គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមប្រាប់ពលរដ្ឋនៅក្រៅប្រទេសប្តូរបណ្ណចូលទស្សនាពិធីបិទស៊ីហ្គេម (Video Inside)
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម បានជូនដំណឹងដល់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលបានចុះឈ្មោះ និងបានយកសំបុត្រសម្រាប់ពិធីបិទការប្រកួតកីឡាស៊ីហ្គេម សូមមកប្ដូរយកបណ្ណចូលទស្សនាថ្មី។
ពិធីបិទកីឡាស៊ីហ្គេម គ្រោងនឹងធ្វើនាល្ងាចថ្ងៃទី១៧ ខែឧសភា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានថ្លែងថា «បណ្ណចាស់ដែលធ្លាប់បានប្រើប្រាស់ក្នុងពេលបើកកីឡាស៊ីហ្គេមនោះ នឹងមិនត្រូវគេប្រើប្រាស់ទៀតឡើយ។ បណ្ណថ្មីនឹងត្រូវបោះពុម្ពសម្រាប់ការប្រើប្រាស់នៅថ្ងៃទី១៧ ឧសភា នោះ «ដើម្បីធានាបានសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់»។
នៅជាមួយគ្នានេះផងដែរគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម បានជូនដំណឹងដល់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសដែលបានចុះឈ្មោះ និងបានទទួលយកសំបុត្រនាពេលកន្លងមក សូមប្ដូរយកបណ្ណចូលទស្សនាថ្មី សម្រាប់ប្រើប្រាស់ក្នុងពិធីបិទផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។