ជប៉ុនផ្តល់ថវិកាជិត៧ម៉ឺនដុល្លារជួយកម្ពុជាដែលរៀបចំបោះឆ្នោតសកល (Video Inside)

ប្រទេសជប៉ុនបានផ្តល់ថវិកាជិត៧ម៉ឺនដុល្លារ សម្រាប់គាំទ្រសង្កេតការណ៍ ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣។ ការផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ ដោយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី និងអ្នកតំណាងស្ថាប័នទទួលជំនួយ។

លោកឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី បានពន្យល់ដោយសង្ខេបអំពីការគាំទ្ររបស់ជប៉ុន សម្រាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបានថ្លែងថា ជប៉ុនតែងតែគាំទ្រ និងរួមដំណើរជាមួយកម្ពុជា នៅលើមាគ៌ា នៃការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យ ចាប់តាំងពីមុនការសម្រេចបាននូវសន្តិភាពនៅកម្ពុជា នៅដើមទសវត្សរ៍ ឆ្នាំ១៩៩០នោះមក។

ឯកអគ្គរាជទូតជប៉ុន បានបន្តថា រដ្ឋាភិបាលជប៉ុនបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការគាំទ្រ ការបោះឆ្នោត ដែលជាមូលដ្ឋានគ្រឹះ នៃលទ្ធិប្រជាធិបតេយ្យ និងបញ្ជាក់ថាជប៉ុន បានបន្តការគាំទ្រការបោះឆ្នោតតាមមធ្យោបាយផ្សេងៗ ទាំងដោយផ្ទាល់ និងដោយប្រយោល រួមទាំងការបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកកាន់កម្ពុជាសម្រាប់ការបោះឆ្នោតសកលកន្លងមក។

លោក អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា ជប៉ុនបានផ្តល់ជំនួយឥតសំណងជាហិបឆ្នោត និងរថយន្ត ក៏ដូចជាជំនួយបច្ចេកទេសដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ជប៉ុនក៏បាន ផ្តល់ប្រព័ន្ធជីវមាត្រសម្រាប់ការចុះឈ្មោះបោះឆ្នោតផងដែរ។ បច្ចុប្បន្ន អង្គការចៃកា កំពុងបញ្ជូនអ្នកជំនាញទៅ គ.ជ.ប ដើម្បីរៀបចំកម្មវិធីអប់រំទូទៅដោយ គ.ជ.ប ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពីការបោះឆ្នោត។

ads banner