ម្រេចកម្ពុជា ដែលជាគ្រឿងទេសដំបូងគេត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិនជាផ្លូវការ

ភ្នំពេញ៖ ម្រេចកម្ពុជា ដែលជាគ្រឿងទេសដំបូងគេ ត្រូវបានអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារមហាអំណាចប្រទេសចិនជាផ្លូវការ។មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការសាទរដោយចាត់ទុកថាជាជោគជ័យថ្មីមួយសម្រាប់ផលិតផលកសិផលខ្មែរដែលនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ទន្ទឹមនេះដែរ ក៏មានក្រុមហ៊ុនឯកជនចំនួន​ប្រាំពីរ បានដាក់ពាក្យស្នើសុំនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារចិន។

យោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងនៅថ្ងៃទី​១២ ខែឧសភានេះថា កាលពីថ្ងៃទី១១ខែឧសភា រដ្ឋបាលគយនៃប្រទេសចិនបានបង្ហាញពីបញ្ជីឈ្មោះក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីនាំចេញគ្រឿងទេសកម្ពុជាទៅកាន់ប្រទេសចិន។ ស្ថានទូតបញ្ជាក់ថា​៖«នេះមានន័យថាម្រេចកម្ពុជាបានបំពេញគ្រប់នីតិវិធីក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចនាំចេញដោយផ្ទាល់ទៅទីផ្សារចិន។ ទីតាំងដាំម្រេចចំនួន២៨កន្លែង និងរោងចក្រវេចខ្ចប់ចំនួនប្រាំពីរកន្លែងត្រូវបានចុះបញ្ជីនិងទទួលបានការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញ»។

ប្រភពខាងលើបន្ថែមថា ដើម្បីពន្លឿនការអនុវត្តពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅប្រទេសចិន ដែលបានចុះហត្ថលេខារួមគ្នារវាងភាគីទាំងពីរចិននិងកម្ពុជាកាលពីខែវិច្ឆិកាឆ្នាំ២០២២ គឺរដ្ឋបាលគយ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជាកាលពីថ្ងៃទី១០-១១ខែមេសាថ្មីៗនេះ បានធ្វើការពិនិត្យទីតាំងដាំម្រេចនិងរោងចក្រវេចខ្ចប់ម្រេច ដែលធ្វើឡើងតាមរយៈវិដេអូ ខុនវឺរ៉េន(Video Conference)។

ដំណាំម្រេចគឺជាកសិផលដំបូងគេរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនក្នុងឆ្នាំ២០២៣នេះ ហើយក៏ជាដំណាំគ្រឿងទេសដំបូងគេដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារចិនផងដែរ។

ពាក់ព័ន្ធរឿងនេះ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានថ្លែងប្រាប់នៅថ្ងៃទី​១២​ខែឧសភានេះថា សម្រាប់ក្រសួងកសិកម្ម ការបើកទីផ្សារម្រេចខ្មែរទៅកាន់ប្រទេសចិន គឺជាជោគជ័យថ្មីមួយទៀត សម្រាប់វិស័យកសិកម្មនិយាយជារួម និងសម្រាប់ដំណាំម្រេចនិយាយដោយឡែក។ កញ្ញាបន្តថា៖«ការនាំចេញម្រេចទៅកាន់ទីផ្សារប្រទេសចិននេះ គឺវាមានលក្ខណៈទូលំទូលាយជាងការនាំចេញម្រេចទៅកាន់ទីផ្សារអឺរ៉ុប ដែលគេនិយមម្រេចកំពតសម្រាប់ស្តង់ដារនៅតំបន់នោះ។
ប៉ុន្តែសម្រាប់ការនាំចេញម្រេចខ្មែរយើងទៅកាន់ទីផ្សារប្រទេសចិននេះគឺជាស្តង់ដាររួម ឱ្យតែកម្ពុជាគោរពតាមគោលការណ៍ GAP និងភូតគាមអនាម័យ និងអនាម័យកំណត់ដោយប្រទេសចិន គឺយើងអាចនាំចេញបាន ហើយមិនសំដៅតែលើម្រេចកំពតនោះទេ ពោលសំដៅដល់សម្រេចដែលនាំនៅស្រុកខ្មែរនៅទូទាំងប្រទេស»។

កញ្ញាបន្ថែមថា ដោយសារតែគោលការណ៍នៃការនាំចេញមានលក្ខណៈខុសគ្នា ក្រសួងកសិកម្មសង្ឃឹមថាបរិមាណនៃការនាំចេញម្រេចខ្មែរយើងទៅកាន់ទីផ្សារប្រទេសចិន ក៏អាចមានបរិមាណច្រើនដូចគ្នាដែរ។ កញ្ញាថា៖«ជាធម្មតាសម្រាប់អ្នកផលិតគឺយើងចង់ឱ្យមានការនាំចេញក្នុងបរិមាណច្រើន ហើយមានតម្លៃបន្ថែមខ្ពស់ ហើយក្រសួងកសិកម្មនឹងបន្តធ្វើការងារទៀត ទាំងជាមួយក្រុមហ៊ុនជាអ្នកនាំចេញ និងកសិករផ្ទាល់ធ្វើម៉េចឱ្យគាត់គោរពទៅតាមគោលការណ៍ដាំដុះ GAP ដែលយើងបានកំណត់ ហើយនិងតាមគោលការណ៍ភូតគាមអនាម័យ និងអនាម័យរបស់ប្រទេសចិន»។

អ្នកពាក្យក្រសួងកសិកម្មដដែល បញ្ជាក់ជូនថា សម្រាប់ឆ្នាំ ២០២៣នេះ ម្រេចគឺជាកសិផលខ្មែរមួយថ្មីទៀតដែលត្រូវបានបើកទីផ្សារទៅកាន់ប្រទេសចិន ហើយក៏ជាដំណាំប្រភេទគ្រឿងទេសទីមួយរបស់ខ្មែរដែលនាំទៅចេញទៅកាន់ទីផ្សារប្រទេសចិន។

បើតាមកញ្ញា អ៊ឹម រចនា កាលពីចុងឆ្នាំ ២០២២ កម្ពុជានាំចេញផ្លែមានស្រស់ទៅកាន់ទីផ្សារប្រទេសចិនដែលបានទទួលការគាំទ្រ យ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋដោយសារតែផ្លែមានខ្មែរគោរពតាមស្តង់ដារភូតគាមអនាម័យ និងអនាម័យរបស់ប្រទេសចិនបានត្រឹមត្រូវ។  មួយវិញទៀតដោយសាររស់ជាតិ និងគុណភាពផងនោះ ប្រជាជនចិនគាត់និយមទទួលទានផ្លែមៀនច្រើន ហើយមិនត្រឹមតែមានការដាក់លក់នៅលើទីផ្សារធម្មតាប៉ុណ្ណោះទេ គឺថែមទាំងយកទៅដាក់នៅតាមអនឡាញថែមទៀតផង ដែលនេះជាជោគជ័យមួយសម្រាប់កសិផលដំណាំមានស្រស់របស់ខ្មែរ ។ ក្រៅពីនេះដំណាំចេកស្រស់ ស្វាយស្រស់របស់ខ្មែរនៅតែបន្តទទួលបានការគាំទ្រពីប្រជាជនចិននៅលើទីផ្សារផងដែរ។

កញ្ញាបានឱ្យដឹងទៀតថា ខណៈម្រេចកម្ពុជាត្រូវបានបើកទីផ្សារទៅកាន់ប្រទេសចិនដោយផ្ទាល់នោះ គឺមានក្រុមហ៊ុនឯកជនចំនួន​៧ បានដាក់ពាក្យសុំច្បាប់នាំចេញម្រេចខ្មែរទៅកាន់ទីផ្សារមហាអំណាចមួយនេះ។ ប៉ុន្តែមិនទាន់បាននាំចេញទៅប្រទេសចិនជាលើកដំបូងនោះទេ ហើយកញ្ញានឹងជម្រាបជូនព័ត៌មានបន្ថែមទៀតនៅពេលក្រោយ។

យោងតាមរបាយការណ៍របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ​២០២៣ ការនាំចេញ​ម្រេច​សម្រេចបាន ៨២២,៦៥​ តោន ក្នុងនោះ​នាំចេញ​ទៅ​ប្រទេស​វៀតណាម​ ចំនួន ៧៦៥ ​តោន​,​អាមេរិក ២៦,១៤​តោន​,​កូរ៉េ ១៦,២​ តោន​, បារាំង ៩,៥៤​ តោន​,​បែលហ្ស៊ិក ២,៣៦​ តោន​, ជប៉ុន ១,៣៨​តោន​,​ឥណ្ឌា ០,៩៦​ តោន​,​អាល្លឺម៉ង់ ០,៩០​ តោន​, សិង្ហ​បុរី ០,១០ ​តោន​, កោះ​តៃវ៉ាន់ ០,០៤ ​តោន​, អូស្ត្រាលី ០,០៣ ​តោន​ និង​ប្រទេស​ម៉ាឡេស៊ី ០,០០២ ​តោន​៕

ដោយ៖ សុខ រក្សា

ads banner