សម្ដេចតេជោ ហ៊ុន សែន ៖ បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត
ភ្នំពេញ៖ បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ដោយសារពិធីបុណ្យនេះ បានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត ព្រះអង្គបានត្រាស់ដឹង និងជាថ្ងៃព្រះអង្គចូលបរិនិព្វានផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងនៅថ្ងៃ១៥កើត ខែពិសាខ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ លើបណ្តាញតេឡេក្រាមរបស់សម្ដេចថា នេះ គឺជាថ្ងៃបុណ្យវិសាខបូជា។មិនថាតែនៅកម្ពុជាទេគឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនា ដ៏សំខាន់ខាងលើនេះផងដែរ។
សម្ដេចតេជោបន្តថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ដែលបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ «ព្រឹត្តិការណ៍ទាំងបីនេះ កើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (អ.ស.ប) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា»ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង»។
ក្នុងឱកាសបុណ្យវិសាខបូជានេះដែរ សម្តេចព្រះឧត្តមបញ្ញា ដួង ផង់ សមាជិកថេរសភានៃព្រះរាជាណាចក្រកម្ពុជា និងជាចៅអធិការវត្តព្រែកប្រាំង បានដឹកនាំព្រះសង្ឃ ពុទ្ធបរិស័ទ ដង្ហែរ ធម្មយាត្រាជុំវិញមហាសក្យមុនីចេតីយ នាវេលាម៉ោង ៣ ទៀបភ្លឺ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣។
សម្តេចព្រះឧត្តមបញ្ញា ដួង ផង់ បានដឹកនាំ ព្រះសង្ឃ និងពុទ្ធបរិស័ទ ដើរហែក្បួនធម្មយាត្រាជុំវិញព្រះមហាសក្យមុនីចេតិយ ដែលតម្កល់ព្រះបរមសារីរិកធាតុ នៃព្រះសម្មាសម្ពុទ្ធ នៅលើភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងឃុំផ្សារដែក ស្រុកពញាឮ និងបានបូជាគ្រឿងសក្ការៈ សូត្រធម៌ មន្សកាថ្វាយបង្គំព្រះរតនត្រ័យ និងសម្មាទានសីល។
ពិធីបុណ្យវិសាខបូជានេះដែរ កាលពីរសៀលថ្ងៃទី៣ ខែឧសភាឯកឧត្តម ឈុន ស៊ីរុន លេខាធិការគណៈកម្មការទី៨ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ ក៏បានដង្ហែរបុណ្យវិសាខបូជានេះផងដែរ។
យោងតាមរដ្ឋបាលខេត្តកណ្តាល ឯកឧត្តម ឈុន ស៊ីរុន បានលើកឡើងថា វិសាខបូជា ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។
ជាមួយគ្នានេះដែរ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងដែរថាថ្ងៃបុណ្យវិសាខបូជា ដែលនៅតាមបណ្តាវត្តអារាមទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពុទ្ធសាសនិកជនទូទាំងពិភពលោក នាំគ្នាប្រារព្ធពិធីបុណ្យសាសនាដ៏សំខាន់នេះជារៀងរាល់ឆ្នាំ។
ឯកឧត្តមលើកឡើងថា ៖ «សូមគោរពជូនពរដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេសកម្ពុជា ក៏ដូចជាលើពិភពលោកទាំងមូល សូមជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣នេះដែរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យវិសាខបូជានេះ នៅបរិវេណសាលាបុណ្យជើងភ្នំព្រះរាជទ្រព្យ ស្ថិតនៅឃុំផ្សាដែក ស្រុកពញាឭ ខេត្តកណ្ដាល។
សូមបញ្ជាក់ផងដែរថា ពិធីបុណ្យវិសាខបូជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹក និងឧទ្ទិសចំពោះថ្ងៃទាំងបីនៃព្រះសម្មាសម្ពុទ្ធបរមគ្រូ គឺថ្ងៃប្រសូតចាកឧទរព្រះមាតា ថ្ងៃត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ និងថ្ងៃរំលត់ក្ខន្ធចូលកាន់ព្រះនិព្វាន ដោយកើតឡើងចំថ្ងៃ១៥កើត ខែវិសាខដូចគ្នា ពោលគឺខុសគ្នាតែឆ្នាំប៉ុណ្ណោះ៕
ដោយ៖នាង សុគន្ធា