សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បកអាក្រាតល្បិចកលក្រុមប្រើស្លាកលទ្ធិប្រជាធិបតេយ្យក្លែងក្លាយ (Video Inside)

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងប្រាប់អតីតសមាជិកគណបក្សភ្លើងទៀន នូវមុខមាត់បង្កប់ដោយល្បិចពិសពុលរបស់ក្រុមប្រើស្លាកលទ្ធិប្រជាធិបតេយ្យក្លែងក្លាយ ដែលប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។

ប្រសាសន៍របស់សម្តេចកិត្តិសង្គហបណ្ឌិត បានធ្វើឡើងនៅថ្ងៃទី១១ ឧសភា ឆ្នាំ២០២៣ ក្នុងឱកាសជួបសំណេះសំណាលអតីតសកម្មជនគណបក្សភ្លើងទៀន ក្នុងខេត្តស្វាយរៀង ដែលទើបបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

នៅក្នុងខេត្តស្វាយរៀងនោះ អតីតសកម្មជនគណបក្សប្រឆាំង ដែលបានសុំមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា រួមមាន៖ លោក គង់ ម៉ាស់, លោកស្រី កុល សាតា និងលោក សុន មករា ដែលបានសារភាពការសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ គឺដោយសារតែពួកគេអស់ជំនឿលើមេដឹកនាំក្រុមបក្សប្រឆាំង។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងបកអាក្រាតនូវមុខមាត់ក្រុមប្រើប្រាស់ស្លាកលទ្ធិប្រជាធិបតេយ្យក្លែងក្លាយ និងសម្តេចកិត្តិសង្គហបណ្ឌិតបានអំពាវនាវពលរដ្ឋ «ត្រូវចូលរួមទប់ស្កាត់ល្បិចកលរបស់ក្រុមប្រឆាំងក្រៅច្បាប់ ទាំងក្នុងនិងក្រៅប្រទេសដែលបំផ្លើសពីការពិតនៅកម្ពុជា រួមជាមួយពួកបរទេសមួយចំនួនទៀត ដែលបានអំពាវនាវឱ្យមានការបះបោរ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់»។

សម្តេចកិត្តិសង្គហបណ្ឌិតបានថ្លែងថា ល្បិចកលពិសពុលរបស់ក្រុមប្រើស្លាកលទ្ធិប្រជាធិបតេយ្យក្លែងក្លាយគឺ «ជាហេតុតែងនាំបង្កឱ្យមានចលាចលប៉ះពាល់ដល់ស្មារតីសាមគ្គីផ្ទៃក្នុងជាតិទាំងមូល និងផលប្រយោជន៍ប្រជាជនទូទាំងប្រទេស»។

ការភ្ញាក់រលឹកដោយសកម្មជន និងមន្ត្រីគណបក្សប្រឆាំងសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជានៅមុនការបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣ ត្រូវគេកត់សម្គាល់ថា ប្រៀបដូចជាទឹកបាក់ទំនប់។ ខែមេសា និងខែឧសភា ក្នុងឆ្នាំ២០២៣នេះ ត្រូវគេកត់សម្គាល់ថា គឺជាខែដែលមានការសុំចូលរួមជីវភាពនយោបាយជាច្រើនបំផុត ពីសំណាក់សកម្មជន និងមន្ត្រីនយោបាយរបស់អតីតគណបក្សប្រឆាំងនានា។

នៅថ្ងៃទី១១ ឧសភានេះ វីដេអូថ្មីមួយទៀតរបស់អនុប្រធានគណបក្សភ្លើងទៀន ប្រចាំខេត្តតាកែវ ត្រូវបានបង្ហោះតាមបណ្តាញសង្គមបង្ហាញ ការសុំចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន កាលពីសប្តាហ៍មុន បានថ្លែងបញ្ជាក់ថា ពេលនេះទឹកដែលធ្លាប់តែរងល្អក់ពីមុននោះ ពេលនេះបានភ្លឺថ្លាមកវិញហើយ។

ads banner