អង់គ្លេស អាចផលិតថាមពលអគ្គិសនីបៃតងបានច្រើនជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
ឡុងដ៍៖ ទួរប៊ីនខ្យល់បានក្លាយជាប្រភពផលិតថាមពលអគ្គិសនីច្រើនជាងថាមពលឧស្ម័នជាលើកដំបូងនៅអង់គ្លេស ដោយក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៣នេះ មួយភាគបីនៃថាមពលអគ្គិសនីរបស់ប្រទេសអង់គ្លេសត្រូវបានផលិតចេញពីកសិដ្ឋានខ្យល់។ នេះបើយោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Imperial College London។
បន្ថែមលើនេះ ក្រុមហ៊ុនផលិតថាមពលអគ្គិសនីឈ្មោះថា National Grid ក៏បានបញ្ជាក់ផងដែរថា កាលពីខែមេសា គេសង្កេតឃើញថាការផលិតថាមពលដោយប្រើប្រាស់ពន្លឺព្រះអាទិត្យបានកើនឡើងឈានដល់កំណត់ត្រាថ្មីមួយ។
គួរដឹងដែរថា អង់គ្លេសបានដាក់គោលដៅឱ្យថាមពលអគ្គិសនីទាំងអស់របស់ខ្លួន ត្រូវបានផលិតឡើងដោយគ្មានការបំភាយឧស្ម័នពុល ឬសូន្យកាបូន នៅត្រឹមឆ្នាំ២០៣៥។
លោក ឡេន ស្តាហ្វែល (Iain Staffell) អ្នកស្រាវជ្រាវផ្នែកថាមពលនៅសាកលវិទ្យាល័យ Imperial College និងជាអ្នកសរសេររបាយការណ៍អំពីថាមពលខាងលើបានលើកឡើងថា «វានៅតែមានឧបសគ្គជាច្រើនដែលកំពុងរារាំងពួកយើងពីការឈានទៅរកគោលដៅមិនប្រើប្រាស់ឥន្ធនៈហ្វូស៊ីលក្នុងការផលិតថាមពលអគ្គិសនីទាំងស្រុង។ ប៉ុន្តែការប្រើប្រាស់កម្លាំងខ្យល់ដើម្បីផលិតថាមពលអគ្គិសនីបានច្រើនជាងថាមពលឧស្ម័ននេះ គឺជាលើកដំបូង និងជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រ»។
ថាមពលអគ្គិសនីដែលបានមកពីទួរប៊ីនខ្យល់ភាគច្រើនរបស់អង់គ្លេស បានមកពីកសិដ្ឋានខ្យល់នៅឯនាយសមុទ្រ។ ហើយគួររំឭកដែរថា ការដំឡើង ឬសាងសង់ទួរប៊ីនខ្យល់ថ្មីនៅលើផ្ទៃដីគោក ត្រូវបានហាមឃាត់ដោយច្បាប់អង់គ្លេសចាប់តាំងពីឆ្នាំ២០១៥ មក។
យ៉ាងណាក៏ដោយ ក្រុមហ៊ុនថាមពលទាំងអស់អាចធ្វើការសាងសង់ទួរប៊ីនខ្យល់នៅលើដីគោកបាន លុះត្រាតែផ្ទៃដីនោះត្រូវបានកំណត់ជាពិសេសថាវាជាផ្ទៃដីដែលស្ថិតនៅក្នុងផែនការអភិវឌ្ឍន៍ ពោលគឺជាផែនការប្រើប្រាស់ដីដែលបង្កើតឡើងដោយក្រុមប្រឹក្សាមូលដ្ឋាន។ ប៉ុន្តែ កាលពីខែធ្នូ ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) បានយល់ព្រមបន្ធូរបន្ថយការរឹតបន្តឹងទាំងនេះ ដើម្បីពន្លឿនការអភិវឌ្ឍវិស័យផលិតថាមពលបៃតង។
កន្លងមក អ្នកវិទ្យាសាស្ត្រតែងតែបានគាំទ្រការផ្លាស់ប្តូរទៅរកការផលិតថាមពលកកើតឡើងវិញ ព្រោះវាមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ជាក់ស្ដែង បម្រែបម្រួលអាកាសធាតុកំពុងបង្កឱ្យមានការព្រួយបារម្ភជាខ្លាំង ដោយកាលពីឆ្នាំមុន សីតុណ្ហភាពនៅប្រទេសអង់គ្លេសបានកើនឡើងក្តៅបំផុតមិនធា្លប់មានពីមុន។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ការផលិតថាមពលដោយប្រើប្រាស់កម្ដៅព្រះអាទិត្យ និងកម្លាំងខ្យល់ កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅប្រទេសអង់គ្លេស។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៣ អគ្គិសនីប្រមាណជា ៤២% របស់អង់គ្លេសបានមកពីថាមពលកកើតឡើងវិញ ហើយ ៣៣ភាគរយ បានមកពីឥន្ធនៈហ្វូស៊ីល ដូចជាឧស្ម័ន និងធ្យូងថ្មជាដើម។
យ៉ាងណាក៏ដោយ កាលពីថ្ងៃព្រហស្បតិ៍ ការស្រាវជ្រាវមួយរបស់សារព័ត៌មាន BBC បានបង្ហាញថា គម្រោងថាមពលបៃតងដែលមានតម្លៃរាប់លានដុល្លារត្រូវបានជាប់គាំងដោយសារតែមានការពន្យារពេលនៃការតភ្ជាប់បណ្តាញអគ្គិសនីទៅកាន់កសិដ្ឋានរបស់ពួកគេ។ ឧទាហរណ៍ កន្លែងផលិតថាមពលដោយប្រើប្រាស់ពន្លឺព្រះអាទិត្យ និងកម្លាំងខ្យល់មួយចំនួន ត្រូវរង់ចាំរហូតដល់ ១០ ទៅ ១៥ ឆ្នាំទើបអាចដំណើរការទៅបានដោយសារតែកង្វះសមត្ថភាពតភ្ជាប់ប្រព័ន្ធអគ្គិសនីទៅដល់ទីនោះ។
នៅប្រទេសអង់គ្លេស តម្រូវការថាមពលអគ្គិសនីសរុបមានត្រឹមតែ ១៨ភាគរយប៉ុណ្ណោះ ហើយនៅមានតម្រូវជាច្រើនទៀតដែលត្រូវការថាមពលអគ្គិសនី ។ប៉ុន្តែនៅមិនទាន់អាចបំពេញបាន ដូចជាតម្រូវការដុតកំដៅនៅក្នុងផ្ទះ វិស័យផលិតកម្ម និងការដឹកជញ្ជូនជាដើម។
បច្ចុប្បន្ននេះ ពលរដ្ឋអង់គ្លេសភាគច្រើនប្រើប្រាស់ថាមពលហ្គាសសម្រាប់ដុតកម្តៅនៅក្នុងផ្ទះរបស់ពួកគេ ខណៈដែល
រដ្ឋាភិបាលអង់គ្លេសកំពុងជំរុញឱ្យគ្រួសារអង់គ្លេសទាំងអស់កាត់បន្ថយ ឬឈប់ប្រើប្រាស់ចំហាយឧស្ម័ន ដោយងាកទៅប្រើប្រាស់ម៉ាស៊ីនបូមកម្តៅដែលប្រើប្រាស់ថាមពលអគ្គិសនីវិញ៕
ប្រែសម្រួលដោយ៖ ធា សុណា
ប្រភពព័ត៌មាន៖ BBC News Wind is main source of UK electricity for first time