សហរដ្ឋអាមេរិក ប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការ និងគាំទ្រលើគ្រប់វិស័យជាមួយកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សហរដ្ឋអាមេរិកបានបង្ហាញការប្តេជ្ញាចិត្តថា នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងបន្តជួយគាំទ្រលើគ្រប់វិស័យជាមួយកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត។​នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្សាយចេញនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។

សេចក្តីប្រកាសដដែលបានឱ្យដឹងថា ក្នុងជំនួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៣​ ឯកឧត្តម ផាទ្រិច មូផៃ(W. Patrick Murphy) ឯកអគ្គរដ្ឋទូត នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសាទរចំពោះជ័យជម្នះរបស់កម្ពុជា ដែលសម្រេចបានលទ្ធផលល្អប្រសើរក្នុង ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងរក្សាបាននូវកំណើនសេដ្ឋកិច្ចឡើងវិញ យ៉ាងឆាប់រហ័ស។លោកក៏បានរំលឹកឡើងអំពីភាពជោគជ័យរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេន ដែលបានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធកន្លងមក ក៏ដូចជា បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ (SEA GAMES) នៅកម្ពុជា ដែលជាមោទនភាពដ៏ជ្រាលជ្រៅ សម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាផងដែរ។ ​​

ជាមួយគ្នានេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានអះអាងដែរថា សហរដ្ឋអាមេរិក នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងលើគ្រប់វិស័យ រួមមាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគបៃតង និងថាមពល ក៏ដូចជាគាំទ្រដល់ការធ្វើពាណិជ្ជកម្មទ្វេភាគីដែលរួមចំណែកក្នុងការរក្សាស្ថិរភាពនិងវិបុលភាពសេដ្ឋកិច្ចកម្ពុជា តំបន់ និងពិភពលោក ។

ទន្ទឹមគ្នានេះដែរ លោកស្រី ឃឺរី ផេលម៉េន(Kerry Pelzman) ប្រធានថ្មីរបស់ទីភ្នាក់ងារ USAID ប្រចាំកម្ពុជា ក៏បានបញ្ជាក់ដែរថា ទីភ្នាក់ងារ USAID ក៏នឹងបន្តពង្រឹងភាពជាដៃគូ និងខិតខំបង្កើនហិរញ្ញប្បទានសហប្រតិបត្តិការក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជាប្រកបដោយ ចីរភាព និងបរិយាប័ន្ន ដោយបន្តគាំទ្រលើវិស័យអាទិភាព រួមមាន វិស័យសុខាភិបាល ការអប់រំ បរិស្ថាន និងកសិកម្ម តាមរយៈការពង្រឹងភាពធន់ និងតម្លៃបំពេញបន្ថែម ដើម្បីបង្កើនការនាំចេញផលិផលកសិកម្ម និងលើកកម្ពស់សន្តិសុខស្បៀងជាដើម ។

ជាការឆ្លើយតបឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាពលរដ្ឋអាមេរិកកាំង ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជារហូតរៀងមក។លោកបន្តថា៖« ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏មានសារៈសំខាន់ សហរដ្ឋអាមេរិក តែងតែបានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ជំនួយបច្ចេកទេស និងហិរញ្ញប្បទានឥតសំណង គាំទ្រដល់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា វិស័យសុខាភិបាល អប់រំ បរិស្ថាន កសិកម្ម អភិបាលកិច្ច ការអភិវឌ្ឍបែបប្រជាធិបតេយ្យ និងការបោសសម្អាតមីនជាដើម»។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបពិភាក្សាខាងលើនេះដែរ ក្រសួងសេដ្ឋកិច្ច ក៏បានអះអាងដែរថា កម្ពុជាខិតខំប្រឹងប្រែងកែទម្រង់លើគ្រប់ផ្នែកគ្រប់វិស័យ ដាក់ចេញនូវយុទ្ធសាស្ត្រនានា ដើម្បីទាក់ទាញវិនិយោគិន ដើម្បីពង្រឹងកិច្ចសហការរវាងកម្ពុជា-អាមេរិកឱ្យកាន់តែរឹងមាំថែមទៀត ដោយខិតខំសម្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើអាជីវកម្ម និងការវិនិយោគ តាមរយៈ ការដាក់ឱ្យអនុវត្តនូវច្បាប់ស្តីពីវិនិយោគ៕

ដោយ៖ សែម ពិសី

ads banner