អាជ្ញាធរជាតិអប្សរាប្រកាសបិទចរាចរ និងបង្វែរទិសដៅទស្សនានៅទីតាំងមួយចំនួនក្នុងតំបន់អង្គរដើម្បីរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម

អត្ថបទដោយ៖
CPA

សៀមរាប៖ អាជ្ញាធរជាតិអប្សរា ប្រកាសការបិទចរាចរ និងបង្វែរទិសដៅទស្សនា នៅតាមបណ្តាទីតាំងសំខាន់ៗមួយចំនួននៅរមណីយដ្ឋានអង្គរ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនិងប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣ នេះ ខណៈអាជ្ញាធរអះអាងថា ការផ្អាកបណ្តាគោលដៅទេសចរណ៍មួយចំនួននេះមិនប៉ះពាល់ដល់អាជីវករនៅតំបន់អង្គរឡើយ ហើយការចូលទស្សនានៅប្រព្រឹត្តទៅជាជាធម្មតា។

ការប្រកាសបិទនេះ ធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ដែលជម្រាបជូនដល់សាធារណជន គ្រប់ក្រសួង មន្ទីរស្ថាប័នជាតិ អន្តរជាតិ សមាគមទីភ្នាក់ងារទេសចរណ៍ ម្ចាស់សណ្ឋាគារ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ជ្រាបជាដំណឹង។

អាជ្ញាធរជាតិអប្សរា គូសបញ្ជាក់តាមរយៈសេចក្តីជូនដំណឹងដូច្នេះថា៖« ព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសដ៏ធំធេងក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ក្នុងនោះរួមបញ្ចូលផងដែររមណីយដ្ឋានអង្គរ»។

សេចក្តីជូនដំណឹងបន្តថា ដើម្បីឱ្យការរៀបចំព្រឹត្តិការណ៍នេះបានរលូន អាជ្ញាធរសូមណែនាំដល់សាធារណជនឱ្យបានជ្រាបពីការបិទចរាចរ និងការបង្វែរទិសដៅទស្សនា នៅតាមបណ្តាទីតាំងសំខាន់ៗមួយចំនួនដែលត្រូវរៀបចំការប្រកួតកីឡា។ ទី១ ការបិទការចេញចូលបរិវេណមុខប្រាសាទអង្គរវត្ត រហូតដល់ខ្លោងទ្វារដៃឆ្នាំង សម្រាប់ការប្រកួតកីឡារត់ម៉ារ៉ាតុង និងដើរប្រណាំង នៅថ្ងៃទី០៦ ខែឧសភា ចាប់ពីម៉ោង ៥៖៣០ នាទីព្រឹក ដល់ម៉ោង ១៨៖០០ នាទីល្ងាច។ ទី២ បិទការចូលទស្សនាប្រាសាទអង្គរវត្តតាមច្រកខាងលិច និងបិទការឆ្លងកាត់ទៅទស្សនាតំបន់អង្គរធំនៅថ្ងៃទី១១ ខែឧសភា ដើម្បីរៀបចំវិញ្ញាសាទោចក្រយានបុរស និងនារីចម្ងាយ ៥០គ.ម ប្រព្រឹត្តទៅនៅជុំវិញផ្លូវមុខអង្គរវត្ត ត្រពាំងសេស និងផ្លូវប៉ាវីសអង្គរវត្ត ចាប់ពីម៉ោង ៦៖០០ នាទីព្រឹក ដល់ម៉ោង ១៣៖០០ នាទីរសៀល ដោយភ្ញៀវទេសចរអាចចូលទស្សនាតាមច្រកខាងកើតប្រាសាទអង្គរវត្ត។
 
ទី៣ បិទការឆ្លងកាត់បរិវេណវង់ធំ នៅថ្ងៃទី១២ និង១៣ ខែឧសភា ដើម្បីរៀបចំការប្រកួតវិញ្ញាសាកង់គួកបុរសនិងនារីចម្ងាយ ១៧១,៥គម និង ៩៨គ.ម ចាប់ពីម៉ោង ៦៖០០ នាទីព្រឹក ដល់ម៉ោង ១៥៖០០ នាទីរសៀល។ ពាក់ព័ន្ធនឹងការបិទ និងបង្វែទិសដៅទស្សនាក្នុងបរិវេណតំបន់អង្គរនេះដែរ លោក ឡុង កុសល អ្នក នាំពាក្យ អាជ្ញាធរ ជាតិអប្សរា បានបញ្ជាក់ថា ការបិទនេះ ដើម្បីចូលរួមការរៀបចំប្រព្រឹត្តទៅនៃប្រកួតកីឡាស៊ីហ្គេមនិងប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំនេះ។

លោកបន្តថា៖«ពាក់ព័ន្ធការផ្អាកផ្លូវទស្សនាតំបន់មួយចំនួនហ្នឹង គឺមិនប៉ះពាល់អាជីវករ ឬបរិវេណទេសចរណ៍ក្នុងតំបន់អង្គរនោះទេ ព្រោះយើងបានជម្រាបតាមសេចក្តីប្រកាសនោះដែរ យើងមានជាផ្លូវវាង គាត់អាចអញ្ជើញទៅទស្សនាបាន លើកលែងតែទីកន្លែងដែលយើងត្រូវរៀបចំការប្រកួតកីឡា»។

លោកឡុង កុសល បន្ថែមថា ការចូលទស្សនាកំសាន្តក្នុងរមណីយដ្ឋានអង្គរ គឺប្រព្រឹត្តទៅជាធម្មតា នៅតាមបណ្តាគោលដៅដែលមិនប្រារព្ធការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម។

គួរបញ្ជាក់ថា កម្ពុជា កំពុងរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលនឹងប្រព្រឹត្តទៅជាផ្លូវការចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា ចាប់ផ្ដើមការប្រកួតពីថ្ងៃទី៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕
ដោយ: សំបាន ច័ន្ទដារ៉ា

ads banner