អង់គ្លេសបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅឱ្យអ៊ុយក្រែន

ឡុងដ៍៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក បេន វ៉លឡេស បានបញ្ជាក់ថា អង់គ្លេសបាននិងកំពុងផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយទៅឱ្យអ៊ុយក្រែន ដោយលោកបានសង្កត់ធ្ងន់លើសមត្ថភាពរបស់មីស៊ីលនេះ ក្នុងការជួយប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក បេន វ៉លឡេស បានប្រាប់សភាអង់គ្លេសនៅថ្ងៃទី១១ ខែឧសភាថា មីស៊ីល Storm Shadow នឹងជួយអ៊ុយក្រែនក្នុងការវាយបកលើកងកម្លាំងរុស្ស៊ី ដែលកំពុងមានវត្តមាននៅលើទឹកដីរបស់ប្រទេសអ៊ុយក្រែន។

លោកថា មីស៊ីលនេះអាចវាយប្រហារក្នុងរយៈចម្ងាយជិតជាងមីស៊ីលរបស់រុស្ស៊ី ដែលអាចហោះបានចម្ងាយ២,០០០គីឡូម៉ែត្រ។ ជាមួយគ្នានេះ លោក វ៉លឡេស បានសង្កត់ធ្ងន់ថា រុស្ស៊ីត្រូវតែទទួលស្គាល់ថា សកម្មភាពលុកលុយរបស់ខ្លួន គឺជាមូលហេតុដែលអង់គ្លេសសម្រេចចិត្តផ្គត់ផ្គង់មីស៊ីលដល់អ៊ុយក្រែន។

ដោយឡែកប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃពុធសប្តាហ៍នេះថា ប្រទេសរបស់លោកត្រូវការពេលវេលាបន្ថែមទៀត មុនពេលចាប់ផ្តើមការវាយលុកប្រឆាំងនឹងរុស្ស៊ី និងថា អ៊ុយក្រែនកំពុងរង់ចាំជំនួយយោធាដែលបានសន្យាពីសម្ព័ន្ធមិត្ត។

លោក ហ្សេលេនស្គី បន្ថែមថា កងពលតូចប្រយុទ្ធរបស់អ៊ុយក្រែនបានត្រៀមរួចរាល់ហើយ ប៉ុន្តែកងទ័ពនៅតែត្រូវការយោធូបករណ៍មួយចំនួន រួមទាំងរថពាសដែកដែលកំពុងមកដល់ជាកញ្ចប់៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner