រដ្ឋមន្រ្តីពាណិជ្ជកម្មអូស្រ្តាលីសាទរសន្ទុះវិជ្ជមានក្នុងកិច្ចចរចាទីក្រុងប៉េកាំង

ប៉េកាំង៖ រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោក Don Farrell បានសាទរ “សន្ទុះវិជ្ជមាន” បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងប៉េកាំង នៅថ្ងៃទី១២ ខែឧសភា ដោយឈរលើមូលដ្ឋានដែលមានបំណងចង់បញ្ចប់ការដាក់ទណ្ឌកម្ម និងការរឹតបន្តឹងដ៏តឹងរ៉ឹងជាច្រើនឆ្នាំមកនេះ។

អំឡុងការបំពេញទស្សនកិច្ចនៅប្រទេសចិន រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្រ្តាលី លោក Don Farrell បានពិភាក្សាយ៉ាងទូលំទូលាយជាមួយសមភាគីចិនលោក Wang Wentao ក្នុងជំនួបទល់មុខគ្នាជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៩មក។ លោក Farrell បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាយ៉ាងដូច្នេះថា ខ្ញុំរីករាយណាស់ ក្នុងការបញ្ជាក់ថា យើងបានយល់ព្រមបង្កើនកិច្ចសន្ទនាក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់យើង និងវេទិកាផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាលេចធ្លោរបស់ពួកយើង។

លោកថា លោក Wang បានទទួលយកការអញ្ជើញរបស់គាត់ឱ្យទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី ដូច្នេះភាគីទាំងពីរអាចបន្តកសាងកម្លាំងវិជ្ជមាន នៃទំនាក់ទំនងពាណិជ្ជកម្ម និងការពិភាក្សារបស់ពួកយើងនៅថ្ងៃនេះ។

សូមរម្លឹកថា ចិនបានខឹងសម្បារជាខ្លាំងចំពោះច្បាប់របស់អូស្ត្រាលី ដែលប្រឆាំងនឹងប្រតិបត្តិការដ៏មានឥទ្ធិពលពីបរទេស ដោយរារាំងក្រុមហ៊ុន Huawei ពីកិច្ចសន្យាប្រព័ន្ធ 5G និងការអំពាវនាវឱ្យចិនបើកការស៊ើបអង្កេតឯករាជ្យលើប្រភពដើមនៃជំងឺរាតត្បាត Covid-19។

យ៉ាងណាមិញ ទំនាក់ទំនងដ៏ត្រជាក់របស់ប្រទេសទាំងពីរហាក់ដូចជារលាយ ចាប់តាំងពីរដ្ឋាភិបាលកណ្តាលឆ្វេងនិយមរបស់អូស្ត្រាលី បានអនុម័តវិធីសាស្រ្តប្រឈមមុខតិចជាងមុនចំពោះប្រទេសចិន បន្ទាប់ពីការបោះឆ្នោតរបស់ខ្លួនកាលពីមួយឆ្នាំមុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner