អង្គការសុខភាពពិភពលោក (WHO)៖ ជំងឺអុតស្វាលែងជាភាពអាសន្នសុខភាពសកលទៀតហើយ
ហ្សឺណែវ៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមអនឡាញពីទីក្រុងហ្សឺណែវ នៅថ្ងៃទី១១ ខែឧសភា ដោយផ្អែកលើសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោកថា ជំងឺអុតស្វា “mpox” លែងជាភាពអាសន្នសុខភាពសកលទៀតហើយ។
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បាននិយាយយ៉ាងដូច្នេះថា គណៈកម្មាធិការសង្គ្រោះបន្ទាន់នៃជំងឺអុតស្វា បានផ្តល់អនុសាសន៍ដល់ខ្ញុំថា ការផ្ទុះឡើងនៃជំងឺអុតស្វាជាច្រើនប្រទេសកន្លងមកនេះ លែងជាភាពអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ (PHEIC) ទៀតហើយ។ លោក ថេដ្រូស បានប្រកាសថា ជំងឺអុតស្វា ជាភាពអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ (PHEIC) នៅខែកក្កដា ឆ្នាំ២០២២។
ក្នុងអំឡុងពេលបីខែចុងក្រោយនេះ ចំនួនករណីឆ្លងថ្មីដែលបានរាយការណ៍បានធ្លាក់ចុះជិត៩០ភាគរយ បើធៀបនឹងរយៈពេលបីខែមុន។ នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយដោយអង្គការសុខភាពពិភពលោក (WHO)។ លោក ថេដ្រូស បានបញ្ជាក់ថា ខ្ញុំរីករាយក្នុងការប្រកាសថា ជំងឺអុតស្វាលែងជាភាពអាសន្នសុខភាពសកលទៀតហើយ។
ទោះជាយ៉ាងណាក៏ដោយ លោកបានអះអាងថា ខណៈពេលដែលភាពអាសន្នសុខភាពនៃជំងឺអុតស្វា និងកូវីដ១៩ត្រូវបានបញ្ចប់ ការគំរាមកំហែងនៃរលកឆ្លងឡើងវិញនៅតែមាន សម្រាប់មេរោគរាតត្បាតទាំងពីរ។ មេរោគទាំងពីរនៅតែអាចបន្តរីករាលដាល ហើយនៅតែអាចបន្តសម្លាប់មនុស្សបាន។
បើតាមអង្គការសុខភាពពិភពលោក (WHO) ចាប់តាំងពីការផ្ទុះឡើងនៃជំងឺអុតស្វា “mpox” កាលពីឆ្នាំមុន មានករណីឆ្លងជាង៨៧,០០០ករណី និងស្លាប់១៤០ករណីត្រូវបានរាយការណ៍ចេញពីប្រទេសចំនួន១១១៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា