ប្រមុខការទូតចិនគ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់អូស្រ្តាលី នាខែកក្កដាខាងមុខ

ស៊ីដនី៖ សារព័ត៌មាន South China Morning Post បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសចិន លោក ឈីន កាង ត្រូវបានគេរំពឹងថា នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី នាខែកក្កដាខាងមុខនេះ ខណៈដែលទំនាក់ទំនងការទូតរវាងដៃគូពាណិជ្ជកម្មទាំងពីរមានស្ថិរភាព។

លោកសាស្ត្រាចារ្យ James Laurenceson នាយកវិទ្យាស្ថានទំនាក់ទំនងអូស្ត្រាលី-ចិន នៅសាកលវិទ្យាល័យបច្ចេកវិទ្យាស៊ីដនី បាននិយាយថា គាត់បានដឹងអំពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន លោក ឈីន កាង នៅខែកក្កដាខាងមុខនេះ ប៉ុន្តែបានប្រាប់កាសែតរ៉យទ័រថា គាត់មិនអាចបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់បានទេ។

លោកសាស្រ្តាចារ្យបន្តថា លោក ឈីន កាង ទៅកាន់ប្រទេសអូស្ត្រាលី គឺជាព័ត៌មានដ៏ធំមួយ ដែលក្នុងនោះគាត់នឹងក្លាយជាមន្ត្រីចិនមានកេរ្តិ៍ឈ្មោះខ្ពស់បំផុត ដែលមកបំពេញទស្សនកិច្ចនៅអូស្រ្តាលី ចាប់តាំងពីទំនាក់ទំនងរវាងប្រទេសទាំងពីរជួបភាពតានតឹង។

ដោយឡែករដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោក ដន ហ្វារែល កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន ហើយបានជួបជាមួយសមភាគីចិននៅទីក្រុងប៉េកាំង ក្នុងថ្ងៃសុក្រសប្តាហ៍នេះ ស្របពេលដែលអូស្រ្តាលីកំពុងព្យាយាមជំរុញឱ្យចិនដករបាំងពាណិជ្ជកម្មទាំងអស់ លើការនាំចេញរបស់អូស្រ្តាលី ដោយចាប់ផ្តើមបន្ធូរបន្ថយចាប់ពីឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលី ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីមានទឹកប្រាក់២៨៧ពាន់លានដុល្លារអូស្ត្រាលីក្នុងឆ្នាំ២០២២ ដែលគ្របដណ្តប់ដោយការនាំចេញរ៉ែដែកពីអូស្រ្តាលីទៅចិន៕ ប្រភព៖ The Straits Times ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner