បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចបីសំខាន់ ដែលនាំប្រទេសរីកចម្រើនបច្ចុប្បន្ន (Video Inside)
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ភាពរីកចម្រើនរបស់ប្រទេសបានស្ថិតស្មើនឹងអន្តរជាតិ ដែលទាំងនេះ គឺជាមោទកភាពជាតិ។ ប្រសាសន៍ថ្លែងនេះបានធ្វើឡើងនៅឱកាសជួបសំណេះសំណាលជាមួយបុគ្គលិក, សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ South-East Asia ក្រុងសៀមរាប កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ”ប្រជាពលរដ្ឋកម្ពុជាកំពុងមានមោទកភាពជាតិ ដែលខ្មែរមានវឌ្ឍនភាពរីកចម្រើនស្មើមុខស្មើមាត់ ហើយអន្តរជាតិក៏បានស្គាល់ខ្មែរ កាន់តែច្បាស់ ទាំងនេះក៏ដោយសារខ្មែរមានធនធានមនុស្សប្រកបដោយសមត្ថភាព និងសាមគ្គីភាពរួបរួមគ្នាក្នុងធ្លុង នៃស្មារតីជាតិនិយមបែបវិជ្ជមាន”។
លោកបានមានប្រសាសន៍អំពាវនាវ សូមបន្តរួមគ្នាថែមទៀត ដើម្បីបង្កើតជាថាមពលវិជ្ជមាន តាមរយៈការខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ ឱ្យបានកាន់តែខ្ពង់ខ្ពស់ ស័ក្តិសមជាប្រជាជាតិដែលមានអរិយធម៌រុងរឿងត្រចះត្រចង់ ដូចក្នុងសម័យអង្គរ។
លោកបានថ្លែងបញ្ជាក់ថា ដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិ គឺអាស្រ័យដោយបរិស្ថានគ្របដណ្តប់អំណោយផលចំនួន៣គឺ៖ ទី១. ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវ សន្តិភាពពេញលេញ, ទី២. កត្តាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងទី៣. ការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍប្រទេសប្រកបដោយចក្ខុវិស័យច្បាស់លាស់ ដូចជាគោលនយោបាយបើកចំហរជើងមេឃ និងការកំណត់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ជាដើម។