អនុប្រធានសហព័ន្ធចំបាប់កម្ពុជា ដាក់គោលដៅដណ្តើមមេដាយមាស៣គ្រឿង និងមេដាយប្រាក់និងសំរិទ្ធក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣

ភ្នំពេញ-លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថាន ខេមអេដ បានមកបង្ហាញភាពជឿជាក់ថា កីឡាករ-កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជានឹងដណ្តើមបានមេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធ៣ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលគ្រោងនឹងដំណើរការពីថ្ងៃទី១៤-១៦ ខែឧសភា ឆ្នាំ២០២៣ នៅសាលសន្និបាត និងពិព័រណ៌ជ្រោយចង្វារ (OCIC) រាជធានីភ្នំពេញ។

លោក ខេស៊ី បាណេត មានប្រសាសន៍ថា ៖«ការខិតខំប្រឹងប្រែងកន្លងមករបស់កីឡាករ-កីឡាការិនីតាមរយៈការចូលរួម ប្រកួតជើងឯកទូទាំងក្នុងក្នុងប្រទេស និងថ្នាក់តំបន់ គឺជាជំហានត្រៀមខ្លួនយ៉ាងសំខាន់ ដើម្បីត្រៀមប្រកួតប្រជែង នៅក្នុងបេសកកម្មចំពោះមុខ ក្នុងការដណ្តើមមេដាយជូនប្រទេសជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ក្នុងខែឧសភានេះ»។
ចំពោះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា គឺប្រភេទកីឡាចំបាប់មានវិញ្ញាសាសរុបចំនួន៣០វិញ្ញាសា ក្នុងរយៈពេល៣ថ្ងៃពីថ្ងៃទី១៤-១៦ ខែឧសភា ឆ្នាំ២០២៣ ដោយក្នុង១ថ្ងៃៗមានការប្រកួតចំនួន១០វិញ្ញាសា ហើយនៅពេលល្ងាចៗនៃថ្ងៃនីមួយៗនឹងរៀបចំពិធីបំពាក់មេដាយជូនដល់ម្ចាស់ជ័យលាភី។

គួររម្លឹកថា កាលពីព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣០ កាលពីខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ប្រភេទកីឡាចំបាប់កម្ពុជាដណ្តើមបានមេដាយសរុបចំនួន ៦គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង ប្រាក់១ និងសំរឹទ្ធ៤គ្រឿង។
មេដាយមាស១គ្រឿង ដណ្តើមបានដោយកីឡាករ ស៊ូ បាលី លើវិញ្ញាសាចំបាប់សេរី ទម្ងន់១២៥គីឡូក្រាម, មេដាយប្រាក់ ដោយកីឡាករ ម៉ូ សារី លើវិញ្ញាសាចំបាប់សេរី ទម្ងន់ ៩៧គីឡូក្រាម និងមេដាយសំរឹទ្ធ៤គ្រឿង ដណ្តើមបានដោយកីឡាករ សឿន សុភាស់, កីឡាករ ហេង វុទ្ធី និងកីឡាការិនី ឌិត សំណាង និងកីឡាការិនី ជា កញ្ញា៕

អត្ថបទ ចាន់ វិចិត្រ រូបភាព៖ សហព័ន្ធ-ខេមអេដ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner