មន្រ្តីឧតុនិយមជប៉ុនព្រមានពីគ្រោះថ្នាក់ ព្រោះភ្លៀងធ្លាក់ខ្លាំងនៅភាគខាងលិច និងខាងកើតប្រទេស
តូក្យូ៖ ភ្លៀងធ្លាក់ខ្លាំងបានកើតមាននៅក្នុងតំបន់គីនគី និងឈូហ្គោគូ នៅភាគខាងលិចប្រទេសជប៉ុន និងតំបន់មួយចំនួននៅភាគខាងកើតប្រទេសជប៉ុនគិតមកទល់ព្រឹកថ្ងៃចន្ទទី០៨ ខែឧសភា (ម៉ោងក្នុងតំបន់) ខណៈមន្ត្រីឧតុនិយមកំពុងព្រមានអំពីហេតុការណ៍បាក់ដីទៅក្នុងទន្លេនៅតំបន់មួយចំនួន។
ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ប្រព័ន្ធសម្ពាធទាបបានបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងលិចប្រទេសជប៉ុន គិតមកទល់ព្រឹកថ្ងៃចន្ទទី០៨ ខែឧសភា ស្របពេលដែលតំបន់ខាន់តូខូស៊ីន និងតូកៃ ក៏មានភ្លៀងធ្លាក់ខ្លាំងផងដែរ។ ភ្លៀងធ្លាក់ខ្លាំងក៏ត្រូវបានគេសង្កេតឃើញផងដែរ នៅកោះណូតូ ខេត្តអ៊ីស៊ីកាវ៉ា ដែលទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដីក្នុងកម្រិត៦.៥រ៉ិកទ័រកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ។
ជាការឆ្លើយតប មន្ត្រីឧតុនិយមជប៉ុនកំពុងជំរុញឱ្យប្រជាជននៅតំបន់នោះ រក្សាការប្រុងប្រយត្ន័ខ្ពស់ ព្រោះទឹកភ្លៀងអាចបង្កើនហានិភ័យ នៃការរអិលបាក់ដីនៅក្នុងតំបន់ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីពីមុន។ ក្នុងរយៈពេល២៤ម៉ោងរហូតមកទល់ព្រឹកថ្ងៃអង្គារទី០៩ ខែឧសភា កោះអ៊ីហ្ស៊ូ អាចនឹងមានភ្លៀងធ្លាក់រហូតដល់កម្ពស់៨០មីលីម៉ែត្រ ខណៈដែលតំបន់ខាន់តូខូស៊ីន និងតូកៃ អាចមានភ្លៀងធ្លាក់កម្ពស់៦០មីលីម៉ែត្រ និងកម្ពស់៥០មីលីម៉ែត្រ។
ជាមួយគ្នានេះ មន្ត្រីឧតុនិយមជប៉ុនបាននិងកំពុងជំរុញឱ្យប្រជាជនមានការប្រុងប្រយត្ន័ខ្ពស់ ចំពោះគ្រោះរអិលបាក់ដី, ទឹកទន្លេជន់ជោ និងគ្រោះទឹកជំនន់នៅក្នុងតំបន់ ចាប់ពីភាគខាងលិចទៅភាគខាងកើតប្រទេសជប៉ុន។ បន្ថែមលើនេះ ពួកគេក៏អំពាវនាវឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្នផងដែរ ចំពោះខ្យល់បក់បោកខ្លាំង, រលកខ្ពស់ៗ, ផ្លេកបន្ទោរ និងខ្យល់ព្យុះកំបុតត្បូង៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា