ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី បន្តអនុវត្តគម្រោងជំរុញលក់ផលិតផលខ្មែរនៅតាមស្ថានីយប្រេងឥន្ធនៈ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនិងក្រុមហ៊ុន ភីធីធី (ខេមបូឌា) សម្រេចបន្តសហការអនុវត្តគម្រោងជំរុញការលក់ ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី(PTT) នៅរាជធានី-ខេត្តមួយចំនួន រៀងរាល់ថ្ងៃសុក្រដល់ថ្ងៃអាទិត្យចាប់ពីខែឧសភានេះ ដើម្បីជួយជ្រោមជ្រែងលើកម្ពស់ផលិតផលក្នុងស្រុក។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី ០៣ខែឧសភានេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មបានសហការជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) អនុវត្តគម្រោងជំរុញការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាមបណ្តារាជធានី-ខេត្ត។
គម្រោងនេះបានអនុវត្តដោយជោគជ័យក្នុងឆ្នាំ២០២២ និងដំណាក់កាលទី២ ត្រីមាសទី១ ឆ្នាំ២០២៣ រួចមកហើយ នៅរាជធានី-ខេត្តចំនួន ១៦ តាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន ១៩។ ក្រសួងបញ្ជាក់ថា កិច្ចសហការនេះ ក្នុងគោលបំណងជួយជ្រោមជ្រែងលើកកម្ពស់ផលិតផលខ្មែរដែលជាផលិតផលលក្ខណៈគ្រួសារតូចៗ លើទីផ្សារក្នុងស្រុក ការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា នៅលើមូលដ្ឋាននៃតម្លាភាពនិងផលប្រយោជន៍សហគមន៍។
សេចក្តីជូនដំណឹងបន្តថា៖« ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) នឹងសហការអនុវត្តគម្រោងដដែលនៅរៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ១៧៖០០រសៀល នៅក្នុងរាជធានី-ខេត្តចំនួន ១៣ តាមបណ្តាស្ថានីយប្រេង
ឥន្ធនៈភីធីធីចំនួន ១៤ បន្តទៀត»។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានស្វាគមន៍ពីគម្រោងនេះ ព្រោះវាជាចំណុចល្អ ក្នុងការលើកកម្ពស់ និងផ្លាស់ប្តូរផ្នត់គំនិត របស់អ្នកប្រើប្រាស់ជាពិសេសប្រជាពលរដ្ឋខ្មែរ កុំឱ្យទៅទិញនូវផលិតផលរបស់បរទេស យកមកប្រើប្រាស់ ហើយងាកមករកទិញផលិតផលរបស់ខ្មែរវិញ។ លោកបន្តថា ផលិតផលខ្មែរ មិនមែនមានន័យថាគ្មានគុណភាព និងស្តង់ដារនោះទេ ប៉ុន្តគ្រាន់តែបាត់ទំនុកចិត្តពីប្រជាជនប៉ុណ្ណោះ ។
ដូច្នេះ នៅពេលដែលមានការដាក់លក់បែបនេះ នឹងបញ្ជ្រាបការយល់ដឹងបន្តិចម្តងៗ ដល់ស្រទាប់យុវជន ជាពិសេស អ្នកដំណើការឆ្លងកាត់នៅតាមស្ថានីយលក់ប្រេងភីធីធី (PTT)ដែលភាគច្រើនជាយុវជន ទៅទទួលការហ្វេ នឹងធ្វើឱ្យពួកគេចេះឱ្យតម្លៃលើផលិតផលខ្មែរទាំងនេះ ។ លោកថ្លែងថា « វាជាកត្តាសំខាន់ សម្រាប់ជំរុញឱ្យការបង្វែរទិសនៃគំនិតរបស់យុវជនទាំងនោះ ឱ្យមកស្រឡាញ់ផលិតផលខ្មែរមកវិញ ហើយក៏វាបានរួមចំណែកដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ឱ្យមានដំណើការល្អប្រសើរជាងមុនផងដែរ»។
សម្រាប់ទីតាំងដែលដាក់លក់ផលិតផលខ្មែរនោះរួមមាន ស្ថានីយប្រេងឥន្ធនៈនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង កណ្តាល កំពង់ចាម ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ តាកែវ ស្វាយរៀង ព្រៃវែង ក្រចេះ ព្រះសីហនុ និងខេត្តស្ទឹងត្រែង ដោយដាក់តាំងលក់ផលិតផលដូចជា អាហារសម្រន់ បង្អែម ផ្លែឈើតាមរដូវកាល វត្ថុអនុស្សាវរីយ៍ សម្ភារធ្វើដោយដៃ និងបន្លែ ត្រី សាច់ជាដើម។
បើតាមក្រសួងពាណិជ្ជកម្ម ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាមបណ្តារាជធានី-ខេត្ត នេះផងដែរ ដោយយោងតាមសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានកិត្ដិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ” ដាក់ឱ្យប្រើពាក្យស្លោក “ប្រជាជនម្នាក់ទិញផលិតផលខ្មែរយ៉ាងតិចមួយមុខ”៕
ដោយ៖ សុខ រក្សា