អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅក្នុងសករាជសន្តិភាពរបស់សម្ដេចតេជោ គឺជាព្រឹតិ្តការណ៍អស្ចារ្យសម្រាប់កម្ពុជា
ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាព នៃកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលបានប្រារព្ធធ្វើនៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងសករាជសន្តិភាពភាពរបស់សម្ដេចតេជោនាពេលនេះ គឺជាព្រឹតិ្តការណ៍អស្ចារ្យសម្រាប់កម្ពុជារបស់យើង ហើយវាគឺជាមោទនភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាពលរដ្ឋកម្ពុជារបស់យើង ដែលបានរួមរស់នៅក្នុងម្លប់សន្តិភាព នៃការដឹកនាំដ៏ឆ្លាតវៃ និងយកចិត្តទុកដាក់ខ្ពស់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលក្នុងរយៈកាល២៥ឆ្នាំ ក្រោយពេលដែលបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺនៅក្នុងសករាជសម្តេចតេជោនេះហើយ ដែលរាជរដ្ឋាភិបាលមានឱកាសរៀបចំប្រាព្ធនៅការប្រកួតស៊ីហ្គេមលើកទី៣២ ដែលយើងរកចាប់អស់រយៈពេល៦៤ឆ្នាំកន្លងមកនេះ។
ព្រឹត្តិការណ៍នេះ គឺជាព្រឹត្ដិការណ៍ដ៏អស្ចារ្យ ជាពិសេស គឺយើងបានចូលរួមនៅក្នុងពេលបើកនៅឯពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាពហុកីឡាដ្ឋានជាតិមួយដ៏ធំសម្បើមហើយបានបើកកម្មវិធីដ៏អស្ចារ្យបង្ហាញអំពីដំណើរនៃកំណើតនគរកម្ពុជា រួមជាមួយនឹងព្រឹតិ្តការណ៍ផ្សេងផ្សេងទៀតក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ នឹងរួមទាំងគោលការណ៍នយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលបានកសាងវប្បធម៌ សេដ្ឋកិច្ចសង្គម និងអភិវឌ្ឍលើគ្រប់វិស័យ។ លោក សេរីរដ្ឋា បានបន្តថា ស៊ីហ្គេមលើកទី៣២នេះ ដែលលោកហៅថាអស្ចារ្យ ពីព្រោះយើងឃើញថាទីមួយ កម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ហើយក៏ជាព្រឹត្ដិការណ៍កីឡាដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាដែរ។ ពីព្រោះក្រុមប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ដែលមានអត្តពលិករាប់រយនាក់បានបញ្ជូនមកប្រកួតស៊ីហ្គេមនៅកម្ពុជា ជាពិសេសគឺប្រទេសទីម័រ គឺជាប្រទេសសមាជិកអាស៊ានចុងក្រោយ ហើយបានចូលរួមប្រកួតស៊ីហ្គេមលើកដំបូងនៅប្រទេសកម្ពុជា ដែលកម្ពុជារៀបចំព្រឹត្ដិការណ៍ស៊ីហ្គេមដំបូងដូចគ្នា។ ទីពីរ ជាមួយនឹងការចំណាយថវិកាជាង៣០០លានដុល្លារដែលរួមទាំងការចំណាយលើការសាងសង់ពហុកីឡាដ្ឋាន រៀបចំភូមិកីឡា ការរៀបចំទទួលកីឡាឱ្យមករួមរស់ហាត់សមហូបចុកដោយឥតគិតថ្លៃ។ ស៊ីហ្គេមលើកទី៣២នេះ គឺយើងឃើញក្លាយទៅជាស៊ីហ្គេមលើកទីមួយដែលលើកលែងការបង់ថ្លៃអាហារ ការស្នាក់នៅ ការធ្វើដំណើរ គឺកម្ពុជាផ្តល់ឱ្យអត្តពលិកម្នាក់ៗ មកពីគ្រប់ប្រទេសទាំងអស់ គឺមិនយកកម្រៃអ្វីទាំងអស់។ ទីបួន ការបើកពិធីប្រកួតកីឡាស៊ីហ្គេមដែលយើងបានឃើញកន្លងទៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺថាជាស្តង់ដារបើកកីឡាអូឡាំពិកតែម្ដង កម្រិតអូឡាំពិក អ៊ីចឹងហើយបានជាសម្តេចតេជោលោកទទួលបានមេដាយមរតកអូឡាំពិកអន្តរជាតិ ដែលជាមេដាយកម្រិតខ្ពស់បំផុតផ្តល់ជូនដោយគណៈកម្មាធិការកីឡាអន្តរជាតិអូឡាំពិក។ ដែលក្នុងនោះមានលោកអនុប្រធានទីមួយដែលជាតំណាងប្រធានគណៈកម្មាធិការអន្តរជាតិអូឡាំពិក បានអញ្ជើញចូលរួម និងប្រគល់មេដាយជូនទៅសម្ដេចអគ្គមហាសេនាបតីតេជោក្នុងឋានៈលោកជានាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រមុខអ្នកចង្អុលទិសជាមគ្គុទ្ទេសដឹកនាំការប្រារព្ធបើកស៊ីហ្គេមលើកទី៣២នេះ។ កម្ពុជាមិនយកថ្លៃរួមទាំងការចូលទស្សនា រួមទាំងការផ្សព្វផ្សាយ រួមទាំងអ្វីៗគ្រប់សព្វបែបយ៉ាងទាំងអស់។ យើងឃើញថា អ្វីដែលកើតឡើងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ វាទៅជាគេហៅថា ជាព្រឹតិ្តការណ៍មួយប្រកួតលើកទី៣២ ដែលមិនយកថ្លៃ គឺជាលើកទី១ ក្នុងប្រវត្តិសាស្ត្រ។ ប្រជាពលរដ្ឋកម្ពុជារបស់យើង គឺថាអ្នកគាំទ្រកីឡាទាំងយុវជន ទាំងចាស់ ទាំងស្រីទាំងប្រុស ទាំងក្មេង ដែលគ្រប់អាយុដែលស្គាល់អាហារអ្វីដែលហៅថាកីឡាករ គឺថាបានរំភើបរីករាយក្រៃលែងដែលបានចូលទៅទស្សនាផ្ទាល់ ក៏ដូចជាទស្សនាតាមរយៈការផ្សាយផ្ទាល ហើយយើងឃើញថា រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់បន្ថែមទៀតនោះ គឺការណែនាំឱ្យគ្រប់ខេត្តរាជធានីស្រុកខណ្ឌទាំងអស់ ដែលមានលទ្ធភាពគឺត្រូវតែរៀបចំផ្សាយបន្តផ្ទាល់ ដើម្បីឱ្យប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តដែលគ្មានវេលាដែលចូលរួមទស្សនាយកលិខិតចូលទស្សនាផ្ទាល់ គឺអាចមើលការប្រកួតស៊ីហ្គេមតាមរយៈប្រព័ន្ធទូរទស្សន៍ដែលផ្សាយបន្តផ្ទាល់តាមរយៈការផ្សាយបន្តផ្ទាល់នៅតាមមូលដ្ឋានក្នុងខេត្តរាជធានីទៀត។
អ្នកតាមដានព្រឹត្តិការនយោបាយបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍អស្ចារ្យជាប្រវត្តិសាស្ត្រដ៏សំខាន់នៅក្នុងសករាជដឹកនាំរបស់សម្ដេចតេជោ ហើយយើងឃើញថា ដែលបានចូលរួមដាអ្នកដែលបានចូលទស្សនា គឺសុទ្ធតែចងចាំមិនអាចបំភ្លេចបានទេ។ ជាពិសេស គឺលោកចង់លើកបង្ហាញថា ព្រឹត្តិការណ៍ការបើកស៊ីហ្គេមកាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បើសិនជាឱ្យពិពណ៌នាមិនដឹងថាយកពាក្យអ្វីមកពិពណ៌នាទេ គឺថាវាស្ទើរតែគ្មានពាក្យណាដែលអាចមកពិពណ៌នាឲ្យស័ក្ដិសមនឹងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ បើសិនជាយករូបថតមកបង្អួតក៏មិនដឹងយកពីជ្រុងណាដែរ ពីព្រោះវាល្អគ្រប់ជ្រុងទាំងអស់ អ៊ីចឹងបើសិនជាអួតជ្រុងមួយគឺវាបាត់ជ្រុងមួយ។ ប៉ុន្តែប្រសិនជាបានចូលតស្សនាដោយភ្នែកផ្ទាល់តែម្ដង គឺដ៏អស្ចារ្យមែនទែន។ អ្វីដែលកម្ពុជារង់ចាំ៦៤ឆ្នាំកន្លងមកនេះ ហើយអ្វីដែលសម្ដេចតេជោលោកបានខិតខំប្រឹងប្រែងនឹងរៀបចំឲ្យកម្ពុជាក្លាយទៅជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២នេះ គឺថាមិនខកបំណងទេ ប្រជាពលរដ្ឋកម្ពុជាដែលបានរស់ក្នុងសករាជរបស់សម្ដេចតេជោ គឺបានមើលឃើញច្បាស់អំពីសមិទ្ធិផលក្រៅតែពីការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សន្តិភាព ខឿនវប្បធម៌សង្គម ក្រៅពីនោះគឺថាកីឡាបានរីកចម្រើនខ្ពស់មែនទែន។
ប្រភពដដែលបានលើកឡើងថា ព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍ដែលកូនខ្មែរគ្រប់គ្នា គឺត្រូវចងចាំក្នុងប្រវត្តិសាស្ត្រសម្ដេចតេជោ គឺសមិទ្ធផលច្រើនណាស់ ក្រៅតែអំពីការរំដោះអាយុជីវិតប្រជាពលរដ្ឋឱ្យរួចផុតអំពីការកាប់សម្លាប់នៃរបបខ្មែរក្រហមក្រោយថ្ងៃ ៧ មករា ១៩៧៩ មកយើងឃើញថា ការរំដោះ ភាពអត់ឃ្លានរបស់ប្រជាពលរដ្ឋចេញពីគ្រោះទុរ្ភិក្សដោយសារតែសង្គ្រាមស៊ីវិលបែកបាក់ដោយសារការកាប់សម្លាប់ គឺដើម្បីធ្វើឲ្យប្រជាពលរដ្ឋមានការហូបចុកគ្រប់គ្រាន់ រំដោះដោះទុក្ខប្រជាពលរដ្ឋចេញពីសង្គ្រាមស៊ីវិលរបស់ជនកម្ពុជាខ្លួនឯងប្រែក្លាយកម្ពុជាទៅជារដ្ឋសន្តិភាព ទៅជាព្រះរាជាណាចក្រសន្តិភាពដែលរស់នៅក្នុងម្លប់សន្ដិភាពក្នុងរយៈពេល២៥កន្លងមកហើយ គឺយើងគ្មានសង្គ្រាម គ្មានការការប្រយុទ្ធ គ្មានបែកបាក់គ្នាទៀតទេ។ យើងបានឆ្លងកាត់នូវសមរភូមិកូវីដ ដែលជាសមរភូមិនៃការប្រយុទ្ធប្រឆាំងដ៏ធំនៅក្នុងពិភពលោកនៃជំងឺរីករាលដាលកូវីដ-១៩ ក៏កម្ពុជាបានជោគជ័យក្រោមគោលនយោបាយដឹកនាំរដ្ឋាភិបាលស្រោចស្រពវ៉ាក់សាំងការពារកូវីដ-១៩ ដែលធ្វើឱ្យយើងអាចរៀបចំព្រឹត្តិការណ៍ធំៗជាច្រើនរួមទាំងការប្រកួតស៊ីហ្គេមលើកទី៣២នេះ ក៏ដូចជាការប្រជុំអាស៊ាន រួមទាំងអាស៊ានពាក់ព័ន្ធកន្លងទៅ ជាពិសេសគឺការរៀបចំរៀបចំប្រពៃណីសង្ក្រាន្តចូលឆ្នាំថ្មី ២០២៣ ដែលប្រជាពលរដ្ឋកម្ពុជាជាង១៣លាននាក់ បានចូលរួមជាមួយនឹងរាជរដ្ឋាភិបាលសប្បាយរួមគ្នាអត់មានការភ័យបារម្ភ ភ័យខ្លាចអំពីកូវីដ-១៩។
លោក សួន សេរីរដ្ឋា បានសង្កត់ធ្ងន់ថា ឥឡូវនេះ គឺថាអន្តរជាតិ ពិភពលោកកំពុងតែមើលមកកម្ពុជា គឺជាប្រទេសសន្តិភាព ជាប្រទេសដែលមានសក្ដានុពលងើបចេញពីវិបត្តិកូវីដ-១៩ ពង្រឹងនៅការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ខ្លួនបានរឹងមាំ ជាពិសេសគឺបង្ហាញនូវការទទួលខុសត្រូវរៀបចំស៊ីហ្គេមលើកទី៣២ ដែលផ្តល់ជូនគ្រប់បណ្ដាប្រទេសទាំងអស់ដែលចូលរួម គឺដោយឥតគិតថ្លៃ គឺជាព្រឹតិ្តការណ៍ប្រវត្តិសាស្ត្រក្នុងពិភពលោកជាលើកដំបូង ដែលកម្ពុជាបង្ហាញពីបេះដូងពិតរបស់កម្ពុជា ប្រទេសតូចបេះដូងធំហើយពលរដ្ឋកម្ពុជាទាំងអស់យើងរួមគ្នាដកដង្ហើមក្នុងចង្វាក់បេះដូងតែមួយ ដើម្បីទទួលស្វាគមន៍កីឡាពីគ្រប់ទិសទី និងភ្ញៀវអន្តរជាតិ ទេសចរអន្តរជាតិគ្រប់ទិសទីសម្រាប់ឲ្យស្គាល់កម្ពុជាពិតជានរណា ហើយកម្ពុជាពិតក្រោមការដឹកនាំរបស់សម្ដេចតេជោមានសក្ដានុពលប៉ុណ្ណា នេះគឺជាអ្វីដែលជាមោទនភាពរបស់ប្រជាជាតិកម្ពុជាទាំងមូល៕
ដោយ៖ពលជ័យ