ភ្ញាក់ខ្លួនចាញ់ឃោសនាទណ្ឌិត សម រង្ស៊ី និងបក្ខពួក៖ លោកស្រី ឃុត ណារឿន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ លោកស្រី ឃុត ណារឿន មន្ត្រីគណបក្សប្រឆាំងបានសម្រេចចិត្តសូមចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា និងសូមការអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកខ្លួនបានវ៉ៃប្រហាររិះគន់ មួកបង្កាច់ដោយគ្មានការពិត ដោយសារតែចាញ់បោកការឃោសនារបស់ទណ្ឌិតជនក្បត់ជាតិ៣ជំនាន់ និងក្រុមមេដឹកនាំបក្សប្រឆាំងនាពេលកន្លងមមកនេះ។
តាមរយៈវីដេអូឃ្លីប លោកស្រី ឃុត ណារឿន បានថ្លែងថា ដោយសារជឿលើការឃោសនារបស់គណបក្សប្រឆាំងអតីតគណបក្សសង្គ្រោះជាតិ ក៏ដូចជាគណបក្សភ្លើងទៀន ខ្លួនបាននិយាយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបបស់សម្តេចតេជោ ហ៊ុន សែន។ សូមអភ័យទោសសម្តេច និងលើកលែងទោសដល់ខ្លួន។ លោកស្រី ឃុត ណារឿន ក៏បានសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោកស្រី ណារឿន បានបញ្ជាក់ថា “កូនល្ងិតល្ងង់នៅក្មេងធ្វើឲ្យកូន ចាញ់បោកលោកសម រង្ស៊ី ពីមុនមក ធ្វើឱ្យកូនដើរតាមផ្លូវសង្គ្រោះជាតិ រហូតដល់កូនទៅញុះញង់ប្រជាពលរដ្ឋឱ្យរកថវិកាចូលរួមជួយបើកទូរទស្សន៍សង្គ្រោះជាតិ ប៉ុន្តែផ្ទុយទៅវិញធ្វើឱ្យកូនខកចិត្តដោយសារតែទូរទស្សន៍សង្គ្រោះជាតិ អត់បានចេញទេ អត់បានចេញជារូបរាងទេ ហើយលុយកាក់ដែលកូនខំប្រមូលពីប្រជាពលរដ្ឋឱ្យសង្គ្រោះជាតិ បើកទូរទស្សន៍មិនដឹងថវិកាទាំងនោះ បាត់ទៅណាមកដល់បច្ចុប្បន្ន ធ្វើឱ្យកូនអស់ជំនឿចិត្តទៅលើគណបក្សប្រឆាំង មិនថាគណបក្សសង្គ្រោះជាតិពីមុន ឬមួយគណបក្សភ្លើងទៀនបច្ចុប្បន្ន។ កូនឃើញការដឹកនាំរបស់សម្តេចពុករហូតមកដល់បច្ចុប្បន្ននេះ ធ្វើឱ្យកូនភ្ញាក់ខ្លួនខ្លាំងមែនទែន ដោយសារទៅណាក៏ឃើញតែការអភិវឌ្ឍន៍”។
លោកស្រី ឃុត ណារឿន បានអះអាងថា សុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា និងពលីគ្រប់បែបយ៉ាងដើម្បីបម្រើគណបក្សប្រជាជនកម្ពុជា។ សុំជ្រកក្រោមម្លប់ពោធិ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសូមស្វាគមន៍លោកស្រី ឃុត ណារឿន ដែលបានស្នើរសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈការបកស្រាយក្នុងវីដេអូនេះនឹងជួយពន្យល់ដល់ប្រជាជនយើងថា តើក្រុមប្រឆាំងគេបានធ្វើអ្វីខ្លះចំពោះប្រជាជនយើង៕
ដោយ៖ពលជ័យ