រដ្ឋមន្រ្តីព័ត៌មានរំលឹកដល់អ្នកព័ត៌មានគោរពឱ្យបានបទបញ្ញត្តិនិងច្បាប់នានាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានក្រើនរំលឹកដល់ក្រុមអ្នកសារព័ត៌មានដែលចូលរួមផ្តិតរូប និង យកព័ត៌មាននៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ត្រូវគោរពឱ្យបានចំពោះបទបញ្ញត្តិ និងច្បាប់នានាដែលត្រូវបានអនុម័តដោយសហគមន៍កីឡាស៊ីហ្គេម ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី ៥ ខែឧសភា ខាងមុខ។
ក្នុងពេលដាក់ឱ្យដំណើការមជ្ឈមណ្ឌលព័ត៌មាននៃព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេមកាលពីថ្ងៃទី ២៩ ខែមេសាឆ្នាំលោក ខៀវ កាញារីទ្ធ ថ្លែងថា ការគោរពបទបញ្ញត្តិ និងច្បាប់នៅពេលចូលយកព័ត៌មាននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ពិតជាមានសារៈសំខាន់ ព្រោះជារូបភាពដ៏ល្អមួយនៃប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ។ការចូលរួមផ្តិតរូបភាព និងយកព័ត៌មានពីព្រឹត្តិការណ៍នេះ នឹងធ្វើឱ្យព្រឹត្តិការណ៍កីឡានេះផ្ទុះឡើងនិងបង្ហាញនូវមោទនកភាពរបស់ប្រទេសកម្ពុជាទាំងមូល ។ ដូច្នេះ បើមិនមានការចូលរួមផ្សព្វផ្សាយពីក្រុមអ្នកសារព័ត៌មានទេនឹងបាត់បង់អស់ ៥០ភាគរយនៃភាពជោគជ័យ។
លោកក៏បានស្នើឱ្យក្រុមអ្នកសារព័ត៌មានទាំងអស់ត្រូវមកទាក់ទងមកមជ្ឈមណ្ឌលព័ត៌មាន នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមដែលអាចកើតមានកើតមានឡើងក្នុងពេលចុះទៅថតរូប ឬយកព័ត៌មាន។
ចំណែកលោកស្រី ញៀន ទយយ៉ុកហោ ទីប្រឹក្សាយោបល់ផ្នែកព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម (CAMSOC) និងជាអ្នកជំនាញការព័ត៌មានអូឡាំពិកប្រចាំអាស៊ី ថ្លែងឱ្យដឹងដែរថា ក្នុងការចូលយកព័ត៌មាន នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ មានបទបញ្ញត្តិមួយចំនួន សម្រាប់អ្នកសារព័ត៌មានផងដែរ។ ក្នុងនោះ អ្នកព័ត៌មានត្រូវតែផ្តល់នូវបរិយាកាសមួយឱ្យសមស្របតាមស្តង់ដារស៊ីហ្គេម។ អ្នកសារព័ត៌មានត្រូវតែអនុវត្ត ឱ្យខានតែបាននូវ មាត្រា ទី៥៣ នៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងត្រូវអនុលោមតាមបទបញ្ញត្តិ ដែលមានជាធរមាននៅកម្ពុជា និងអនុវត្តទៅតាមសៀភៅមគ្គុទេសមាគ៌ារបស់គណៈកម្មការជាតិ CAMSOC ។
លោក ផុស សុវណ្ណ ប្រធានគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) បានឱ្យដឹងដែរថា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ នេះ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) បានផ្តល់បណ្ណជូនដល់អ្នកសារព័ត៌មានចំនួន ២.០៩៥ នាក់។ ក្នុងនោះអ្នកសារព័ត៌មានជាតិចំនួន ១.១៨៨នាក់ និងអ្នកកាសែតបរទេស ៩០៧ នាក់ ៕សរន