ការលក់រថយន្តរបស់វៀតណាម ធ្លាក់ចុះ ២៥ភាគរយ ក្នុងខែមេសា ឆ្នាំ២០២៣
ហាណូយ៖ ការលក់ និងផលិតកម្មឧស្សាហកម្មរថយន្តរបស់ប្រទេសវៀតណាម បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែមេសា ឆ្នាំ២០២៣នេះ បើធៀបនឹងខែមុន ដែលបង្ហាញពីតម្រូវការរថយន្តនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះធ្លាក់ចុះខ្លាំង។
ទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម (VAMA) បានបង្ហាញថា ការលក់រថយន្តសរុបនៅក្នុងខែមេសាឆ្នាំនេះ បានធ្លាក់ចុះ២៥ភាគរយ បើធៀបនឹងខែមីនា បានត្រឹមតែ២២,៤០៩គ្រឿង។
សមាគមនេះបន្តថា ការលក់របស់ក្រុមហ៊ុនផលិតរថយន្ត ដែលជាសមាជិក VAMA បានធ្លាក់ចុះ៣៩ភាគរយ មានចំនួន៥០,០១៧គ្រឿង ក្នុងអំឡុងខែមករា ដល់ខែមេសា បើធៀបនឹងឆ្នាំមុន ខណៈដែលការលក់រថយន្តនាំចូលបានធ្លាក់ចុះ១៦ភាគរយ បានត្រឹម៤២,៧៨៤គ្រឿង។
ការលក់សរុបសម្រាប់រថយន្តដឹកអ្នកដំណើរក្នុងរយៈពេល៤ខែដំបូងឆ្នាំនេះបានធ្លាក់ចុះ៣០ភាគរយ បានត្រឹម៩២,៨០១គ្រឿង ដែលក្នុងនោះការលក់រថយន្តពាណិជ្ជកម្មបានធ្លាក់ចុះ៩ភាគរយ, ការលក់រថយន្តទេសចរណ៍បានធ្លាក់ចុះ៣៥ភាគរយ និងការលក់រថយន្តពិសេសបានធ្លាក់ចុះ៥៨ភាគរយ។
អ្នកជំនាញបាននិយាយថា ការធ្លាក់ចុះការលក់បានបង្ហាញពីសញ្ញាធ្លាក់ចុះនៃតម្រូវការ។ ក្រុមហ៊ុន Truong Hai Auto Corp របស់វៀតណាម ដែលប្រមូលផ្តុំដោយរថយន្តប្រភេទស៊ីដាន, រថយន្តដឹកទំនិញ និងរថយន្តក្រុង បាននាំមុខការលក់ក្នុងរយៈពេល៤ខែចុងក្រោយនេះ បន្ទាប់មកក្រុមហ៊ុន Toyota Motor Corp ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា