ព្រះសង្ឃផ្តួចផ្តើមសាងសង់ផ្លូវបេតុងឡើងទៅអាស្រមភ្នំជី
កំពង់ធំ៖ ព្រះភិក្ខុ អ៊ំ សុង ចៅអធិការអាស្រមភ្នំជីជាមួយអាជ្ញាធរក្នុង មូលដ្ឋាន ព្រះសង្ឃ គណៈកម្មការនិងពុទ្ធបរិស័ទ ជិតឆ្ងាយបានផ្តួច ផ្ដើមកសាងផ្លូវបេតុងពីជើងភ្នំឡើងទៅដល់អាស្រមភ្នំជី ដើម្បីងាយ ស្រួលដល់ពុទ្ធបរិស័ទក្នុងធ្វើ ដំណើរប្រកបដោយសុវត្ថិភាព។បច្ចុប្បន្នការស្ថាបនាផ្លូវបេតុងនេះសម្រេចបានប្រមាណ៧០ភាគរយហើយ តែនៅខ្វះថវិកាដើម្បីសាងសង់បន្ត។
ព្រះចៅអធិការអាស្រមភ្នំជីបានឱ្យដឹងពីប្រវត្តិអាស្រមភ្នំជីត្រួសៗថា អាស្រមភ្នំជីនៅស្ថិតភូមិក្រាំងឃុំសុចិត្រ ស្រុកសណ្តាន់ខេត្តកំពង់ធំ។មុនឆ្នាំ២០១៦ពុំមានព្រះសង្ឃគង់នៅទេព្រោះនៅទីនេះពុំអំណោយផង។ទាំងការស្នាក់នៅ ទាំងម្ហូបអាហារសម្រាប់ឆាន់មានការលំបាក ដោយ សារផ្លូវឡើងមកលើភ្នំមានសភាពចោទខ្លាំង។ចាប់តាំងពីឆ្នាំ២០១៦រហូតដល់ឆ្នាំ២០២០ព្រះអង្គបានរៃអង្គាសពីសប្បុរសជនពុទ្ធបរិស័ទជិតឆ្ងាយដើម្បីយកបច្ច័យមកកសាងអាស្រមភ្នំជីនេះ ឱ្យក្លាយទៅជាទីសក្ការៈបូជា សម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយ។
ការកសាងបានចាប់ផ្តើមបន្តិចម្ដងៗ។ពោលពីឆ្នាំ២០២០មកដល់ ឆ្នាំ២០២៣ មានការប្រែប្រួលមុខមាត់យ៉ាងខ្លាំងដោយ កសាង បានសាឡុំ កុដិ និងសាលាឆាន់ព្រមទាំងសមិទ្ធផលមួយចំនួនទៀត។
ព្រះចៅអធិការបានបន្តថា ដោយឃើញពីការលំបាក ក្នុងការធ្វើដំណើរ លោកជំទាវ ប្រាក់ គឹមហេងនិងកូនចៅក៏បាន កសាងកាំជណ្ដើរធ្វើអំពី ថ្មពី ជើងភ្នំរហូតដល់អាស្រមដើម្បីឱ្យព្រះសង្ឃនិងពុទ្ធបរិស័ទ ងាយ ស្រួល ឡើងចុះប្រកបដោយសុវត្ថិភាព។
ទន្ទឹមនេះដែរព្រះចៅអធិការអាស្រមភ្នំជី បានអំពាវនាវដល់សប្បុរស ជន និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់មេត្តាជួយចាប់ ជាកុសលតាម សទ្ធាជ្រះថ្លាជាថវិកាឬសម្ភារៈយកមកកសាងសមិទ្ធផលមួយចំនួនបន្តទៀតពិសេសគឺកសាងផ្លូវបេតុងមួយខ្សែបន្តទៀតសម្រាប់ឡើងដល់អាស្រម ព្រោះពេលនេះក៏ជិតដល់រដូវបុណ្យភ្ជុំបិណ្ឌផងដែរ។ទីនេះក៏នឹងក្លាយទៅ ជាកន្លែងទេសចរណ៍ធម្មជាតិសម្រាប់ភ្ញៀវ ជាតិនិងអន្តរជាតិទៀតផងដោយទេសភាពដ៏ស្រស់ត្រកាល។
គួរបញ្ជាក់ថាផ្លូវបេតុងដែលកំពុងសាងសង់នេះមានទទឹងប្រាំមួយម៉ែត្របណ្តោយ៤០០ម៉ែត្រ។បច្ចុប្បន្នកសាងបាន៧០ភាគរយហើយ ប៉ុន្តែនៅខ្វះថវិកាសាងសង់បន្តទៀត។អាស្រមភ្នំជី មានព្រះសង្ឃគង់ នៅចំនួនបីអង្គ។ ប្រសិនជាសប្បុរសជននិងពុទ្ធបរិស័ទមានសទ្ធា ជ្រះថ្លាចូលរួមកសាងអាចទំនាក់ទំនងលេខទូរសព្ទ 071 539 7775 ៕
ដោយ៖ ប៊ុន រដ្ឋា