អន្តរក្រសួង បើកកិច្ចពិភាក្សា ដើម្បីពង្រីកការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ

ភ្នំពេញ៖ អ្នកជំនាញអន្តរក្រសួង ដែលមកពីក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភាគីពាក់ព័ន្ធសំខាន់ៗបានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញដល់ការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែខ្លាំងថែមទៀត។

ថ្លែងក្នុងពេលដឹកនាំកិច្ចប្រជុំ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កិច្ចប្រជុំនេះ គឺធ្វើឡើងដើម្បីរៀបចំកិច្ចពិភាក្សាអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើការជំរុញការនាំចេញម្រេចកម្ពុជា ខណៈម្រេចជាផលិតផលកសិ-ឧស្សាហកម្មដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលបានចាត់បញ្ចូលក្នុងកន្សោមអាទិភាពនៃផលិតផលមានសក្តានុពល និងអាចចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឯកឧត្តមបានបញ្ជាក់ដែរថា នាឱកាសកិច្ចប្រជុំនោះដែរ តំណាងដែលមកពីក្រសួងកសិកម្ម ក៏បានជម្រាបជូនអង្គប្រជុំអំពីស្ថានភាពទូទៅនៃវិស័យម្រេចកម្ពុជា និងវឌ្ឍនភាពការងារដែលក្រសួងសម្រេចបានដូចជា ការជំរុញការអនុវត្តកសិកម្មល្អ (GAP) ដែលមានប្រព័ន្ធអនុវត្តច្បាស់លាស់និងអាចជឿទុកចិត្តបាន រួមបញ្ចូលទាំងប្រព័ន្ធត្រួតពិនិត្យនិងតាមដានផងដែរ។

តាមរយៈកិច្ចប្រជុំខាងលើនេះដែរ ក្រុមអ្នកជំនាញមកពីអន្តរក្រសួង ក៏បានឯកភាពលើផែនការការងារបន្ត ក៏ដូចជាការបញ្ជាក់ជាថ្មីអំពីការបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត សំដៅជំរុញការអភិវឌ្ឍដំណាំម្រេចកម្ពុជា និងដំណាំសក្តានុពលផ្សេងៗឱ្យកាន់តែខ្លាំងបន្ថែមទៀត។

ពាក់ព័ន្ធនឹងការជំរុញទីផ្សារនាំចេញម្រេចនេះដែរ លោក  ម៉ាក នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេស កម្ពុជា បានបង្ហាញការគាំទ្រឱ្យមានការបើកច្រកទីផ្សារម្រេចថ្មីបន្ថែមទៀត ព្រោះការមានទីផ្សារថ្មីៗបន្ថែមទៀត គឺមានសារៈសំខាន់ណាស់ អាចឱ្យកម្ពុជាធ្វើការនាំចេញម្រេចដោយផ្ទាល់ដោយខ្លួនឯង ហើយមិនចាំបាច់ពឹងផ្អែកលើប្រទេសវៀតណាមតែមួយនោះទេ។

លោកប្រាប់ថា៖« សម្រាប់ខ្ញុំយល់ថា មិនខ្វល់ថាទីផ្សារប្រទេសណានោះទេ គឺមានសារៈសំខាន់ណាស់ទាំអស់ ព្រោះនៅពេលយើងមានទីផ្សារថ្មីៗបន្ថែម យើងអាចទាក់ទាញអ្នកវិយោគបន្ថែម ខណៈការនាំចេញកន្លងមកនៅជាប់របាំងពន្ធ មានបញ្ហាតម្លៃនៅមានកម្រិតនៅឡើយ ទោះបីជាយើងមានទីផ្សារសេរីក៏ដោយ ហើយភាគច្រើនម្រេចរបស់យើងនាំចេញទៅកាន់ទីផ្សារវៀតណាមធំជាងគេ»។

ចំណែកឯ លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ថា ដើម្បីឱ្យការពង្រីកទីផ្សារនាំចេញម្រេចកម្ពុជាទទួលបានជោគជ័យ និងមានប្រសិទ្ធភាពទៅបាន លុះត្រាអ្នកពាក់ព័ន្ធកម្ពុជាកំណត់បានគោលដៅ និងពិចារណាឱ្យបានច្បាស់លាស់ ថាប្រទេសណាត្រូវការអីពីកម្ពុជា និងប្រទេសណាខ្លះដែលជាគោលដៅសម្រាប់នាំចេញ។

អ្នកជំនាញបន្តថា៖« កាលណាយើងបានកំណត់ពីទីផ្សារជាក់លាក់រួចហើយ គឺចាំបាច់ត្រូវគិតគូរពីការរៀបចំសមត្ថភាពសហគមន៍ដាំម្រេចរបស់កម្ពុជា ថាគួរពង្រឹងនៅតំបន់ណា ទីតាំងណា ដើម្បីជំរុញពីបរិមាណ ការកែឆ្នៃម្រេចរបស់កម្ពុជាកាន់តែមានគុណភាពខ្ពស់ នោះយើងនឹងទទួលបានការនាំចេញម្រេចទៅកាន់ទីផ្សាអន្តរជាតិមានតម្លៃខ្ពស់ មាននិរន្តរភាព ពិសេសជួយលើកកម្ពស់ជីវភាពពលរដ្ឋកាន់តែខ្លាំងមួយកម្រិតទៀត»។

សូមរំឮកដែរថា កាលពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៣ កន្លងទៅ ក្រុមការងារអន្តរក្រសួង ​ក៏ធ្លាប់បាន បើកកិច្ចពិភាគ្នារួចមកហើយ ដោយបានពិភាក្សាជាពិសេសលើការលើកកម្ពស់គុណភាពម្រេចរបស់កម្ពុជា ការស្នើសុំវិញ្ញាបនបត្រប្រភពដើមទំនិញ និងការបំពញតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល រួមបញ្ចូលទាំងវិធានអនាម័យនិងភូតគាមអនាម័យ ដើម្បីជំរុញអភិវឌ្ឍនិងនាំចេញផលិតផលម្រេចរបស់កម្ពុជាជា
ដើម។

យោងតាមរបាយការណ៍របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឱ្យដឹងថា ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ​២០២៣ ការនាំចេញ​ម្រេច​សម្រេចបាន ៨២២,៦៥៤​ តោន ក្នុងនោះ​នាំចេញ​ទៅ​ប្រទេស​វៀតណាម​ ចំនួន ៧៦៥តោន​ ​អាមេរិក ២៦,១៤​តោន ​​កូរ៉េខាងត្បូង ១៦,២​ តោន​ បារាំង ៩,៥៤​ តោន​ ​បែលហ្ស៊ិក ២,៣៦​ តោន​ ជប៉ុន ១,៣៨​តោន ឥណ្ឌា ០,៩៦​ តោន​​អាល្លឺម៉ង់ ០,៩០​ តោន​ សិង្ហ​បុរី ០,១០ ​តោន​ កោះ​តៃវ៉ាន់ ០,០៤ ​តោន​ អូស្ត្រាលី ០,០៣ ​តោន​ និង​ប្រទេស​ម៉ាឡេស៊ី ០,០០២ ​តោន​៕

ដោយ៖ សែម ពិសី

ads banner