សកម្មជនគណបក្សភ្លើងទៀនបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)
ការភ្ញាក់រលឹកដោយសកម្មជន និងមន្ត្រីគណបក្សប្រឆាំង សុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា នៅមុនការបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣ ត្រូវគេកត់សម្គាល់ថា ប្រៀបដូចជាទឹកបាក់ទំនប់។
ខែមេសា និងខែឧសភា ក្នុងឆ្នាំ២០២៣នេះ ត្រូវគេកត់សម្គាល់ថា គឺជាខែដែលមានការសុំចូលរួមជីវភាពនយោបាយជាច្រើនបំផុត ពីសំណាក់សកម្មជន និងមន្ត្រីនយោបាយរបស់អតីតគណបក្សប្រឆាំងនានា។
យោងតាមវីដេអូឃ្លីបមួយបង្ហោះក្នុងសប្តាហ៍នេះ មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំង ដែលកំពុងបំរើការក្នុងខេត្តបាត់ដំបង និងខេត្តព្រះសីហនុ បានសារភាពនូវកំហុសឆ្គាំឆ្គងរបស់ខ្លួនពីអតីតកាល និងពួកគេបានស្នើសុំរកការចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន កាលពីសប្តាហ៍មុនបញ្ជាក់ថា ពេលនេះទឹកដែលធ្លាប់តែរងល្អក់ បានភ្លឺថ្លាមកវិញហើយ។ ក្នុងសារសម្លេងមួយប្រាប់ក្រុមយុវជនតាមបណ្តាញសកលវិទ្យាល័យ ដែលធ្លាប់បំរើគណបក្សប្រឆាំង, សម្តេចបានថ្លែងបញ្ជាក់ប្រាប់ពួកគេមកវិញយ៉ាងនេះ។
ក្នុងសប្តាហ៍នេះផងដែរ, សកម្មជនមួយរូបរស់នៅក្នុងសហរដ្ឋអាមេរិកលោក ទូច វិបុល ដែលជាប្រធានសម្ព័ន្ធខ្មែរ អាមេរិកាំង និងធ្លាប់ជាអតីតសកម្មជនប្រឆាំងដ៏ខ្លាំងក្លា នៅក្រៅប្រទេសនោះ បានធ្វើសារសម្លេងបង្ហោះតាមវីដេអូ កាលពីថ្ងៃទី៨ ឧសភា បង្ហាញការភ្ញាក់រលឹករបស់ខ្លួន។
សាររបស់លោក ប៉ែន វិបុល បានអំពាវនាវពលរដ្ឋខ្មែរឈប់ជឿ និងចាញ់បោកគណបក្សប្រឆាំង និងសារសម្លេងដដែលបានអំពាវនាវប្រជាជនខ្មែរសូមទៅចូលរួមបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។
នៅជាមួយគ្នានេះផងដែរ, អតីតមិត្តភក្តិម្នាក់ទៀតរបស់លោក ទូច វិបុល ឈ្មោះ និន ណរតន៍ បានធ្វើលិខិតនិងបង្ហោះសារសម្លេងរបស់ខ្លួនសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។
ក្នុងសប្តាហ៍នេះផងដែរ, យុវជនបង្គោលមួយរូបរបស់គណបក្សភ្លើងទៀនស្ថិតក្នុងស្រុកបរកែវ ខេត្តរតនគិរី បានថ្លែងថាក្រោយការបំរើក្រុមគណបក្សប្រឆាំងជាយូរមកនោះ លោកបានមើលឃើញថាគណបក្សប្រឆាំង គឺជាគណបក្សដែលពុករលួយ និងមិនដែលគិតអំពីប្រយោជន៍ជាតិនោះឡើយ។
កម្ពុជានៅសល់តែជាង៧០ថ្ងៃទៀតតែប៉ុណ្ណោះ នឹងឈានដល់ការបោះឆ្នោតសកលហើយ។ នៅទន្ទឹមនឹងការសុំចូលរួមរបស់សកម្មជនមន្ត្រីគណបក្សប្រឆាំងសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជាដ៏ច្រើនសន្ធឹកសន្ធាប់នាពេលនេះ គណបក្សភ្លើងទៀន បានប្រាប់បណ្តាញសារព័ត៌មានថា លោក រ៉ុង ឈុន ដែលឈរជាបេក្ខជនបោះឆ្នោតលេខរៀងទី១ សម្រាប់មណ្ឌលខេត្តកណ្តាលនោះ បានប្រកាសដកខ្លួនចេញពីការឈរឈ្មោះនោះហើយ ក្រោយពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រាប់គណបក្សភ្លើងទៀនថា លោក រ៉ុង ឈុន នោះកំពុងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងស្ថិតក្នុងការព្យួរសាកល្បងទោស ដែលមិនទាន់បានបញ្ចប់នៅឡើយ។
គជប ថ្លែងថាថាករណីលោក រ៉ុង ឈុន នោះ នៅមិនទាន់មាននីតិសម្បទាគ្រប់គ្រាន់ ដែលអាចឈរឈ្មោះឱ្យគេបោះឆ្នោតបានឡើយ។