កម្ពុជា ត្រូវបានជ្រើសតាំងជាអនុប្រធាននៃក្រុមអ្នកជំនាញស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៍
ភ្នំពេញ៖ អគ្គរាជទូត ឡុង កែមវិចិត្រ តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធសេដ្ឋកិច្ច-ពាណិជ្ជកម្ម ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស ត្រូវបានទទួលការគាំទ្រជាអនុប្រធាននៃកិច្ចប្រជុំលើកទី៦ នៃក្រុមអ្នកជំនាញអន្តររដ្ឋាភិបាលស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថលនៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍ (UNCTAD) ។
កិច្ចប្រជុំលើកទី៦នេះ ត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី១០-១២ ខែឧសភា ដែលរៀបចំឡើងក្រោមប្រធានបទ “តើត្រូវធ្វើយ៉ាងណាឱ្យទិន្នន័យរួមចំណែកបានដល់ការសម្រេចនូវរបៀបវារៈឆ្នាំ ២០២៣ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។
ប្រភពក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១២ខែឧសភានេះបានឱ្យដឹងថា ក្នុងតួនាទីជាអនុប្រធានកិច្ចប្រជុំ អគ្គរាជទូតកម្ពុជា បានដើរតួអ្នកសម្របសម្រួលក្នុងវគ្គពិភាក្សាចំនួនពីរគឺ ១ វគ្គពិភាក្សាស្ដីពី “តម្រូវការជាមុនសម្រាប់ការចែកចាយផលចំណេញពីសេដ្ឋកិច្ចឌីជីថលប្រកបដោយសមធម៌ និងវគ្គសិក្សាទី២ “ការសម្រួលកិច្ចពិភាក្សាស្ដីពីអភិបាលកិច្ចទិន្នន័យ ដើម្បីបង្កើនសក្តានុពលនៃទិន្នន័យសម្រាប់ការអភិវឌ្ឍ ។
នៅក្នុងវគ្គពិភាក្សាទាំងពីរនេះ វាគ្មិននិងអង្គប្រជុំទាំងមូលបានពិភាក្សាគ្នាយ៉ាងផុសផុលលើប្រធានបទដូចជា ការបែកខ្ញែកនៃអភិបាលកិច្ចទិន្នន័យក្នុងក្របខណ្ឌសាកល និងតួនាទីរបស់អង្គការសហប្រជាជាតិក្នុងការបង្កើតជាវេទិកាពហុភាគីសម្រាប់ពិភាក្សាលើបញ្ហានេះ។ ការការពារទិន្នន័យនិងឯកជនភាពនៃទិន្នន័យ បញ្ញាសិប្បនិម្មិត ការយកពន្ធនៅក្នុងសិដ្ឋកិច្ចឌីជីថល បញ្ហាប្រឈមរបស់ប្រទេសអភិវឌ្ឍន៍ និងប្រធានបទពាក់ព័ន្ធមួយចំនួនទៀត។
ជាមួយនេះដែរ នៅក្នុងកម្មវិធីបើកនៃកិច្ចប្រជុំលើកទី៦ នេះ ស្ថានបេសកកម្មកម្ពុជាក៏បានចូលរួមថ្លែងសេចក្ដីថ្លែងការណ៍របស់កម្ពុជា ដោយលើកឡើងពីចក្ខុវិស័យរបស់កម្ពុជាក្នុងការប្រែក្លាយជាសេដ្ឋកិច្ចនិងសង្គមឌីជីថលក្នុងឆ្នាំ២០៣៥ តាមរយៈការអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ ក៏ដូចជាការចូលរួមក្នុងការបង្កើតវិធានស្ដីពីអភិបាលកិច្ចទិន្នន័យតាមរយៈកិច្ចព្រមព្រៀងតំបន់ និងទ្វេភាគីនានាដែលកម្ពុជាជាសមាជិក។
ប្រភពដដែលបន្តថា ស្ថានបេសកកម្មកម្ពុជា ក៏បានរំឮកដល់សមាជិកទាំងអស់អំពីបញ្ហាប្រឈមនានារបស់កម្ពុជានិងប្រទេសអភិវឌ្ឍន៍តិចតួច ហើយក៏បានស្នើសុំឱ្យសហគមន៍អន្តរជាតិទាំងមូល គាំទ្រដល់ការប្រែក្លាយឌីជីថលរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីឱ្យប្រទេសទាំងនេះ អាចទាញយកផលប្រយោជន៍ពេញលេញពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល៕
ដោយ៖ សុខ រក្សា