ជប៉ុន​សន្យាផ្ដល់មូលនិធិ មួយប៊ី​លាន​ដុល្លារដល់​ប្រទេសជុំវិញ​អ៊ុយក្រែន ដើម្បី​ទទួលជនភៀសខ្លួនពីសង្គ្រាម

តូក្យូ៖ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក ស៊ូនីឈី ស៊ូស៊ូគី (Shunichi Suzuki) បានលើកឡើងថា ប្រទេសជប៉ុនបានបង្ហាញពីផែនការប្រមូលមូលនិធិចំនួន មួយប៊ីលានដុល្លារអាមេរិក ដើម្បីជួយដល់បណ្ដាប្រទេសដែលស្ថិតនៅជុំវិញប្រទេសអ៊ុយក្រែន ក្នុងការចំណាយទៅលើការទទួលជនភៀសខ្លួនពីអ៊ុយក្រែនដែលកំពុងមានសង្គ្រាមជាមួយរុស្ស៊ី។

មូលនិធិនេះនឹងត្រូវបានផ្តល់ជូនទៅកាន់បណ្ដាប្រទេសទាំងអស់នោះ ដោយធ្វើឡើងតាមរយៈធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ឬហៅកាត់ថា JBIC ដែលគ្រប់គ្រងដោយរដ្ឋាភិបាលជប៉ុនផ្ទាល់តែម្ដង។ ជាទូទៅ ធនាគារនេះផ្តល់ជំនួយក្នុងទម្រង់ជាការផ្តល់ប្រាក់កម្ចី ការធានា និងការវិនិយោគភាគហ៊ុនជាដើម។

មូលនិធិនេះក៏នឹងត្រូវបានប្រើប្រាស់ដើម្បីជួយទំនុកបម្រុងដល់ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនដែលកំពុងមានប្រតិបត្តិការនៅតាមបណ្ដាប្រទេសទាំងនោះផងដែរ។ នេះបើយោងតាមលោក ស៊ូស៊ូគី ដែលបានប្រាប់ទៅកាន់អ្នកសារព័ត៌មាន នៅពេលដែលលោកបានធ្វើដំណើរទៅដល់ទីក្រុងនីហ្កាតា (Niigata) ភាគខាងជើងទីក្រុងតូក្យូ ដើម្បីធ្វើជាប្រធានកិច្ចប្រជុំរយៈពេលបីថ្ងៃរបស់មេដឹកនាំហិរញ្ញវត្ថុ មកពីក្រុមប្រទេសជឿនលឿនទាំងប្រាំពីរ ឬហៅថា G7។

លោក ស៊ូស៊ូគី បានបន្ថែមថា ក្រុមប្រទេស G7 នឹងធ្វើការពិភាក្សា និងបង្ហាញពីការគាំទ្រផ្នែកហិរញ្ញវត្ថុទៅកាន់ប្រទេសដែលស្ថិតនៅជុំវិញអ៊ុយក្រែន រួមទាំងកម្មវិធីគាំទ្ររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ផងដែរ។ លើសពីនេះ ក្រុមប្រទេសទាំង ៧ ក៏កំពុងបង្កើនការជួយគាំទ្រ ក៏ដូចជាការជួយសម្របសម្រួលដល់ស្ថាប័នហិរញ្ញវត្ថុដែលពាក់ព័ន្ធ និងជួយសម្រួលដល់ប្រទេសជិតខាងអ៊ុយក្រែនដែលត្រូវដោះស្រាយបញ្ហាពលរដ្ឋអ៊ុយក្រែនដែលកំពុងភៀសខ្លួន។

ក្រុមប្រទេស G7 ក៏នឹងជជែកគ្នាផងដែរ អំពីវិធីសាស្ត្រធ្វើយ៉ាងណាមិនឱ្យប្រទេសរុស្សីអាចគេចវេសពីទណ្ឌកម្មដែលបានដាក់ជាបន្តបន្ទាប់ពីសំណាក់ប្រទេសលោកខាងលិច ដែលជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើទឹកដីអ៊ុយក្រែន។ យ៉ាងណាក៏ដោយ លោក​ ស៊ូស៊ូគី មិន​បាន​រំលេចអំពីផែនការ​ដាក់​ទណ្ឌកម្ម​បន្ថែមទៅ​លើ​ប្រទេសរុស្ស៊ីនោះទេ ហើយការផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែនផ្ទាល់ ក៏លោកមិនបានលើកឡើងនោះដែរ។

ការណ៍នេះបានសបញ្ជាក់ថា ក្រុមប្រទេស G7 កំពុងរង់ចាំសង្កេតមើលសិន អំពីផលប៉ះពាល់ ឬលទ្ធផលពីជំនួយដែលប្រទេសទាំងនេះ ធ្លាប់បានជួយប្រទេសអ៊ុយក្រែនកន្លងមក មុននឹងសម្រេចថាតើនឹងត្រូវដាក់ចេញផែនការជំនួយអ្វីបន្តទៀត។

លោក ស៊ូស៊ូគី បានមានប្រសាសន៍ថា «យើងចង់ពន្លឿនកិច្ចសហប្រតិបត្តិការអន្តរជាតិបន្ថែមទៀតដើម្បីយកឈ្នះវិបត្តិជាច្រើនដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនៅពេលបច្ចុប្បន្ននេះ»។ គួរដឹងដែរថា ក្រុមប្រទេស G7 ដែលកំពុងត្រៀមចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសជប៉ុននៅសប្ដាហ៍ខាងមុខនេះ រួមមាន អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ ជប៉ុន អ៊ីតាលី និងសហរដ្ឋអាមេរិក៕

ប្រែសម្រួលដោយ៖ ធា សុណា

ប្រភពព័ត៌មាន៖ Channel NewsAsia Japan pledges to mobilise US$1 billion to help nations around Ukraine accept refugees

ads banner