សម្តេចតេជោចង់ជួយទីម័រខាងកើតក្លាយជាប្រទេសសន្តិសុខស្បៀង (Video Inside)
នាយករដ្ឋមន្ត្រីទីម័រខាងកើត បានសម្តែងក្តីអរគុណចំពោះកម្ពុជា ដែលបានប្រឹងប្រែងជួយជម្រុញបេក្ខភាពប្រទេសទីម័រក្លាយជាសមាជិកទី១១ របស់អាស៊ាន។ លោក តាអ៊ូ ម៉ាតាំង រូអាក់ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងក្របខ័ណ្ឌអាស៊ាន ដែលប្រព្រឹត្តទៅរវាងពីថ្ងៃទី១០ ដល់ទី១១ ខែឧសភា នៅទីក្រុងឡាប៊ូនបាចូ នៃប្រទេសឥណ្ឌូណេស៊ី ខណៈដែលទីម័រខាងកើតជាគោលការណ៍ នឹងក្លាយជាសមាជិកទី១១របស់អាស៊ាន។
ក្នុងជំនួបមួយរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងនាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើត កាលពីថ្ងៃទី៩ ឧសភា ឆ្នាំ២០២៣… លោក តាអ៊ូ ម៉ាតាំង រូអាក់ បានថ្លែងថា «វត្តមានទីម័រក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលនេះ គឺមិនអាចកាត់ផ្ដាច់បាន ពីការជួយជ្រោមជ្រែងរបស់សម្ដេចតេជោ ហ៊ុន សែន ឡើយ»។
លោកបានថ្លែងថាកម្ពុជាបានជួយជ្រោមជ្រែងប្រទេសទីម័រតាំងពីដើមរហូតមក ដើម្បីឱ្យប្រទេសទីម័រខាងកើតបានក្លាយជាសមាជិករបស់អាស៊ាន។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងទីម័រខាងកើត, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ឲ្យទីម័រខាងកើតជាប្រទេសមានសន្តិសុខស្បៀង។ សម្តេចបន្តថា សម្តេចមានបំណងចង់ឲ្យអ្នកវិនិយោគរបស់ទីម័រខាងកើត មកវិនិយោគនៅក្នុងប្រទេសកម្ពុជា បង្កើតរោងចក្រកិនស្រូវនាំអង្ករចេញទៅកាន់ប្រទេសទីម័រ …ដោយឡែកនៅមាន កន្ទក់ដែលសម្រាប់ផលិតជាចំណីសត្វ។
សម្តេចបានបញ្ជាក់បន្ថែមថា ប្រសិនបើប្រទេសទីម័រខាងកើតឯកភាព កម្ពុជានឹងបញ្ជូនអ្នកជំនាញផ្នែកកសិកម្មទៅសិក្សាដីនៅឯប្រទេសទីម័រខាងកើត ដើម្បីចង់ដឹងថាតើស្ថានភាពដីនៅទីនោះអាចដាំដុះទៅលើដំណាំអ្វីបានផលច្រើន។
នាយករដ្ឋមន្រ្តីទីម័រខាងកើត បានទទួលយកនូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធទៅនឹងសន្តិសុខស្បៀង ដើម្បីឲ្យមានការអភិវឌ្ឍវិស័យកសិកម្មដោយខ្លួនឯង និងមានសន្តិសុខស្បៀង៕