កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិទំនងជាពន្យារពេល ៦០ថ្ងៃទៀត
អ៊ីស្តង់ប៊ុល៖ កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដែលនឹងផុតកំណត់នៅថ្ងៃទី១៨ ខែឧសភាខាងមុខនេះ នឹងត្រូវបន្តរយៈពេល៦០ថ្ងៃបន្ថែមទៀត ហើយប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ អាចជាអ្នកប្រកាសអំពីការពន្យារពេលនេះជាលើកដំបូង។ នេះបើតាមសារព័ត៌មាន Tass របស់រុស្ស៊ី ដកស្រង់ប្រភពអនាមិកដែលដឹងពីកិច្ចចរចា។
ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ បាននិយាយយ៉ាងដូច្នេះថា ខ្ញុំគិតថា កិច្ចព្រមព្រៀងនេះនឹងត្រូវបន្តរយៈពេល៦០ថ្ងៃទៀត ប៉ុន្តែរុស្ស៊ីអាចនឹងយល់ព្រមចំពោះរឿងនេះជាលើកចុងក្រោយ។ ការសម្រេចចិត្តពន្យារពេលនេះ អាចត្រូវបានប្រកាសដោយប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។ ប្រភពមិនបានច្រានចោលថា ការសម្រេចចិត្តនេះអាចត្រូវបានប្រកាសនៅថ្ងៃនេះ ឬថ្ងៃស្អែកនោះទេ។
សូមរម្លឹកថា នៅថ្ងៃទី១០ និងទី១១ ខែឧសភា តំណាងរុស្ស៊ី តួកគី អ៊ុយក្រែន និងអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីពិភាក្សាអំពីការបន្ថែមសក្តានុពលនៃកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ និងការអនុវត្តកិច្ចព្រមព្រៀងផ្នែករុស្ស៊ី សម្រាប់ការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ និងជី។ រីឯសន្តិសុខនៃច្រករបៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅក៏ស្ថិតនៅក្នុងរបៀបវារៈផងដែរ៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ឈឹម ទីណា