សម្ដេចក្រឡាហោម បានចាត់ទុកព្រះពុទ្ធសាសនា ជាមូលដ្ឋានក្នុងការអប់រំផ្នត់គំនិត និងផ្តល់នូវពុទ្ធិឱ្យមនុស្សប្រព្រឹត្តិនូវអំពើជាកុសល
ខេត្តបាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្ដេចព្រះសុមេធាធិបតី នន្ទ ង៉ែត ១ខ្នង កម្ពស់៤ជាន់ ១២បន្ទប់ និងសមិទ្ធផលនានា នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ស្ថិតនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបងព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣នេះ ។
អគារសិក្សាឧបត្ថម្ភដោយ ឯកឧត្តម ជា ចាន់តូ និងលោកជំទាវ ត្រូវបានប្រសិទ្ធនាមថា អគារសម្ដេចព្រះសុមេធាធិបតី នន្ទ ង៉ែត ចាប់ផ្ដើមកសាងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានបណ្ដោយ ៣០ម៉ែត្រ ទទឹង ២១ម៉ែត្រ កំពស់ ៤ជាន់ មានបន្ទប់សិក្សា ១២បន្ទប់ បន្ទប់រង់ចាំ១ សាលប្រជុំ១ និងបន្ទប់ទឹក១ មានបំពាក់សម្ភារទំនើបបម្រើឱ្យដំណើរការបង្រៀន និងរៀនសូត្រ អស់ទឹកប្រាក់ប្រមាណ ១លានដុល្លារអាមេរិក។
សម្ដេចក្រឡាហោម បានចាត់ទុកព្រះពុទ្ធសាសនា ជាមូលដ្ឋានក្នុងការអប់រំផ្នត់គំនិត និងផ្តល់នូវពុទ្ធិឱ្យមនុស្សប្រព្រឹត្តិនូវអំពើជាកុសល យកចិត្តទុកដាក់លើការពង្រឹងឆន្ទៈ គុណធម៌ សីលធម៌ ស្មារតីគោរពច្បាប់ ព្រមទាំងការយល់ដឹងអំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ជាតិឱ្យដល់កុលបុត្រ កុលធីតា ជាសមណសិស្ស-និស្សិត ដើម្បីឱ្យពួកគេក្លាយជាមិត្តល្អ កូនល្អ និងពលរដ្ឋល្អ សម្រាប់សង្គមជាតិ ជាពិសេស ក្នុងបរិការណ៍នៃការរីកចម្រើនជឿនលឿនផ្នែកបច្ចេកវិទ្យា។
សម្ដេចក្រឡាហោម បញ្ជាក់ថា សមិទ្ធផលទាំងខាងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ដែលប្រទេសជាតិសម្រេចបានរហូតមកទល់ពេលនេះ ពិតជាកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ដែលបានដាក់ចេញយ៉ាងត្រឹមត្រូវនូវកម្មវិធីនយោបាយ គោលនយោបាយ យុទ្ធសាស្ត្រ ជាមួយការចាត់តាំងអនុវត្តដោយមានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស។
សម្ដេចក្រឡាហោម ក៏បានផ្ដល់នូវអនុសាសន៍ និងមតិផ្ដាំផ្ញើឱ្យគ្រប់តួអង្គក្នុងសង្គម បន្តរួមគ្នាខិតខំថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយឱ្យស្ថិតស្ថេរគង់វង្សយូរអង្វែង រួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ហើយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរស្រុក-ក្រុង ឃុំ-សង្កាត់ ភូមិ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវលើកកម្ពស់ការគោរពវិន័យ សីលធម៌វិជ្ជាជីវៈ និងអនុវត្តឱ្យត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ បន្តរួមគ្នាខិតខំចូលរួមអភិវឌ្ឍន៍មូលដ្ឋានដើម្បីកសាងស្រុក-ក្រុង ឃុំ- សង្កាត់ ភូមិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ៕ ដោយ ៖ អ៊ុក សំអាន