រដ្ឋសភាទទួលយកសេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន មកពិនិត្យសិក្សា

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ ដើម្បីអនុម័តលើសំណើរបស់រាជរដ្ឋាភិបាល ដែលបានស្នើសុំរដ្ឋសភាពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ គឺសេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន។

ជាលទ្ធផលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

សូមជម្រាបថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចកម្ពុជា បានអនុម័តទាំងស្រុង លើ«សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ» ដែលមាន១២កន្ថី និង៨៦៥មាត្រា។

សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រូវបានតាក់តែងឡើងក្នុងគោលបំណង ប្រមូលផ្ដុំសំយោគបញ្ចូលគ្នានូវបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាធរមានពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដោយធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងទំនើបកម្មឱ្យមានភាជាក់ស្ដែងនិយមសង្គត្តិភាព វិសាលភាពទូលំទូលាយគ្រប់ជ្រុងជ្រោយ និងភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីក្លាយជាបទប្បញ្ញត្តិគោល ដែលកំណត់ពីដែនសមត្ថកិច្ចនៃក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅសម្រួលដល់ការអនុវត្តមុខងារ និងតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងស្មារតីឯកភាពជាតិ ស្របទៅនឹងបរិបទរីកចម្រើននៃសង្គមកម្ពុជាថ្មី។

សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិនេះ បំពេញបន្ថែម និងមានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាជាមួយនឹងច្បាប់ពាក់ព័ន្ធនានាដូចជាក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីជលផល ច្បាប់ស្ដីពីការគ្រប់ គ្រងនិងការធ្វើអាជីវកម្មធនធានរ៉ែ ច្បាប់ភូមិបាល ច្បាប់ស្ដីពីទេសចរណ៍ ច្បាប់ស្ដីការគ្រប់គ្រងធនធានទឹក។ល។ ក្នុងន័យនេះ «សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ»ត្រូវបានតាក់តែងឡើ ងដោយផ្អែកលើគោលការណ៍សំខាន់៣ គឺ(១)លិខិតបទដ្ឋានគតិយុត្តក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិត្រូវបានធ្វើសមាហរណកម្ម (២) លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិត្រូវបានធ្វើសុខដុមនីយកម្ម និង(៣)លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាត្រូវបានធ្វើទំនើបកម្មឱ្យឆ្លើយតបនឹងនិន្នាការវិវត្តន៍នៃសង្គម។

គុណប្រយោជន៍ចម្បងៗនៃ «សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ» មានដូចជា ពង្រឹងនិងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតលើការគ្រប់គ្រងបរិស្ថាន កិច្ចគាំពារ ការអភិរក្ស និងការស្ដារឡើង វិញនូវធនធានធម្មជាតិ ជីវៈចម្រុះ មុខងារប្រព័ន្ធអេកូឡូស៊ីនិងការរស់នៅប្រកបដោយចីរភាព។ កំណត់ទិសដៅរួមជាយុទ្ធសាស្ត្រសម្រាប់កិច្ចគាំពារបរិស្ថាននិងការអភិរក្សធនធានធម្មជាតិដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធ។ ពង្រីកលទ្ធភាពយ៉ាងទូលំទូលាយដល់ក្រសួង ស្ថាប័ននិងមជ្ឈដ្ឋានទាំងអស់ ក្នុងការចូលរួមកាន់តែប្រសើរជាងមុន នៅក្នុងកិច្ចគាំពារបរិស្ថានការគ្រប់គ្រង និងការអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះតាមរយៈការបង្កើត និងការគោរពនូវទំនាក់ទំនងនៃមុខងាររបស់ក្រសួង ស្ថាប័ននិងមជ្ឈដ្ឋានសង្គមទាំងអស់។ បង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តបេសកកម្មគ្រប់គ្រងការពារ អភិរក្សនិងស្ដារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ បេតិកភណ្ឌធម្មជាតិនិងវប្បធម៌សំដៅធានបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងការចូលរួមថែរក្សានូវភាពរុងរឿងសម្រាប់ពលរដ្ឋកម្ពុជាគ្រប់ជំនាន់។ ផ្តល់ជាយន្តការជំរុញនិងលើកកម្ពស់ ការយល់ដឹងនិងការស្រាវជ្រាវអំពីបរិ ស្ថានដល់គ្រប់មជ្ឈដ្ឋានសង្គមទាំងអស់ តាមរយៈការអប់រំ ការផ្សព្វផ្សាយ និងការបណ្ដុះបណ្ដាល ទាំងយន្តការក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ ដើរតួជាបទប្បញ្ញតិ្តគោលមួយដ៏រឹងមាំ សម្រាប់មន្ត្រីអនុវត្តច្បាប់ ជាពិសេសមន្ត្រីដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការបង្ក្រាបបទលើ្មសបរិស្ថាននិងធនធានធម្មជាតិ និងមន្ត្រីអនុវត្តច្បាប់នៃក្រសួង ស្ថាប័ន ឬអង្គភាពពាក់ព័ន្ធទាំងអស់៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner