហ៊ីម​ រ៉ៃស៊ី​ (Ebrahim Raisi)​ ដែល​​ដឹក​នាំ​គណៈ​ប្រតិភូ​អ៊ីរ៉ង់​ដ៏​ធំ​ បាន​ជួប​​ជាមួយ​សម​ភាគី​ស៊ីរី ​លោក​ប្រធានាធិបតី ​បា​សារ ​អាល់អាសាដ​ (Bashar al-Assad)​ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ស៊ីរី​រយៈ​ពេល​២​ថ្ងៃ​ ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ពុធ​។

​គណៈ​ប្រតិភូ​អ៊ីរ៉ង់​ រួម​មាន​រដ្ឋ​មន្ត្រី​ការ​បរទេស​ការពារ​ជាតិ​ ប្រេង​ គមនាគមន៍​ និង​​​អភិវឌ្ឍន៍​ទីក្រុង​ ព្រម​ទាំង​ទូរគមនាគមន៍​ ប៉ុន្តែ​បើ​តាមបណ្ដាញ​ព័ត៌មាន​​​ Al Jazeera លោក​ រ៉ៃ​ស៊ី​ ក៏​​អម​ដំណើរ​ដោយ​អ្នក​ជំនួញ​ក្នុង​វិស័យ​​ឯកជនអ៊ីរ៉ង់​​មួយ​ចំនួន​​​ផង​ដែរ​។

កិច្ច​ព្រម​ព្រៀង​ចុង​ក្រោយ​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​សារៈ​សំខាន់​សម្រាប់​ប្រទេស​ស៊ីរី ​ខណៈ​សេដ្ឋកិច្ច​ប្រទេស​នេះ​​បាន​​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​​កន្លង​មក​នេះ ​ដោយ​សារ​តែ​​​អតិផរណា​​កើន​ឡើង​ ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​រូបិយ​ប័ណ្ណ​ជាតិ​ និង​ការ​ដាច់​ចរន្ត​អគ្គិសនី​ជា​ដើម​។

គួរ​គូស​បញ្ជាក់​ថា​ ក្រុង​តេអេរ៉ង់​ គឺ​ជា​អ្នក​គាំទ្រ​​​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​ស៊ីរី​ ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​ អាល់​អាសាដ​​ ចាប់​តាំង​ពី​ការ​បះ​បោរ​ក្នុង​ប្រទេស​នេះ​នៅ​ឆ្នាំ​ ២០១១​។​ ​អ៊ីរ៉ង់​​បាន​​បញ្ជូន​​​ទី​ប្រឹក្សា​​យោធា ​និង​​យុទ្ធជន​​ដែល​​គាំទ្រ​​ដោយ​​អ៊ីរ៉ង់​​រាប់​ពាន់​នាក់​​​ទៅ​កាន់​​ប្រទេស​​ស៊ីរី​ ដើម្បី​​ប្រយុទ្ធ​​ជាមួយ​​ក្រុម​​ប្រដាប់​អាវុធ​ ដែល​ប្រឆាំង​នឹង​លោក​ អាល់អាសាដ​​។ ​​បន្ថែម​ពី​នេះ​ ទីក្រុង​តេអេរ៉ង់ក៏​បាន​ផ្តល់​​​ដង្ហើម​សេដ្ឋ​កិច្ច​ដល់​ស៊ីរី​ ដោយ​ការ​ផ្គត់​ផ្គង់​ប្រេង​  ​ និងប្រាក់​កម្ចី​ ​​ដែល​សរុប​ជា​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​។ ​

​​អ្នក​វិភាគ​យល់​ឃើញ​ថា​ ដំណើរ​ទស្សនកិច្ច​ទៅ​ស៊ីរីរបស់​លោក​ រ៉ៃស៊ី​ ​​នា​ពេល​នេះ​ ​ ​​បង្ហាញ​​​ពី​​ការ​​គាំទ្រ​​យ៉ាង​​ខ្លាំង​​របស់​​មេដឹក​នាំ​​អ៊ីរ៉ង់​​ចំពោះ​​លោក​ អាល់អាសាដ​ និង​ដើម្បី​បង្កើន​​ភាព​ធន់​ប្រឆាំង​នឹង​​អ្វី​ ដែល​លោក​ រ៉ៃស៊ី​ ហៅ​ថា​ជា​ការ​គំរាម​​កំហែង​ពី​អ៊ីស្រាអែល​​។

គួរ​បញ្ជាក់​ថា​ អ៊ីស្រាអែល​បា​ន​បើក​ការ​វាយឆ្មក់​រាប់​រយ​ដង​ចូល​ទៅ​ក្នុង​ប្រទេស​ស៊ីរី​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​ ដោយ​អះ​អាង​ថា​ ខ្លួន​​កំណត់​គោលដៅ​លើ​កង​កម្លាំង​គាំទ្រ​ដោយ​អ៊ីរ៉ង់​ និង​ក្រុម​​សកម្មប្រយុទ្ធ​លីបង់​ គឺ​ក្រុម​​ ​ហេសបូឡា ​​ក្នុង​ទឹក​ដី​ស៊ីរី​។

​អនុ​ប្រធាន​ទទួល​បន្ទុក​កិច្ចការ​នយោបាយ​របស់​លោក​ រ៉ៃស៊ី​ ​លោក​ Mohammad Jamshidi ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់​ IRNA ​មុន​ពេល​​ចេញ​ដំណើរ​ទៅ​ស៊ីរី​ថា​ ដំណើរ​ទស្សន​កិច្ច​នេះ​គឺ​ជា​សញ្ញា​នៃ​ «​ជ័យ​ជម្នះ​ជា​យុទ្ធសាស្ត្រ​របស់​សាធារណ​រដ្ឋ​អ៊ិស្លាម​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​»​។​ អ៊ីរ៉ង់ ដែល​រង​​ទណ្ឌកម្ម​សេដ្ឋកិច្ចពី​លោក​ខាង​លិច​​ធ្ងន់​ធ្ងរ​ដោយ​សារ​កម្ម​វិធី​នុយក្លេអ៊ែរ​​ ​នា​ពេល​នេះ​ កំពុង​តាំង​ខ្លួន​ឯង​​​មាន​ជំហរ​រឹង​មាំ​ជាង​មុន​នៅ​ក្នុង​អនាគត​សេដ្ឋកិច្ច​របស់​ស៊ីរី​ ​ដោយ​មាន​គោល​បំណង​ពង្រីក​ពាណិជ្ជកម្ម​ និង​ធានា​​នូវ​ប្រតិបត្តិការ​របស់​​​ក្រុម​ហ៊ុន​រដ្ឋ​ និង​ឯក​ជន​អ៊ីរ៉ង់​​​នៅ​ស៊ីរី​៕

ប្រែសម្រួលដោយ៖ ហួន ឌីណា

ប្រភព​៖ Syria and Iran leaders sign long-term oil, trade agreements  https://www.aljazeera.com/news/2023/5/3/syria-and-iran-leaders-sign-long-term-oil-trade-agreements

Iran’s Raisi in Syria; visit hailed as ‘strategic victory’  https://www.aljazeera.com/news/2023/5/3/irans-raisi-in-syria-visit-hailed-as-strategic-victory   ​

ads banner