ព្រះមហាក្សត្រយាងចុះសាកសួរសុខទុក្ខប្រជារាស្ត្រនៅខេត្តកំពង់ឆ្នាំង (Video Inside)
ព្រះករុណាព្រះមហាក្សត្រ បានយាងចុះសាកសួរសុខទុក្ខ និងប្រោសប្រទាន ព្រះរាជអំណោយដល់ប្រជាកសិករចំនួន ៤៤០គ្រួសារ ដែលរស់នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
ការយាងចុះសាកសួរសុខទុក្ខនៅថ្ងៃទី១០ ឧសភា ២០២៣ បានអមព្រះរាជដំណើរដោយសម្ដេចចៅហ្វាវាំង គង់ សំអុល, អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ, តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង លោកស្រី កែ ច័ន្ទមុនី និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ ប្រជាពលរដ្ឋទាំង ៤៤០គ្រួសារ ដែលព្រះអង្គបានយាងចុះសាកសួរសុខទុក្ខនោះ គឺជាពលរដ្ឋ ដែលរស់នៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ព្រះរាជអំណោយ ដែលព្រះមហាក្សត្រព្រះប្រទានដល់ប្រជានុរាស្ត្ររបស់ព្រះអង្គរួមមាន មួយគ្រួសារទទួលបានអង្ករចំនួន ១បាវស្មើនឹង ៥០ គីឡូក្រាម, ឃីត១កញ្ចប់ ក្នុងនោះមាន មុង១, ភួយ១, ក្រម៉ា១, សារ៉ុង១, មីចំនួន២កេស, ត្រីខ១យួរ ស្មើនឹង១០កំប៉ុង, ទឹកស៊ីអ៊ីវចំនួន ១យួរស្មើនឹង៦ដប, កន្ទេលចំនួន១, ស្បែកជើងផ្ទាត់ចំនួន១គូ និងថវិកាចំនួន២០ម៉ឺនរៀល។
ព្រះមហាក្សត្រនៅបានសព្វព្រះរាជហឫទ័យ ប្រទានអាហារដល់កុមារាកុមារីជាច្រើនរយនាក់ផងដែរ។ ព្រះអង្គបានបន្តយាងសួរសុខទុក្ខដល់កុមារាកុមារី ដែលកំពុងទទួលទានអាហារ និងបានយាងសួរសុខទុក្ខដល់ប្រជានុរាស្ត្រ តាមលំនៅដ្ឋានមួយចំនួនក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ នោះផងដែរ៕