កម្ពុជា នឹងរៀបចំពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម នៅដើមខែមិថុនា ដើម្បីលើកស្ទួយផលិតផលខ្មែរ

ភ្នំពេញ៖​ កម្ពុជានឹងរៀបចំ «ពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម» ដែលនឹងប្រព្រឹត្តទៅនៅដើមខែ មិថុនា ឆ្នាំ២០២៣ នៅខេត្តត្បូងឃ្មុំ ដើម្បីលើកស្ទួយផលិតផលខ្មែរដែលកសិករ ផលិតករកម្ពុជា ផលិតបាននៅតាមមូលដ្ឋានឱ្យមានការទទួលស្គាល់កាន់តែទូលំទូលាយ។

សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលបានជម្រាបជូនដល់លោក លោកស្រីជាអាជីវករ ផលិតករ ពាណិជ្ជករ សមាគមអាជីវកម្ម និងសាធារណជនទូទៅថា មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តត្បូងឃ្មុំ និងវិស័យឯកជន នឹងរៀបចំពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១-០៥ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងបរិវេណផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ដែលមានទីតាំងស្ថិតនៅភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។


សេចក្តីជូនដំណឹងបញ្ជាក់ថា៖‍«ការរៀបចំពិព័រណ៍នេះដើម្បីលើកស្ទួយផលិតផលខ្មែរដែលកសិករ ផលិតករកម្ពុជា ផលិតបាននៅតាមមូលដ្ឋានឱ្យមានការ ទទួលស្គាល់កាន់តែទូលំទូលាយ និងដើម្បីជំរុញសកម្មភាពអាជីវកម្មនៅផ្សារគំរូព្រំដែនកម្ពុជា(ផ្សារដារ) ដែលរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឡើងហើយឱ្យមានសកម្មភាពអាជីវកម្ម ផុលផុស ឡើងវិញ ក្រោយវិបត្តិកូវីដ១៩»។

ប្រភពដដែលបន្តថា  ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួលដល់ ការរៀបចំ ព្រឹត្តិការណ៍នេះ សូមអញ្ជើញអាជីវករ និងសាធារណជនទូទៅដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍នេះ ឬមានគម្រោងពិភាក្សារការងារផ្លាស់ប្ដូរពាណិជ្ជកម្ម ជាមួយដៃគូក្រុមហ៊ុនមកពីប្រទេសវៀតណាម សូមអញ្ជើញបំពេញបែបបទចូលរួមឱ្យបានមុនថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ជាកំណត់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងនាយកដ្ឋានកិច្ចការពិព័រណ៍អគ្គនាយកដ្ឋានជំរុញ ពាណិជ្ជកម្ម ដែល មានទីតាំងស្ថិតនៅជាន់ទីពីរនៃអគារទីស្តីការក្រសួងពាណិជ្ជកម្ម អាសយដ្ឋាន ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬ មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ។

សូមជម្រាបថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម​ បាននិងកំពុងខិតខំជំរុញនិងលើកស្ទួយផលិតផលខ្មែរឱ្យកាន់តែមានទីផ្សារទូលំទូលាយ តាមរយៈការរៀបចំពិព័រណ៍ផលិតខ្មែរនៅតាមកម្មវិធីនានា និងបង្កើតឱ្យមានកិច្ចសហការជាមួយដៃគូក្រុមហ៊ុនឯកជនដើម្បីដាក់លក់ផលិតខ្មែរ៕

ដោយ៖ សុខ រក្សា

ads banner