ឯកឧត្តម នេត្រ ភក្ត្រា ជំរុញលើកទឹកចិត្តឱ្យយុវជនប្រតិបត្តិមេត្រីបរិស្ថាន ដើម្បីចូលរួមការពារភពផែនដី

ខេត្តស្ទឹងត្រែង ៖ ឯកឧត្តម នេត្រ ភក្ត្រា ជំរុញឱ្យយុវជនប្រតិបត្តិមេត្រីបរិស្ថាន ដើម្បីចូលរួមការពារភពផែនដី តាមរយៈការបន្សាំនឹងការប្រែប្រួលអាកាសធាតុ។ ការជំរុញនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញជួបសំណេះសំណាល និងចែករំលែកចំណេះដឹងបរិស្ថានជាមួយសិស្សានុសិស្សវិទ្យាល័យព្រះរាជបូជនីយកិច្ច មុនមួយថ្ងៃនៃការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តស្ទឹងត្រែង។ ពិធីសំណេះសំណាល និងផ្សព្វផ្សាយចំណេះដឹងបរិស្ថាន ក៏មានការអញ្ជើញចូលរួមពីលោក ចៅ មុន្នីរ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តមអគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថាន តំណាងក្រុមហ៊ុនវ័ន ហ្វ្រេតធើនីធី (វីតាល់) រដ្ឋបាលខេត្ត មន្ទីរស្ថាប័នជុំវិញខេត្ត អង្គការដៃគូ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។

ថ្លែងទៅកាន់សិស្សានុសិស្ស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានចែករំលែកនូវចំណេះដឹងពីបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងតើយើងត្រូវធ្វើដូចម្តេចដើម្បីការពារភពផែនដីរបស់យើង ដែលស្របទៅនឹងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី»។

ឯកឧត្តម បានគូសបញ្ជាក់ទៀតថា ការស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីដើម្បីការពារភពផែនដី គឺត្រូវចូលរួមប្រតិបត្តិមេត្រីបរិស្ថាន និងការពារធនធានធម្មជាតិ ដែលកិច្ចការទាំងនេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា «ធម្មជាតិអាចរស់នៅដោយគ្មានមនុស្ស ប៉ុន្តែមនុស្សមិនអាចរស់នៅដោយគ្មានធម្មជាតិបានទេ» ហេតុនេះ យើងត្រូវចូលរួមថែរក្សាបរិស្ថាន និងធនធានធម្មជាតិ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់សិស្សានុសិស្សទាំងអស់ ដែលបានចូលរួម និងមានការយល់ដឹងច្រើនអំពីកិច្ចការពារបរិស្ថាន។ គោលដៅរបស់យើង គឺធ្វើយ៉ាងណាឱ្យមានបរិស្ថានល្អ និងមាននិរន្តរភាពបរិស្ថាន។

គួរបញ្ជាក់ឱ្យដឹងទៀតថា ពិធីសំណេះសំណាល និងផ្សព្វផ្សាយចំណេះដឹងបរិស្ថាន ក៏មានកម្មវិធីសំណួរចម្លើយពាក់ព័ន្ធជាមួយនឹងចំណេះដឹងបរិស្ថាន ហើយមានការចូលរួមយ៉ាងផុសផុលពីសិស្សានុសិស្ស ដោយមានការចោទជាសំណួរ និងឆ្លើយ ដែលបានបង្ហាញពីការយល់ដឹងរបស់សិស្សានុសិស្សអំពីបរិស្ថានផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner