លោក បៃដិន អរគុណអេស្ប៉ាញដែលគាំទ្រដល់អ៊ុយក្រែន
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃទី១២ ខែឧសភា បានសម្តែងការដឹងគុណចំពោះនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ផេត្រូ សាន់ឆេស សម្រាប់ការគាំទ្ររបស់គាត់ដល់អ៊ុយក្រែន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី និងសម្រាប់ការពង្រឹងទំនាក់ទំនងយោធារវាងអេស្ប៉ាញ និងសហរដ្ឋអាមេរិក។
ក្នុងអំឡុងជំនួបនៅឯសេតវិមាន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ផេត្រូ សាន់ឆេស យ៉ាងដូច្នេះថា ខ្ញុំសូមអរគុណអ្នកចំពោះការគាំទ្រដ៏សំខាន់របស់អ្នកដល់អ៊ុយក្រែន នៅមុនកិច្ចពិភាក្សាទ្វេភាគី ដែលទាក់ទងនឹងពាណិជ្ជកម្ម និងអន្តោប្រវេសន៍។
ជាមួយគ្នានេះ លោក បៃដិន ក៏បានថ្លែងអំណរគុណដល់លោក សាន់ឆេស ផងដែរ ដែលអនុញ្ញាតឱ្យអាមេរិកពង្រឹងវត្តមានយោធានៅក្នុងប្រទេសអេស្ប៉ាញ ដោយកងទ័ពជើងទឹកអាមេរិកបានបង្កើនចំនួននាវាចម្បាំងរបស់ខ្លួន នៅឯមូលដ្ឋានកងទ័ពជើងទឹក Rota ពី ៤ ទៅ ៦គ្រឿង។
លោក បៃដិន បាននិយាយថា យើងទាំងពីរកំពុងប្រឈមមុខនឹងបញ្ហាចំណាកស្រុកនៅអឌ្ឍគោលខាងលិច ខណៈដែលរដ្ឋាភិបាលអាមេរិកបានអនុវត្តការផ្លាស់ប្តូរសំខាន់ៗចំពោះច្បាប់ សម្រាប់ជនចំណាកស្រុកដែលព្យាយាមចូលតាមព្រំដែនភាគខាងត្បូងជាមួយប្រទេសម៉ិកស៊ិក។
ជាការឆ្លើយតប មេដឹកនាំអេស្ប៉ាញបាននិយាយថា ការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះលទ្ធិប្រជាធិបតេយ្យ គឺជាគំរូសម្រាប់មនុស្សគ្រប់គ្នា ហើយថា សហរដ្ឋអាមេរិក និងអេស្ប៉ាញ គឺជា “សម្ព័ន្ធមិត្ត និងជាមិត្ត”។
លោក សាន់ឆេស បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានភាពស៊ីសង្វាក់គ្នាខ្លាំង នៅពេលនិយាយអំពីគោលដៅដោះស្រាយបញ្ហាជនចំណាកស្រុក និងការប្រែប្រួលអាកាសធាតុ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា