កាណាដាបញ្ជូនកងទ័ពទៅប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ

អូតាវ៉ា៖ ប្រទេសកាណាដា នៅថ្ងៃទី១១ ខែឧសភា បានបញ្ជូនកងទ័ពទៅជួយខេត្ត Alberta ក្នុងការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ដែលបានឆេះព្រៃ និងវាលស្មៅ បណ្តាលមកពីអាកាសធាតុក្តៅស្ងួតខុសពីធម្មតា។

នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា កងកម្លាំងកាណាដានឹងផ្តល់ការគាំទ្រផ្នែកពន្លត់អគ្គីភ័យលើអាកាស, ជួយជម្លៀសប្រជាជននៅសហគមន៍ដាច់ស្រយាល និងជួយរក្សាសុវត្ថិភាពប្រជាជន។

ខេត្ត Alberta កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានស្នើសុំជំនួយគ្រោះមហន្តរាយរបស់សហព័ន្ធជាផ្លូវការ ពោលគឺពីរថ្ងៃបន្ទាប់ពីការប្រកាសភាពអាសន្នភ្លើងឆេះព្រៃ។ បើតាមមន្ត្រីកាណាដា ភ្លើងឆេះព្រៃតិចជាង៨០កន្លែងនៅតែសកម្ម គិតមកទល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ថយចុះច្រើន បើធៀបនឹងពីមុន១១០កន្លែងកាលពីចុងសប្តាហ៍មុន ក្នុងនោះភ្លើងឆេះព្រៃ២៣កន្លែងមិនអាចគ្រប់គ្រងបានទេ។

អាជ្ញាធរក្នុងតំបន់បាននិយាយថា ភ្លើងបានឆេះព្រៃ និងវាលស្មៅជាង៤១០,០០០ហិកតា។
ក្រុមហ៊ុនប្រេង និងឧស្ម័នជាច្រើននៅខេត្ត Alberta ដែលជាតំបន់ផលិតប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក ក៏បានចាប់ផ្តើមប្រតិបត្តិការឡើងវិញ ក្រោយផ្អាកមួយរយៈពេលខ្លី ដោយសារហានិភ័យភ្លើងឆេះព្រៃរាលដាលដល់កន្លែងផលិតរបស់ពួកគេ។

ទន្ទឹមគ្នា អ្នកបរិស្ថានកាណាដាក៏កំពុងព្រមានដែរថា សីតុណ្ហភាពនឹងកើនឡើងខ្លាំងនៅចុងសប្តាហ៍នេះ ដោយព្យាករណ៍ថា នឹងឡើងដល់៣០អង្សាសេនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគខាងលិចប្រទេសកាណាដាត្រូវបានវាយប្រហារម្តងហើយម្តងទៀតដោយអាកាសធាតុអាក្រក់ និងការឡើងកំដៅផែនដីភាពញឹកញាប់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner