ឯកឧត្តម ទុយ រី ៖ ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជាឆ្នាំ២០២៣ នៅប្រទេសជប៉ុន គឺផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីខ្មែរ តាមរយៈការសម្តែងសិល្បៈចម្រុះ និងជាផ្នែកមួយនៃគោលនយោបាយការទូតសេដ្ឋកិច្ច កម្ពុជា-ជប៉ុន

ជប៉ុន ៖ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន មានប្រសាសន៍ថា ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា ឆ្នាំ២០២៣ នៅប្រទេសជប៉ុន គឺផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីខ្មែរតាមរយៈការសម្តែងសិល្បៈចម្រុះ និងជាផ្នែកមួយនៃគោលនយោបាយការទូតសេដ្ឋកិច្ច កម្ពុជា-ជប៉ុន ។

នេះការលើកឡើងនាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន សហការជាមួយគណៈកម្មាធិការពិព័រណ៍កម្ពុជា២០២៣ សហគមន៍ខ្មែរ និងសមាគមន៍និស្សិតខ្មែរ នៅបរិវេណឧទ្យាន យ៉ូយ៉ូហ្កិ ផាក (Yoyogi Park) ក្រុងតូក្យូ ឯកឧត្តម IMAMURA Masahiro សមាជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ឯកឧត្តម TAKAGI Kei អនុរដ្ឋមន្រ្តី្កក្រសួងការបរេទសជប៉ុន ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកស្រី Mina Mino Yoko ទូតសុឆន្ទៈសម្រាប់ខួបទី៧០ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូតនៃបណ្ដា ប្រទេសសមាជិកអាស៊ាន ក្រុមហ៊ុនឯកជនជប៉ុន ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន ព្រមទាំងភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ ។

ឯកឧត្តម ទុយ រី មានប្រសាសន៍បន្ថែមថា ពិព័រណ៍កម្ពុជាត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីខ្មែរតាមរយៈការសម្តែងសិល្បៈចម្រុះ បុរាណសម័យ ការផ្សព្វផ្សាយពីទេសចរណ៍ ការតាំងផលិតផល ព្រមទាំងបង្ហាញមុខម្ហូបខ្មែរជូនមិត្តជប៉ុន និងមិត្តបរទេសផ្សេងទៀតបានស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀត ក៏ដូចជាលើកទឺកចិត្តពួកគាត់អញ្ជើញទៅទស្សនាប្រទេសកម្ពុជា ដែលជាព្រះរាជាណាចក្រអច្ឆរិយៈ ។

ឯកឧត្តម ទុយ រី បានគូសបញ្ជាក់ថា ពិព័រណ៍កម្ពុជា គឺជាផ្នែកមួយនៃគោលនយោបាយការទូតសេដ្ឋកិច្ច ដែលជាគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការគាំទ្រពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តម ឯកអគ្គរាជទូតបានសង្កត់ធ្ងន់ថា ពិព័រណ៍កម្ពុជាមិនត្រឹមតែបានរួមចំណែកក្នុងការផ្លាស់ប្តូរវប្បធម៌ និងជាការតភ្ជាប់រវាងប្រជាជន និងប្រជាជនប៉ុណ្ណោះទេ តែក៏ជាព្រឹត្តិការណ៍នៃការចូលរួមអបអរសាទរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលជាចំណងមិត្តភាពដ៏យូរអង្វែង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូរ ដែលប្រមុខរដ្ឋនៃប្រទេសទាំង២ បានតម្លើងទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅក្នុងឆ្នាំនេះផងដែរ។

ក្នុងនាមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងជាប្រធានគណៈកម្មាធិការរៀបចំពិព័រណ៍ ឯកឧត្ដម ទុយ រី បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុត ទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកចូលរួមទស្សនាការតាំងពិព័រណ៍កម្ពុជា ឆ្នាំ២០២៣នេះ ព្រមទាំងបានថ្លែងអំណរគុណចំពោះសមាជិកគណៈកម្មាធិការពិព័រណ៍កម្ពុជា ដៃគូរសហការឧបត្ថម្ភនានា សិល្បៈករ សិល្បៈការិនី និងក្រុម ការងារស្ម័គ្រចិត្តទាំងអស់ ដែលបានរួមចំណែកជួយរៀបចំ និងញាំងកម្មវិធីនេះឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ជាទីមោទនៈ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា ឆ្នាំ២០២៣ នៅប្រទេសជប៉ុន មានស្តង់ចំនួន ៨១ បានដាក់តាំងបង្ហាញ នូវផលិតផលខ្មែរ និងជប៉ុន ក្នុងនោះក៏មានការដាក់ តាំងបង្ហាញនូវផលិតផល នឹងមុខម្ហូមរបស់ខ្មែរមួយចំនួន ព្រមទាំងមានការរាំរបាំបុរាណខ្មែរ ការបង្ហាញម៉ូតសម្លៀកបំពាក់ធ្វើពីក្រម៉ា និងការប្រគំតន្ត្រីខ្មែរ ព្រមទាំងមានតារាចម្រៀងមកពីប្រទេសកម្ពុជា និងតារាចម្រៀងជប៉ុនចំនួន ៤ក្រុម ហើយជាពិសេស លោកស្រី មីណាមីណុ យ៉ូកូ ទូតសុឆន្ទៈ សម្រាប់ខួបលើកទី៧០ នៃមិត្តភាពកម្ពុជា-ជប៉ុន ក៏បានផ្តល់កិត្តិយសច្រៀងបទ «ឥន្ទនូរសម្រាប់ថ្ងៃស្អែក» ជាបទពិសេស ដើម្បីមិត្តភាពរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner