ប្រាក់ចំណេញសុទ្ធរបស់ Toyota Motor ធ្លាក់ចុះ ១៤ភាគរយ ក្នុងឆ្នាំសារពើពន្ធ២០២២

តូក្យូ៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor Corp បានបញ្ជាក់ថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានធ្លាក់ចុះ១៤ភាគរយ ក្នុងឆ្នាំសារពើពន្ធ២០២២ ទោះបីជាការលក់បំបែកកំណត់ត្រាក៏ដោយ។

ក្នុងអំឡុងពេលសារពើពន្ធចាប់ពីខែមេសា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ ២០២៣ ប្រាក់ចំណូលពីការលក់របស់ក្រុមហ៊ុន Toyota Motor Corp. បានឈានដល់ការបំបែកកំណត់ត្រា៣៧.១៥ទ្រីលានយ៉េន កើនឡើង១៨.៤ភាគរយ បើធៀបនឹងឆ្នាំសារពើពន្ធមុន ដោយសាររូបិយបណ្ណប្រាក់យ៉េនធ្លាក់ចុះ ហើយការលក់ជាសកលហក់ឡើងខ្លាំង។

យ៉ាងណាមិញ ក្រុមហ៊ុន Toyota Motor បានបញ្ជាក់នៅក្នុងលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួនថា ប្រាក់ចំណូលសុទ្ធរបស់ខ្លួនបានធ្លាក់ចុះ១៤ភាគរយ បើធៀបនឹងឆ្នាំមុន នៅត្រឹម២.៤៥ទ្រីលានយ៉េន ខណៈដែលប្រាក់ចំណូលប្រតិបត្តិការបានធ្លាក់ចុះ៩ភាគរយ នៅត្រឹម២.៧៣ទ្រីលានយ៉េន។

លោក Koji Sato ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Toyota Motor បាននិយាយថា ចំពេលមានជំហានកាន់តែលឿនឆ្ពោះទៅរកអព្យាក្រឹតកាបូននោះ ក្រុមហ៊ុន Toyota មានគោលបំណងកាត់បន្ថយការបំភាយឧស្ម័នកាបូនិក (CO2) របស់រថយន្តថ្មីជាង៥០ភាគរយនៅទូទាំងពិភពលោកនាឆ្នាំ២០៣៥។

លោក Sato បាននិយាយថា ទាក់ទងនឹងរថយន្តអគ្គិសនី ក្រុមហ៊ុន Toyota បានកំណត់ល្បឿននៃការលក់យ៉ាងហោចណាស់១.៥លានគ្រឿងនៅឆ្នាំ២០២៦ ហើយគ្រោងនឹងដាក់លក់រថយន្តចំនួន១០ម៉ូដែល ចាប់ពីរថយន្តប្រណីត រហូតដល់រថយន្តធុនតូច និងរថយន្តពាណិជ្ជកម្ម៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner