ឯកឧត្តម នួន រតនៈ ពលរដ្ឋមកចូលរួមទទួលព្រះអាគ្គិជ័យកីឡាច្រើនជាងការគ្រោងទុកព្រោះតែចង់ឃើញអ្វីទៅជាព្រះអាគ្គិជ័យកីឡាដែលរៀបចំលើកដំបូងនៅកម្ពុជា
ខេត្តកំពង់ធំ ៖ ឯកឧត្តម នួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត កំពង់ធំ បានថ្លែងបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្ត កំពង់ធំ ចេញមកទទួលក្បួនដង្ហែព្រះអាគ្គិជ័យកីឡាតាមផ្លូវជាហូហែចាប់ពីព្រំប្រទល់ខេត្តសៀមរាបមកដល់ខេត្ត កំពង់ធំមានចំនួនច្រើនលើការគ្រោងទុកដែលរដ្ឋបាលខេត្តរៀបចំតាមគោលដៅ គឺ ដោយមូលហេតុប្រជាពលរដ្ឋគាត់ចង់ឃើញដោយផ្ទាល់ភ្នែកអ្វីទៅជាព្រះអាគ្គិកីឡាដែលជាភ្លើងគប់និមិត្តរូបកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលរៀបចំលើកទី១នៅកម្ពុជា។
ឯកឧត្តម បានគូបញ្ជាក់ទៀតថា ព្រះអាគ្គីជ័យកីឡានេះ ដែលដង្ហែមកកាន់ខេត្ត កំពង់ធំ ពិតជាមានអត្ថន័យនិងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋចាស់ៗជាពិសេស បានដិតជាប់នៅក្នុងបេះដូងរបស់យុវជនជំនាន់ក្រោយព្រោះបានដាស់តឿនយុវជនជំនាន់ក្រោយឲ្យចូលរួមក្នុងវិស័យកីឡាកាន់តែខ្លាំង។ ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ទៀតថា សម្រាប់ការទទួលស្វាគមន៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះឲ្យស្របតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រដ្ឋាបាលខេត្តបានបង្កលក្ខណៈដាក់ស្លាយបន្តផ្ទាល់នៅតាមស្រុក និងក្រុង ដើម្បីឲ្យប្រជាពលរដ្ឋបានទស្សនា ការប្រកួតកីឡាស៊ីហ្គេមសប្បាយរីករាយផងដែរ។
ឯកឧត្តម អភិបាលខេត្ត កំពង់ធំ បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំនេះ មានលក្ខណៈពិសេសច្រើន គឺ រៀបចំពេលដែលកម្ពុជាមានសុខសន្តិភាព រៀបចំពេលដែលកម្ពុជាបានត្រៀមគ្រប់បែបយ៉ាងមានន័យថា ហេដ្ឋារចនាសម្ព័ន្ធកីឡានិងធនធានកីឡាករកីឡាការិនីបានត្រៀមយ៉ាងល្អប្រសើរ និង បានបង្កលក្ខណៈជូនប្រជាពលរដ្ឋដូចជាការមិនលក់សំបុត្រចូលទស្សនា ពិសេសទៀតនោះ គឺមិនយកថ្លៃសិទ្ធិបន្តផ្ទាល់សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ហើយលើកលែងកាតព្វកិច្ចបង់ម្នាក់៥០ដុល្លារសម្រាប់មួយថ្ងៃចំពោះប្រតិភូកីឡាករកីឡាការិនីទាំងអស់ដែលមកចូលស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅទឹកដីកម្ពុជា ទាំងអស់នេះបានបង្ហាញពិភពលោកថា កម្ពុជាប្រទេសតូចតែបេះដូងធំ។
សូមបញ្ជាក់ថា ព្រះអាគ្គិជ័យកីឡានេះ តម្កល់ទុកក្នុងវត្តឥន្ត្រីយ៍សំវរៈមួយយប់ សែ្អកថ្ងៃទី០៥ ខែ ឧសភា វេលាម៉ោង៧ព្រឹកនឹងដង្ហែចេញពីឆ្ពោះទៅកាន់រាជធានីភ្នំពេញ ដោយរដ្ឋខេត្តកំពង់ធំអមដំណើរដង្ហែពីពីវត្តឥន្រ្តីយ៍សំវរៈទៅដល់ព្រំប្រទល់ខេត្ត កំពង់ចាម ធ្វើពិធីទទួលរួចបន្តហែលទៅកាន់រាជធានីភ្នំពេញ ទទួលដោយរដ្ឋបាលរាជធានីភ្នំពេញ ហើយបន្តដង្ហែទៅកាន់កន្លែងប្ររព្ធពិធីបើកកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ារ៉ាហ្គេមលើកទី១២ នៅកីឡាដ្ឋានមរតកតេជោ ៕ រូបភាព រិន ចរនា អត្ថបទ៖ ជាវ ចន្ធូ



