២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៦ពាន់ករណី (Video Inside)
ប្រទេសមួយចំនួននៅអាស៊ាន នៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩នៅឡើយ ដោយឡែកប្រទេសកម្ពុជាមិនមានការឆ្លងថ្មីឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥ពាន់ ៧៥២ករណី ដែលជាតួលេខឆ្លងបានកើនឡើងវិញចំនួន ៣៥២ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួនតែ ៤ប៉ុណ្ណោះ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម និងប្រទេសឡាវ។
ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ក្នុងចំណោមប្រទេសទាំង៤នោះ ដែលមានការឆ្លងចំនួន ២ពាន់ ៥០៧ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសឡាវ ដែលមានការឆ្លងចំនួន តែ ១ករណីប៉ុណ្ណោះ។ ប្រទេសម៉ាឡេស៊ី, ថៃ, កម្ពុជា, មីយ៉ាន់ម៉ា, សឹង្ហបុរី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២៨នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសវៀតណាម។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៩៦ម៉ឺន ៧ពាន់ ៦៦៥ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៧ពាន់ ៤២៨នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៨៨ លានករណី, និងការស្លាប់មានជាង ៦លាន ៨៧ម៉ឺននាក់៕