បារាំង​ និង​ជប៉ុន​ បានចុះ​ហត្ថលេខា​លើ​ក​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​នុយក្លេអ៊ែរ​

ប៉ារីស៖ សេចក្ដី​ប្រកាស​រួម​​បារាំង​ និង​ជប៉ុន​​ ​បាន​ឱ្យ​ដឹង​​​​កាល​ពី​ថ្ងៃ​ពុធ​ថា​ ប្រទេស​ទាំង​ពីរ​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ​នុយក្លេអ៊ែរ​នៅ​ទីក្រុង​ប៉ារីស​ ដែល​​​នឹង​ធ្វើ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ ​និង​ពន្លឿន​ទំនាក់​ទំនង​ក្នុង​ការ​ស្រាវ​ជ្រាវ​ និង​ការ​អភិវឌ្ឍ​នុយក្លេអ៊ែរ​ជំនាន់​ក្រោយ​ ដូច​ជា​រ៉េអាក់ទ័​រ​ បញ្ចុះ​កម្ដៅ​លឿន​ដោយ​ប្រើ​សូដ្យូម​ជា​ដើម​។ ​

កិច្ច​ព្រម​ព្រៀង​ភាពជាដៃគូ​សម្រេច​ឡើង​ក្រោយ​ជំនួប​រវាង​រដ្ឋ​មន្ត្រី​ថាមពល​បារាំង​លោក​ស្រី​ Agnes Pannier-Runacher ​​និង​​​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ និង​ឧស្សាហកម្ម​ជប៉ុន​ ​លោក​​ Yasutoshi Nishimuraដែល​អ្នក​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ការ​ពន្លឿន​កិច្ច​សហប្រតិបត្តិការ​បច្ចេក​ទេស​លើ​វដ្ត​នៃ​ឥន្ធនៈ​នុយក្លេអ៊ែរ​ និង​ធ្វើ​ការ​ដើម្បី​កសាង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ តែ​​ជាមួយ​ប្រទេស​​ដែល​មាន​ «តម្លៃ​រួម​​» ។

​ក្រោម​កិច្ច​​ព្រម​ព្រៀងនេះ​​ ការងារ​ផ្សេង​ៗ​នឹង​​​​បន្ត​លើ​​​​សុវត្ថិភាព​នៃ​ម៉ាស៊ីន​រ៉េអាក់ទ័រ​ដែល​មាន​ស្រាប់​ ការ​រុះ​រើ​រោង​ចក្រ​នុយក្លេអ៊ែរ​ រួម​ទាំង​ម៉ាស៊ីន​រ៉េអាក់ទ័រ​នៅ​រោង​ចក្រ​នុយក្លេអ៊ែរ​ជប៉ុន​ Fukushima Dai’ichi ​​ការ​អភិវឌ្ឍន៍​សមត្ថភាព​នុយក្លេអ៊ែរ​ស៊ីវិល​ក្នុង​បណ្តា​ប្រទេស​ដែល​ចាប់​អារម្មណ៍​ និង​ការ​លើក​កម្ពស់​ការ​កែ​ច្នៃ​ឡើង​វិញ​នូវ​ឥន្ធនៈ​នុយក្លេអ៊ែរ​ដែល​​ប្រើ​ប្រាស់​រួច​ ដើម្បី​កាត់​បន្ថយ​តម្រូវ​ការ​ប្រើ​ប្រាស់​អ៊ុយរ៉ាញ៉ូម​ជាដើម​។​

​គួរ​បញ្ជាក់​ថា​ កាល​ពី​ខែ​មុន​ លោក​ស្រី​ Pannier-Runacher និង​លោក​ Nishimura បាន​ជួប​ពិភាក្សា​គ្នា​នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​ថាមពល​ បរិស្ថាន​ និង​អាកាសធាតុ​របស់​ក្រុម​ប្រទេស​អ្នក​មាន​ទាំង​៧​ (G7) នៅ​ទី​ក្រុង​ ​​Sapporo ដោយ​​​បាន​ពិភាក្សា​គ្នា​អំពី​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ដំណើរការ​ថាមពល​នុយក្លេអ៊ែរ​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ដើម្បី​ជា​មធ្យោបាយ​ក្នុង​ការ​បំពេញ​​​តម្រូវ​ការ​ថាមពល​ដែល​កំពុង​កើន​ឡើង​ ហើយ​​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ ​

​​ជាមួយ​នឹង​​ព្រឹត្តិការណ៍​ចុង​ក្រោយ​​នេះ​ កាសែត​ជប៉ុន​ Sankei ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ពុធ​ថា​ នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​ លោក​ ហ្វូមីអូ​ គីហ្ស៊ីដា​ បាន​កំណត់​​ថវិកា​ប្រមាណ​ ៣៣៧ លាន​ដុល្លារ​អាមេរិក​​ក្នុង​រយៈ​ពេល​ ៣​ ឆ្នាំ​ ដោយ​ចាប់​ផ្តើម​ពី​ខែ​​មេសា​ឆ្នាំ​ ២០២៤ ទៅ​ ​ដើម្បី​ជួយ​អភិវឌ្ឍ​រ៉េអាក់ទ័រ​ ដែល​បញ្ចុះកម្ដៅ​ដោយ​ប្រើ​សូដ្យូម​។ ​

​​​គួរ​កត់​សម្គាល់​ផង​ដែរ​ថា​ សេចក្ដីថ្លែងការណ៍​កាល​ពី​ថ្ងៃ​ពុធ​ ​ចេញ​ផ្សាយ​មួយ​ថ្ងៃ​បន្ទាប់​ពី​តុលាការ​ឧទ្ធរណ៍​ទីក្រុង​ប៉ារីស​ បាន​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​បារាំង​បន្ត​ការ​ទិញ​យក​ក្រុម​ហ៊ុន​នុយក្លេអ៊ែរ​យក្ស​ EDF ​ដែល​ជា​ផ្នែក​​មួយ​​នៃ​ផែនការ​រយៈ​ពេល​វែង​របស់​ខ្លួន​ ក្នុង​ការ​ស្តារ​វិស័យ​ថាមពល​នុយក្លេអ៊ែរ​ឡើង​វិញ​ និង​ការ​​​ផលិត​​ម៉ាស៊ីន​​រ៉េអាក់ទ័រ​ថ្មីឱ្យ​បាន​ ១៤ ឡើង​ទៅ​ គិត​ត្រឹម​ឆ្នាំ​ ២០៥០​៕

ប្រែសម្រួលដោយ៖ ហួន ឌីណា

ប្រភព​៖ France, Japan sign nuclear partnership deal  https://www.reuters.com/world/france-japan-sign-nuclear-partnership-deal-2023-05-03/

ads banner