រដ្ឋាភិបាលជប៉ុនផ្តល់សម្ភារៈសង្គ្រោះសុខាភិបាលដល់កម្ពុជា (Video Inside)
រាជរដ្ឋាភិបាល នៃប្រទេសជប៉ុន បានផ្ដល់រថយន្តសង្គ្រាះបន្ទាន់ចំនួន១០គ្រឿង និងបរិក្ខារសង្គ្រោះមួយចំនួនជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ពិធីប្រគល់នាព្រឹកថ្ងៃទី១២ ឧសភា បានធ្វើឡើងក្រោមអធិបតីភាពរដ្ឋលេខាធិការប្រចាំការ ក្រសួងសុខាភិបាលលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី នៅឃ្លាំងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ក្នុងរាជធានីភ្នំពេញ។
លោកស្រី យក់ សម្បត្តិ បានថ្លែងថា ជំនួយឥតសំណងរួមមានរថយន្តសង្គ្រាះបន្ទាន់១០គ្រឿង, សម្ភារៈសម្រាប់ឆ្មបចំនួន ១៤០កញ្ចប់, ឧបករណ៍បូមពេលសម្រាលចំនួន១០ និងខោបន្ថយស្ហកចំនួន៤០០ Schock Absorbing Pants គឺស្ថិតក្នុងគម្រោង «ការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩ តាម រយៈការលើកកម្ពស់សេវាសង្រ្គោះអាយុជីវិត និងប្រើប្រាស់ប្រព័ន្ធឌីជីថលនៅកម្ពុជា»។
លោកស្រីវេជ្ជបណ្ឌិតបន្ថែមថា ការទទួលបានរថយន្តសង្គ្រោះបន្ទាន់ និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រសង្គ្រោះនឹងជួយជាប្រយោជន៍ដល់សហគមន៍អាចប្រើប្រាស់សេវាសុខភាពសមស្រប ជាពិសេសស្ត្រី និងទារកទើបនឹងកើតនៅតាមខេត្តដាច់ស្រយ៉ា លភូមិភាគឦសាន នៃប្រទេសកម្ពុជា ដែលជាតំបន់ត្រូវការចាំបាច់នូវឧបករណ៍ ដើម្បីសង្គ្រោះជីវិតមាតា និងទារកទើបកើត នៅក្នុងករណីស្ថានភាពគ្រោះថ្នាក់ ដែលអាចកើតមានឡើង។