៤ខែដើមឆ្នាំ កម្ពុជាមានទំហំពាណិជ្ជកម្មជាង១៥ពាន់លានដុល្លារ (Video Inside)
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ១៥ពាន់លានដុល្លារ នៅ ៤ខែដើមឆ្នាំនេះ ដែលបង្ហាញនូវភាពមិនបាក់ស្រុត នៃចរន្តសេដ្ឋកិច្ចរបស់ជាតិ បើទោះបីជាមានការធ្លាក់ចុះខ្លះ។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញថា ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយអន្តរជាតិសម្រេចបានជាង ១៥ពាន់លានដុល្លារ ធ្លាក់ចុះជាង១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានជាង ១៧ពាន់លានដុល្លារ។ យោងតាមទិន្នន័យដដែលនេះ គឺចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ ទៅកាន់ទីផ្សារអន្តរជាតិក្នុងតម្លៃជាង ៧ពាន់ ២០០លានដុល្លារ ធ្លាក់ចុះ៤.៩% ខណៈកម្ពុជាបាននាំចូលទំនិញមកវិញក្នុងទឹកប្រាក់ប្រមាណ ៧ពាន់៩០០លានដុល្លារ ដែលថយចុះ២១.១%។
សម្រាប់ទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញរួមមានសម្លៀកបំពាក់នាំចេញក្នុងតម្លៃ ២ពាន់ ១០០លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីប្រមាណ ៩៧៩លានដុល្លារ, គុជខ្យងធម្មជាតិ ឬចិញ្ចឹមនៃត្បូងថ្មមានតម្លៃ បាននាំចេញបានជាង ៣០០លានដុល្លារ, ស្បែកជើងតម្លៃជាង ៤៣៦លានដុល្លារ រួមនឹងទំនិញសំខាន់ៗផ្សេងដទៃទៀត។
ប្រទេសចិន គឺជាប្រទេសនៅនៅលេខរៀងទី១ ដែលសម្រេចបានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ ដែលមានចំនួនជាង ៣ពាន់ ៨០០លានដុល្លារ ស្របពេលដែលអាមេរិក ស្ថិតនៅលេខរៀងទីពីរ ដោយសម្រេចបាននូវទំហំពាណិជ្ជកម្មជាមួយកម្ពុជាប្រមាណ ២ពាន់ ៥០០លានដុល្លារ។ ចំណែកវៀតណាម នៅលេខរៀងទី៣ បន្ទាប់មកថៃ ជប៉ុន សិង្ហបុរី ឥណ្ឌូណេស៊ី និងប្រទេសផ្សេងៗទៀត៕