GDP របស់ម៉ាឡេស៊ីកើនឡើង៥.៦ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣
គូឡាឡាំពួ៖ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសម៉ាឡេស៊ី បានកើនឡើង៥.៦ភាគរយ ក្នុងត្រីមាសទីមួយ ឆ្នាំ២០២៣ ដែលជំរុញពីការកើនឡើងតម្រូវការក្នុងស្រុក។
របាយការណ៍ពីការកើនឡើងផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសម៉ាឡេស៊ី គឺកើនឡើងលើសពីការរំពឹងទុកនៃការស្ទង់មតិរបស់អ្នកសេដ្ឋកិច្ចកាសែតរ៉យទ័រ ដែលបានព្យាករណ៍ពីកំណើនជាមធ្យមត្រឹម៤.៨ភាគរយប៉ុណ្ណោះសម្រាប់ត្រីមាសដំបូងឆ្នាំនេះ។
សម្រាប់ត្រីមាសទីមួយនៃឆ្នាំនេះ ធនាគារ Negara បានរាយការណ៍ថា ការចំណាយលើការប្រើប្រាស់ឯកជនត្រូវបានគាំទ្រដោយភាពប្រសើរឡើងបន្ថែមទៀតនៅក្នុងទីផ្សារការងារ ជាមួយនឹងកំណើនការងារដ៏រឹងមាំ និងការបន្តពង្រីកប្រាក់ឈ្នួល។
សកម្មភាពវិនិយោគក្នុងប្រទេស ត្រូវបានគាំទ្រដោយការពង្រីកសមត្ថភាព និងការបន្តអនុវត្តគម្រោងជាច្រើនឆ្នាំ។ ទន្ទឹមនឹងនោះ ទេសចរណ៍ក្នុងស្រុកបានបន្តងើបឡើងវិញ ដោយបានលើកការនាំចេញសេវាកម្ម និងទូទាត់សងមួយផ្នែកដល់កំណើននៃការនាំចេញទំនិញយឺត។
ទេសាភិបាលធនាគារកណ្តាល Negara លោកស្រី Tan Sri Nor Shamsiah Mohd Yunus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ហានិភ័យធ្លាក់ចុះអាចកើតចេញពីការនាំចេញទាប ដោយសារកំណើនសេដ្ឋកិច្ចសកលដែលទន់ខ្សោយជាងការរំពឹងទុក និងលក្ខខណ្ឌទីផ្សារហិរញ្ញវត្ថុសកលដែលប្រែប្រួលខ្លាំង។
សម្រាប់ទស្សនវិស័យនៅឆ្នាំ២០២៣នេះ ធនាគារ Negara បានបញ្ជាក់ថា សេដ្ឋកិច្ចម៉ាឡេស៊ីត្រូវបានព្យាករណ៍ថានឹងកើនឡើងពី៤ភាគរយ ទៅ៥ភាគរយ ដែលជំរុញដោយតម្រូវការក្នុងស្រុកដ៏រឹងមាំ។ ការកែលម្អប្រព័ន្ធការងារ និងប្រាក់ចំណូល ក៏ដូចជាការបន្តអនុវត្តគម្រោងជាច្រើនឆ្នាំ នឹងជួយគាំទ្រដល់សកម្មភាពប្រើប្រាស់ និងការវិនិយោគ៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា